៥
ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ 
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយខ្លុយ។ ទំនុករបស់ស្ដេចដាវីឌ។ 
១ ឱព្រះអម្ចាស់អើយ 
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! 
សូមទ្រង់ព្រះសណ្ដាប់សំរែកឈឺចាប់ 
របស់ទូលបង្គំផង។ 
២ ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ 
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសំរែក 
របស់ទូលបង្គំផង 
ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ 
៣ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក 
ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ 
ទូលបង្គំចូលមកគាល់ 
ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។ 
   
៤ ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យ 
នឹងអំពើទុច្ចរិតនោះទេ 
អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។ 
៥ ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន 
ចូលមកជិតព្រះអង្គទេ 
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស 
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ 
៦ ព្រះអង្គនឹងធ្វើអោយពួកកុហកវិនាសសាបសូន្យ។ 
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម 
និងអ្នកមានល្បិចកល។ 
៧ រីឯទូលបង្គំវិញ 
ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន 
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស 
យ៉ាងខ្លាំងចំពោះទូលបង្គំ 
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ 
ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ 
របស់ព្រះអង្គទាំងគោរពកោតខ្លាច។ 
៨ ឱព្រះអម្ចាស់អើយ 
មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ! 
សូមដឹកនាំទូលបង្គំអោយធ្វើតាមព្រះហឫទ័យ 
របស់ព្រះអង្គ 
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ 
៩ អ្នកទាំងនោះមានពាក្យសំដីមិនទៀងទេ 
គេគិតតែចង់បំផ្លិចបំផ្លាញ 
អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ 
តែមានបង្កប់ទៅដោយពិសពុល 
សំរាប់ប្រហារជីវិត។ 
១០ ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ! 
សូមអោយគេវិនាសអន្តរាយ 
ដោយសារគំរោងការរបស់ខ្លួន 
គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ 
ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ 
ដូច្នេះ សូមកាត់កាល់គេចោលទៅ។ 
១១ រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ 
គេនឹងមានអំណរ 
គេនឹងសប្បាយរីករាយរហូតតទៅ 
ហើយព្រះអង្គនឹងរក្សាការពារគេ 
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ 
នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។ 
១២  ព្រះអម្ចាស់អើយ 
ព្រះអង្គប្រទានពរ អោយមនុស្សសុចរិត 
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ 
ប្រៀបបាននឹងខែលការពារគេ។