៤
ព្រះជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់ 
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 
១ ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ 
អោយទូលបង្គំអើយ 
ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ 
សូមឆ្លើយតបមកទូលបង្គំផង! 
ពេលទូលបង្គំមានទុក្ខធុរៈ 
ព្រះអង្គបានធ្វើអោយទូលបង្គំធូរស្បើយ។ 
សូមអាណិតមេត្តាទូលបង្គំ 
សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។ 
   
២ មនុស្សម្នាទាំងឡាយអើយ 
តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ 
ដល់កាលណាទៀត? 
តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ 
ដោយឥតបានការ 
និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? 
- សំរាក 
 
   
៣ ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណីមនុស្សស្មោះត្រង់ 
ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់ 
ទ្រង់ព្រះសណ្ដាប់ខ្ញុំជានិច្ច។ 
៤ បើអ្នករាល់គ្នាច្រឡោតខឹង 
មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ 
តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ 
- សំរាក 
 
   
៥ ចូរថ្វាយយញ្ញបូជាដ៏សុចរិត 
ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។ 
៦ មនុស្សជាច្រើនពោលថា: 
តើនរណានាំសុភមង្គលមកអោយយើងខ្ញុំ? 
ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ 
ដោយព្រះហឫទ័យសប្បុរសផង! 
៧ ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ 
ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ 
និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។ 
៨ ពេលទូលបង្គំចូលដំណេក 
នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម 
ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ 
ដែលធ្វើអោយទូលបង្គំរស់នៅ 
ដោយសុខដុមរមនា។