៦
ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ តែសូមកុំដាក់ទោសទូលបង្គំឡើយ 
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ និងពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 
១ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គ 
ទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី 
សូមកុំដាក់ទោសទូលបង្គំឡើយ 
ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដី 
ក៏សូមកុំធ្វើទោសទូលបង្គំដែរ! 
២  ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង 
ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ 
ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំអោយជាផង 
ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។ 
៣ ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង 
ព្រះអម្ចាស់អើយ តើទុកអោយទូលបង្គំនៅដូច្នេះ 
ដល់កាលណាទៀត? 
៤  ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ 
ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ 
ដោយព្រះហឫទ័យសប្បុរស 
៥ ដ្បិតពេលស្លាប់ផុតទៅហើយ 
គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ 
ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ 
នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។ 
៦ ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ 
រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ 
ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។ 
៧ ទុក្ខកង្វល់បានធ្វើអោយទូលបង្គំស្លក់មុខ 
ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង 
ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។ 
   
៨ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ 
ចូរចៀសចេញអោយឆ្ងាយពីខ្ញុំទៅ 
ដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮសំឡេង 
យំសោករបស់ខ្ញុំហើយ។ 
៩  ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ 
ទទូចអង្វររបស់ខ្ញុំ 
ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។ 
១០ សូមអោយខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ 
ត្រូវអាម៉ាស់ និងញ័ររន្ធត់ 
ហើយអោយគេដកខ្លួនថយទៅវិញ 
ទាំងអៀនខ្មាសយ៉ាងខ្លាំង។