៣
អ្នកក្រុងយេរូសាឡិមមិនព្រមស្តាប់ព្រះអម្ចាស់
១ វេទនាដល់ទីក្រុងរឹងចចេស ហើយស្មោកគ្រោក គឺដល់ទីក្រុងដែលសង្កត់សង្កិនគេ
២ វាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មិនព្រមទទួលសេចក្តីប្រៀនប្រដៅ ហើយមិនទុកចិត្តទ្រង់សោះ ក៏ឥតចូលទៅជិតព្រះនៃខ្លួនឡើយ
៣ ពួកចៅហ្វាយនៅកណ្តាលវា សុទ្ធតែជាសិង្ហកំពុងគ្រហឹម ពួកចៅក្រមរបស់វាជាឆ្កែព្រៃដែលចេញមកនៅពេលល្ងាច ហើយមិនទុកអ្វីដល់ព្រឹកឡើយ
៤ ពួកហោរារបស់វា សុទ្ធតែមានចិត្តស្រាល ហើយកោងក្បត់ ឯពួកសង្ឃរបស់វា ក៏បានបង្អាប់ទីបរិសុទ្ធ គេបានក្បត់ចំពោះក្រឹត្យវិន័យ
៥ តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះរាល់តែព្រឹក ទ្រង់នាំយកសេចក្តីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ
៦ អញបានធ្វើឲ្យនគរផ្សេងៗវិនាសទៅ កំផែងរបស់គេត្រូវរលំចុះ អញបានធ្វើឲ្យផ្លូវគេខូចបង់ ដល់ម៉្លេះបានជាគ្មានអ្នកណាដើរតាមនោះទៀតឡើយ ទីក្រុងរបស់គេបានត្រូវបំផ្លាញ ដល់ម៉្លេះបានជាគ្មានមនុស្សសោះ គឺគ្មានអ្នកណាអាស្រ័យនៅទេ
៧ អញបានប្រាប់ថា ឲ្យគ្រាន់តែកោតខ្លាចដល់អញ ហើយទទួលសេចក្តីប្រៀនប្រដៅចុះ នោះទីលំនៅរបស់គេមិនត្រូវកាត់ចេញ តាមគ្រប់អស់ទាំងសេចក្តីដែលអញបានតម្រូវដល់គេនោះឡើយ តែគេបានក្រោកឡើងពីព្រលឹមស្រាង ដើម្បីបង្ខូចអស់ទាំងកិរិយារបស់ខ្លួនវិញ។
៨ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នារង់ចាំ ដរាបដល់ថ្ងៃដែលអញក្រោកឡើងសង្គ្រុបលើគេ ពីព្រោះអញបានគិតសំរេច នឹងប្រមូលអស់ទាំងសាសន៍ ដើម្បីនឹងភ្ជុំនគរទាំងប៉ុន្មាន ប្រយោជន៍នឹងចាក់សេចក្តីគ្នាន់ក្នាញ់របស់អញ គឺជាសេចក្តីក្រេវក្រោធដ៏សហ័សរបស់អញទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្តីប្រចណ្ឌរបស់អញ។
៩ នៅគ្រានោះ អញនឹងឲ្យជនជាតិទាំងឡាយ មានបបូរមាត់ស្អាត ដើម្បីឲ្យគេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ហើយព្រមចិត្តគ្នានឹងគោរពដល់ទ្រង់
១០ ពួកថ្វាយបង្គំអញ គឺកូនស្រីនៃពួកអញដែលត្រូវខ្ចាត់ខ្ចាយ គេនឹងនាំយកដង្វាយពីខាងនាយអស់ទាំងទន្លេស្រុកអេធីយ៉ូពី មកថ្វាយអញ
១១ នៅថ្ងៃនោះ ឯងមិនត្រូវខ្មាសដោយព្រោះអស់ទាំងកិរិយា ដែលឯងបានធ្វើ គឺជាការដែលឯងបានរំលងទាស់នឹងអញទៀតនោះឡើយ ដ្បិតនៅគ្រានោះ អញនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីកណ្តាលឯងទៅ នោះឯងនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់អញតទៅ
១២ តែអញនឹងទុកជនមួយពួកដែលវេទនា ហើយកំសត់ទុគ៌តនៅកណ្តាលឯង ឯពួកនោះ គេនឹងពឹងដល់ព្រះនាមនៃព្រះយេហូវ៉ា
១៣ ពួកសំណល់នៃអ៊ីស្រាអែល នឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្តាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
១៤ ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ
១៥ ព្រះយេហូវ៉ា ទ្រង់បានលើកទោសឯងចោល ទ្រង់បានបោះខ្មាំងសត្រូវរបស់ឯងចេញហើយ ឯស្តេចនៃសាសន៍អ៊ីស្រាអែល គឺព្រះយេហូវ៉ា ទ្រង់គង់នៅកណ្តាលឯង ឯងមិនត្រូវរងការអាក្រក់ទៀតឡើយ
១៦ នៅថ្ងៃនោះនឹងមានពាក្យពោលដល់ក្រុងយេរូសាឡិមថា កុំឲ្យខ្លាចឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃឯងអន់ថយឲ្យសោះ
១៧ ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង
១៨ អញនឹងប្រមូលអស់អ្នក ក្នុងពួកឯង ដែលស្តាយជំនុំមុតមាំ ជាពួកអ្នកដែលសេចក្តីដំនៀលនោះ បានសង្កត់សង្កិនលើ
១៩ មើល នៅគ្រានោះ អញនឹងធ្វើទោសដល់អស់ពួកអ្នកដែលធ្វើទុក្ខឯង អញនឹងជួយសង្គ្រោះណាដែលខ្វិន ហើយនឹងប្រមូលណាដែលត្រូវបណ្តេញឲ្យមកវិញ រួចអញនឹងតាំងគេដែលពីដើមមានសេចក្តីខ្មាសនៅពេញលើផែនដី ឲ្យឡើងជាទីសរសើរ និងជាកិត្តិសព្ទវិញ
២០ នៅគ្រានោះ អញនឹងនាំឯងរាល់គ្នាចូលមក ហើយនៅគ្រានោះ អញនឹងប្រមូលឯងឲ្យមូលគ្នា ដ្បិតអញនឹងលើកឯងរាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី គឺក្នុងកាលដែលអញនាំពួកឯងដែលជាប់ជាឈ្លើយមកវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។:៚