២
ចូរកែប្រែចិត្តគំនិត
១ ម្នាល នគរឥតខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា
២ មុនកំណត់ដែលត្រូវសំរេចតាមច្បាប់ គឺមុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អើមុនដែលថ្ងៃមកដល់ ក្នុងកាលដែលសេចក្តីខ្ញាល់របស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា
៣ អស់អ្នករាបសានៅផែនដីដែលរក្សាអស់ទាំងបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្តីសុចរិត ចូរស្វែងរកសេចក្តីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្តីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង។
ព្រះបន្ទូលប្រឆាំងនឹងជាតិសាសន៍នានា ដែលនៅជុំវិញស្រុកអ៊ីស្រាអែល
៤ ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ
៥ វេទនាដល់ពួកអ្នកដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ជាសាសន៍កេរេធីមនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នា ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ អញនឹងបំផ្លាញឯង មិនឲ្យមានអ្នកណាគង់នៅទៀតឡើយ
៦ នោះស្រុកតាមឆ្នេរសមុទ្រនឹងបានជាទីសំរាប់ឃ្វាលសត្វ មានទាំងទីលំនៅសំរាប់ពួកអ្នកគង្វាល និងក្រោលសំរាប់ហ្វូងចៀមដែរ។
៧ ស្រុកនោះនឹងបានសំរាប់សំណល់នៃពួកវង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះនៅក្នុងអាសកាឡូន ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃគេទ្រង់នឹងប្រោសគេ ហើយនាំពួកគេដែលជាប់ជាឈ្លើយមកវិញ។
៨ អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង
៩ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាទីមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ជាទីខូចបង់នៅជានិច្ច ឯសំណល់នៃរាស្ត្រអញ នឹងប្លន់គេ ហើយសំណល់នៃនគរអញ នឹងចាប់យកគេជាមរដក
១០ នេះជាសេចក្តីដែលនឹងកើតមានដល់គេ ដោយព្រោះសេចក្តីអំនួតរបស់គេ ពីព្រោះគេបានត្មះតិះដៀល ហើយដំកើងខ្លួន ទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
១១ ព្រះយេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះ នៅផែនដីរៀវសូន្យទៅ នោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញ គ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួន គឺអស់ទាំងកោះរបស់សាសន៍ផ្សេងៗផង។
១២ ឯឯងរាល់គ្នា ជាសាសន៍អេធីយ៉ូពី ក៏នឹងត្រូវស្លាប់ដោយដាវរបស់អញដែរ
១៣ ទ្រង់នឹងលូកព្រះហស្តទៅទាស់នឹងស្រុកខាងជើងដែរ គឺនឹងបំផ្លាញស្រុកអាសស៊ើរ ហើយធ្វើឲ្យក្រុងនីនីវេខូចបង់ ជាទីហួតហែង ដូចជាទីរហោស្ថាន
១៤ អស់ទាំងហ្វូងសត្វនឹងដេកនៅកណ្តាលនោះ ព្រមទាំងសត្វគ្រប់ពូជទាំងអស់ ទាំងស្មោញ និងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងវាយំត្រង់អស់ទាំងបង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ ដ្បិតឈើតាត្រៅដែលស្រោបជញ្ជាំងត្រូវគាស់បើកទាំងអស់
១៥ នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាទីសំរាប់ឲ្យអស់ទាំងសត្វដេកចុះយ៉ាងណាហ្ន៎ អស់អ្នកណាដែលដើរតាមទីនោះ នឹងធ្វើស៊ីសស៊ូសឲ្យ ហើយរាដៃ។