៨
របៀបតម្កល់ចង្កៀង
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
២ ឲ្យប្រាប់ដល់អើរ៉ុនថា កាលណាឯងអុជចង្កៀងទាំង៧ នោះត្រូវឲ្យភ្លឺទៅខាងមុខជើងចង្កៀង
៣ អើរ៉ុនក៏ធ្វើដូច្នោះ លោកអុជចង្កៀងទាំង៧ ឲ្យមានពន្លឺទៅខាងមុខជើងចង្កៀង ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
៤ ឯរបៀបធ្វើជើងចង្កៀងនោះគឺធ្វើពីមាស មានរចនាក្បាច់ ចាប់តាំងពីគល់រហូតដល់ផ្កាសុទ្ធតែជាវិចិត្រ ដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកម៉ូសេ លោកក៏ធ្វើជើងចង្កៀងយ៉ាងដូច្នោះ។
ពិធីតែងតាំងពួកលេវី
៥ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
៦ ចូរយកពួកលេវីពីពួកកូនចៅអ៊ីស្រាអែល ហើយញែកគេចេញជាស្អាត
៧ គឺត្រូវឲ្យសំអាតគេយ៉ាងដូច្នេះ ត្រូវប្រោះទឹកសំអាតបាបទៅលើគេ រួចឲ្យគេកោរសក់ និងរោមនៅខ្លួនចេញទាំងអស់ ត្រូវឲ្យបោកសំលៀកបំពាក់ ហើយសំអាតខ្លួនផង
៨ រួចត្រូវឲ្យគេយកគោឈ្មោលស្ទាវ១ ព្រមទាំងដង្វាយម្សៅ គឺជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង ហើយយកគោឈ្មោលស្ទាវ១ទៀត សំរាប់ជាដង្វាយលោះបាប
៩ រួចត្រូវនាំពួកលេវីមកនៅមុខត្រសាលជំនុំ ហើយប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មក
១០ នោះត្រូវនាំពួកលេវីមកនៅចំពោះព្រះយេហូវ៉ា ឲ្យពួកកូនចៅអ៊ីស្រាអែលដាក់ដៃលើគេ
១១ រួចត្រូវឲ្យអើរ៉ុនថ្វាយពួកលេវី ទុកជាដង្វាយរបស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានធ្វើការងារថ្វាយព្រះយេហូវ៉ា
១២ នោះត្រូវឲ្យពួកលេវីដាក់ដៃលើក្បាលគោទាំង២នោះ ហើយត្រូវឲ្យឯង ថ្វាយ១ជាដង្វាយលោះបាប និង១ទៀតជាដង្វាយដុតថ្វាយព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងពួកលេវី
១៣ រួចត្រូវឲ្យឯងនាំពួកលេវីទៅឈរនៅមុខអើរ៉ុន និងពួកកូនលោក ព្រមទាំងថ្វាយគេទុកជាដង្វាយដល់ព្រះយេហូវ៉ា
១៤ គឺយ៉ាងនោះហើយ ដែលត្រូវឲ្យឯងញែកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវបានជារបស់ផងអញ
១៥ ក្រោយនោះមក គេត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯងសំអាតគេ ហើយថ្វាយគេជាដង្វាយចុះ
១៦ ដ្បិតបានថ្វាយគេមកដាច់ជារបស់ផងអញ ពីពួកកូនចៅអ៊ីស្រាអែលហើយ អញក៏បានទទួលគេស្នងអស់ទាំងកូន ដែលកើតពីពោះម្តាយមុនគេបង្អស់ គឺស្នងអស់ទាំងកូនច្បងនៃពួកកូនចៅអ៊ីស្រាអែល
១៧ ដ្បិតអស់ទាំងកូនច្បងនៃពួកកូនចៅអ៊ីស្រាអែល ជារបស់ផងអញ ទោះទាំងមនុស្សទាំងសត្វផង គឺនៅថ្ងៃដែលបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកគេចេញ ទុកសំរាប់អញហើយ
១៨ តែអញបានយកពួកលេវី ស្នងអស់ទាំងកូនច្បង ក្នុងពួកកូនចៅអ៊ីស្រាអែលវិញ
១៩ ហើយបានយកពួកលេវី ពីពួកកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន និងពួកកូនលោក ដើម្បីនឹងទទួលក្រសួងរបស់ពួកកូនចៅអ៊ីស្រាអែលក្នុងត្រសាលជំនុំ ហើយឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលផង ដើម្បីកុំឲ្យគេកើតមានសេចក្តីវេទនាណា ក្នុងកាលដែលគេចូលទៅជិតទីបរិសុទ្ធនោះឡើយ។
២០ ឯម៉ូសេ និងអើរ៉ុន ហើយពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏ធ្វើដល់ពួកលេវី តាមដែលព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសំរេចតាមបង្គាប់នោះឯង
២១ ពួកលេវីគេសំអាតខ្លួន ព្រមទាំងបោកសំលៀកបំពាក់របស់គេផង រួចអើរ៉ុនក៏ថ្វាយគេជាដង្វាយនៅចំពោះព្រះយេហូវ៉ា ទាំងធ្វើឲ្យធួននឹងគេ ដើម្បីឲ្យគេបានស្អាត
២២ ក្រោយនោះមក ពួកលេវីក៏ចូលទៅធ្វើការងាររបស់ខ្លួនក្នុងត្រសាលជំនុំ នៅមុខអើរ៉ុន និងពួកកូនលោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសំរេចដល់គេយ៉ាងដូច្នោះ។
២៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
២៤ នេះជាក្រសួងរបស់ពួកលេវី គឺត្រូវឲ្យគេចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ចាប់តាំងពីអាយុ២៥ឆ្នាំឡើងទៅលើ
២៥ ដល់អាយុ៥០ឆ្នាំ នោះត្រូវឲ្យគេឈប់ពីក្រសួងរបស់គេចេញ មិនត្រូវធ្វើការងារនោះទៀតឡើយ
២៦ គេនឹងគ្រាន់តែជួយបងប្អូនគេ នៅក្នុងត្រសាលជំនុំ ដើម្បីរក្សាបញ្ញើប៉ុណ្ណោះ តែមិនធ្វើការងារទេ គឺយ៉ាងនោះហើយដែលឯងត្រូវតម្រូវការងារដល់ពួកលេវី។