៩
ព្រះអម្ចាស់យាងមកជួបស្តេចសាឡូម៉ូនសាជាថ្មី
១ គ្រាក្រោយ ដែលសាឡូម៉ូនបានស្អាងព្រះវិហារ នៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះទ័យចង់ធ្វើ
២ នោះព្រះយេហូវ៉ាក៏លេចមក ឲ្យទ្រង់ឃើញម្តងទៀត ដូចជាបានលេចមកឲ្យឃើញ នៅត្រង់គីបៀនដែរ
៣ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អញបានឮសេចក្តី ដែលឯងបានអធិស្ឋានហើយទូលអង្វរនៅចំពោះអញនោះ អញក៏បានញែកព្រះវិហារនេះ ដែលឯងបានស្អាងចេញជាបរិសុទ្ធ ទុកសំរាប់នឹងតាំងឈ្មោះអញ នៅអស់កល្បជានិច្ច ហើយភ្នែក និងចិត្តអញនឹងស្ថិតនៅទីនោះ ជាដរាបតទៅ
៤ ឯឯង បើសិនជាឯងនឹងដើរនៅចំពោះអញ ដូចជាដាវីឌជាឪពុកឯង ដោយចិត្តស្មោះ ហើយទៀងត្រង់ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីដែលអញបានបង្គាប់ដល់ឯង ព្រមទាំងកាន់តាមបញ្ញត្ត និងសេចក្តីយុត្តិធម៌របស់អញទាំងប៉ុន្មាន
៥ នោះអញនឹងតាំងរាជ្យឯងលើសាសន៍អ៊ីស្រាអែលឲ្យនៅជាប់ជារៀងរាបតទៅ តាមដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ
៦ តែបើកាលណាឯងបែរចេញលែងប្រព្រឹត្តតាមអញ ទោះទាំងឯង ឬកូនចៅឯងផង ហើយមិនកាន់តាមបញ្ញត្ត និងក្រឹត្យរបស់អញទាំងប៉ុន្មាន ដែលអញបានដាក់នៅមុខឯងទេ គឺនឹងទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
៧ នោះអញនឹងកាត់សាសន៍អ៊ីស្រាអែលចេញពីស្រុក ដែលអញបានឲ្យដល់គេ ហើយព្រះវិហារនេះ ដែលអញបានញែកចេញជាបរិសុទ្ធ សំរាប់ឈ្មោះអញ នោះអញនឹងបោះបង់ចោលពីមុខអញចេញវិញ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាសេចក្តីប្រៀបផ្ទឹម ហើយជាទីដំនៀល នៅក្នុងពួកសាសន៍ទាំងអស់
៨ ឯព្រះវិហារនេះ ទោះបើខ្ពស់ដល់ម៉្លេះ គង់តែអស់អ្នកណាដែលដើរទៅមក គេនឹងមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនឹងចំអកឡកឡឺយឲ្យ ដោយពាក្យថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ
៩ នោះគេនឹងឆ្លើយឡើងថា គឺពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃគេ ដែលទ្រង់បាននាំពួកឰយុកោគេ ចេញពីស្រុកអេស៊ីព្ទមក ហើយគេបានទៅភ្ជាប់ខ្លួននឹងព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាម គឺហេតុនោះ បានជាព្រះយេហូវ៉ាទ្រង់បាននាំគ្រប់ទាំងសេចក្តីអាក្រក់នេះមកលើគេ។
ស្នាដៃផ្សេងទៀតរបស់ស្តេចសាឡូម៉ូន
១០ លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងទាំង២រួចជាស្រេចហើយ
១១ (រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានផ្គត់ផ្គង់ឈើតាត្រៅ និងឈើកកោះ ហើយមាស ថ្វាយសាឡូម៉ូន តាមព្រះហឫទ័យទ្រង់គ្រប់ចំពូក) នោះស្តេចទ្រង់ក៏ប្រទានទីក្រុង២០ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម
១២ រួចហ៊ីរ៉ាមចេញពីក្រុងទីរ៉ុស ទៅមើលទីក្រុងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទាននោះ តែទ្រង់មិនសព្វព្រះទ័យនឹងក្រុងទាំងនោះទេ
១៣ ក៏មានព្រះបន្ទូលថា ប្អូនអើយ តើទីក្រុងយ៉ាងណាដែលបានឲ្យមកខ្ញុំនេះ រួចទ្រង់ហៅទីក្រុងទាំងនោះថា ស្រុកកាបួល ដរាបដល់សព្វថ្ងៃនេះ
១៤ ឯហ៊ីរ៉ាមទ្រង់ក៏ផ្ញើមាស១២០ហាបមកថ្វាយដល់សាឡូម៉ូន។
១៥ ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ហើយក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ
១៦ ដ្បិតពីមុន ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ទ្រង់បានឡើងមកចាប់យកក្រុងកេស៊ើរនោះ ព្រមទាំងដុតនឹងភ្លើង ហើយសំឡាប់ពួកសាសន៍កាណាន ដែលនៅក្រុងនោះដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាសាឡូម៉ូន ទុកជាចំណងដៃ
១៧ ដូច្នេះ សាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើង និងក្រុងបេត-ហូរ៉ុននៅខាងក្រោម
១៨ ព្រមទាំងក្រុងប្អាឡាត ហើយក្រុងថាត់ម៉ោរ ដែលនៅទីរហោស្ថាន ក្នុងស្រុកនោះ
១៩ នឹងអស់ទាំងទីក្រុងសំរាប់ជាឃ្លាំងរបស់សាឡូម៉ូន និងទីក្រុងសំរាប់ទុករទេះចំបាំង ហើយសំរាប់ពួកពលសេះទ្រង់ ក៏ធ្វើរបស់ទាំងអស់ ដែលសាឡូម៉ូនសព្វព្រះទ័យចង់ធ្វើ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន ហើយក្នុងគ្រប់ទាំងស្រុកដែលនៅក្រោមអំណាចទ្រង់ផង
២០ ចំណែកពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលនៅសល់ ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែល
២១ គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាពួកអ្នកបំរើ ដរាបដល់សព្វថ្ងៃនេះ
២២ តែឯពួកកូនចៅអ៊ីស្រាអែលវិញ នោះសាឡូម៉ូនមិនបានយកគេធ្វើជាបាវបំរើទេ គឺគេជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចំបាំង នឹងពួកទ័ពសេះទ្រង់វិញ
២៣ ឯពួកមេដែលត្រួតមើលការរបស់សាឡូម៉ូនទាំងប៉ុន្មាន មានចំនួន៥៥០នាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
២៤ ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។
២៥ មាន៣ដងក្នុង១ឆ្នាំ ដែលសាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត និងដង្វាយមេត្រី នៅលើអាសនា ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនា ដែលនៅចំពោះព្រះយេហូវ៉ាផង គឺយ៉ាងនោះដែលទ្រង់បានស្អាងព្រះវិហាររួចជាស្រេច។
២៦ ស្តេចសាឡូម៉ូនធ្វើនាវា១ក្រុមនៅត្រង់អេស៊ាន-គេប៊ើរ ជាទីនៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដំម
២៧ ឯហ៊ីរ៉ាម ទ្រង់ក៏ចាត់ពួកបាវបំរើទ្រង់ខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយនឹងពួកបំរើរបស់សាឡូម៉ូន
២៨ គេក៏ទៅស្រុកអូភារ យកមាសពីស្រុកនោះមក បាន៤២០ហាបនាំមកថ្វាយស្តេចសាឡូម៉ូន។