៨
ហិបនៃសេចក្តីសញ្ញាតម្កល់ក្នុងព្រះដំណាក់
១ រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាប្រធានលើពូជអំបូរទាំងប៉ុន្មាន ហើយពួកអ្នកដែលកំពូលជាលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក
២ ដូច្នេះ ពួកបណ្តាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯស្តេចសាឡូម៉ូន នៅវេលាបុណ្យក្នុងខែអស្សុជ គឺជាខែទី៧
៣ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មក ហើយពួកសង្ឃក៏លើកហិបសែងទៅ
៤ គេនាំយកហិបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ និងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ និងពួកលេវីដែលសែងឡើងមក
៥ រួចស្តេចសាឡូម៉ូន នឹងពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយនឹងទ្រង់ នៅត្រង់មុខហិប កំពុងតែបូជាថ្វាយចៀម នឹងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ
៦ រួចពួកសង្ឃក៏សែងយកហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបំរុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ
៧ ដ្បិតចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងដែលតម្កល់ទុកហិបនោះ ចេរូប៊ីនក៏គ្របនៅពីលើហិប និងឈើស្នែង របស់ហិបផង
៨ គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ
៩ ឯនៅក្នុងហិប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
១០ លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
១១ ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។
១២ គ្រានោះ សាឡូម៉ូនទ្រង់ពោលថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ទ្រង់នឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់
១៣ ដូច្នេះ ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច
សេចក្តីថ្លែងការរបស់ស្តេចសាឡូម៉ូន
១៤ រួចស្តេចទ្រង់បែរព្រះភក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងឈរនៅ
១៥ ទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតានៃយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចព្រះបន្ទូលនោះ ដោយសារព្រះហស្តទ្រង់ថា
១៦ ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ
១៧ រីឯបំណងព្រះទ័យនៃដាវីឌជាបិតាយើង នោះទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ
១៨ តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងមានចិត្តចង់ស្អាងវិហារសំរាប់ឈ្មោះអញ នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
១៩ ប៉ុន្តែមិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសំរាប់ឈ្មោះអញវិញ
២០ ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសំរេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
២១ ក៏បានតាំងកន្លែងនៅទីនេះ ទុកសំរាប់ហិប ដែលមានសេចក្តីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្តីដែលទ្រង់បានតាំងនឹងពួកឰយុកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទ។
ពាក្យអធិស្ឋានរបស់ស្តេចសាឡូម៉ូន
២២ រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនានៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា
២៣ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅផ្ទៃមេឃខាងលើ ឬនៅផែនដីខាងក្រោមក្តី ទ្រង់កាន់តាមសេចក្តីសញ្ញា និងសេចក្តីសប្បុរសដល់ពួកបាវបំរើទ្រង់ ដែលខំដើរនៅចំពោះទ្រង់អស់ពីចិត្ត
២៤ ទ្រង់បានកាន់តាមសេចក្តីសន្យា ដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ អ្នកបំរើទ្រង់ ជាបិតាទូលបង្គំ គឺទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋ ហើយបានសំរេចតាម ដោយសារព្រះហស្តទ្រង់ ដូចជាមានសព្វថ្ងៃនេះ
២៥ ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្តីនេះទៀត ជាសេចក្តីដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបំរើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យ របស់សាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងបានប្រុងប្រយ័ត្ននឹងដើរតាមផ្លូវ នៅមុខអញ ដូចជាឯងបានដើរនោះដែរ
២៦ ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលនៃទ្រង់ ដែលទ្រង់បានមានព្រះបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបំរើទ្រង់ចុះ
២៧ យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
២៨ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបំរើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសំរែក និងសេចក្តីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ
២៩ ប្រយោជន៍ឲ្យព្រះនេត្រទ្រង់ បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែង ដែលទ្រង់បានមានព្រះបន្ទូលហើយថា ព្រះនាមទ្រង់នឹងនៅទីនេះ ដើម្បីនឹងស្តាប់សេចក្តីអធិស្ឋាន ដែលទូលបង្គំ ជាបាវបំរើទ្រង់នឹងទូលដំរង់មកឯទីនេះ
៣០ ហើយកាលណាទូលបង្គំ ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ នឹងអធិស្ឋានដំរង់មកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្តីទូលអង្វរ របស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ លុះកាលណាទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
៣១ បើសិនជាអ្នកណាធ្វើបាន ចំពោះអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ ក្នុងព្រះវិហារនេះ
៣២ នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការងារដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្តីសុចរិតរបស់ខ្លួនគេទៅ។
៣៣ បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកឯទ្រង់វិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយអធិស្ឋានទូលអង្វរដល់ទ្រង់ក្នុងព្រះវិហារនេះ
៣៤ នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់គេពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកឰយុកោគេវិញ។
៣៥ បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
៣៦ នោះសូមទ្រង់ប្រោសពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកបាវបំរើទ្រង់ គឺពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ ទុកជាមរដកផង។
៣៧ បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយ ស្កកស្រូវ ក្រាចាប់ កណ្តូបឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្តីវេទនាណា ឬជំងឺណាក៏ដោយ
៣៨ នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្តីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
៣៩ នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសំរេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែ១ ដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
៤០ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់នៅគ្រប់១ជីវិត ដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកឰយុកោយើងខ្ញុំទាំងឡាយ។
៤១ មួយទៀត ត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមទ្រង់
៤២ (ដ្បិតគេនឹងឮនិយាយ ពីព្រះនាមដ៏ជាធំឧត្តមរបស់ទ្រង់ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសំរេចដែរ) ហើយគេមកអធិស្ឋានដំរង់ចំពោះព្រះវិហារនេះ
៤៣ នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយសំរេចសព្វគ្រប់ តាមសេចក្តីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់។
៤៤ បើកាលណារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះយេហូវ៉ា ទាំងបែរមកឯទីក្រុងនេះ ដែលទ្រង់បានរើស និងព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
៤៥ នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្តីយុត្តិធម៌ឲ្យគេផង។
៤៦ បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្តីក្រោធនឹងគេ ព្រមទាំងប្រគល់គេ ដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី
៤៧ នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំទៅជាឈ្លើយនោះ ហើយបែរត្រឡប់ចិត្តមកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់ នៅក្នុងស្រុករបស់ពួកសាសន៍ដែលដឹកនាំគេ ទៅជាឈ្លើយនោះដោយពាក្យថា យើងខ្ញុំបានធ្វើបាបហើយ ក៏បានប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ផង
៤៨ បើសិនជាគេវិលត្រឡប់មកឯទ្រង់ដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលទ្រង់បានប្រទានឲ្យពួកឰយុកោគេ គឺជាទីក្រុង ដែលទ្រង់បានរើសតាំង និងព្រះវិហារ ដែលទូលបង្គំបានស្អាងថ្វាយព្រះនាមទ្រង់
៤៩ នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅទ្រង់ ចំពោះពាក្យដែលគេអធិស្ឋានហើយទូលអង្វរនោះ ព្រមទាំងសំរេចសេចក្តីត្រឹមត្រូវឲ្យគេផង
៥០ សូមអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់ដូច្នេះ ហើយអស់ទាំងការរំលងច្បាប់ ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ដែរ សូមបណ្តាលឲ្យពួកអ្នកដែលនាំគេទៅជាឈ្លើយនោះ បានអាណិតមេត្តាដល់គេវិញ
៥១ (ដ្បិតគេជារាស្ត្ររបស់ផងទ្រង់ និងជាមរដករបស់ទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្តាលគុករំលាយដែកនោះ)
៥២ ដើម្បីឲ្យព្រះនេត្រទ្រង់បានបើក សំរាប់ទតក្នុងវេលាណា ដែលទូលបង្គំ ជាបាវបំរើទ្រង់ និងសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ ទូលអង្វរ ហើយនឹងស្តាប់តាមសេចក្តី ដែលគេទូលសូមដល់ទ្រង់
៥៣ ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានញែកគេចេញពីអស់ទាំងសាសន៍នៅផែនដី ទុកសំរាប់ជាមរកដរបស់ទ្រង់ហើយ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារលោកម៉ូសេ ជាបាវបំរើនៃទ្រង់ ពីកាលទ្រង់បាននាំពួកឰយុកោយើងខ្ញុំ ចេញពីស្រុកអេស៊ីព្ទមក។
៥៤ កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្តីទាំងនោះរួចហើយ នោះទ្រង់ក៏ក្រោក ពីមុខអាសនានៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តដំរង់ទៅឯមេឃនោះឡើង
៥៥ ទ្រង់ក៏ឈរឡើង ប្រទានពរ ដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដោយព្រះសៀងដ៏ខ្លាំងថា
៥៦ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់បានប្រទានសេចក្តីសំរាក ដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ តាមគ្រប់ទាំងសេចក្តី ដែលទ្រង់បានសន្យាឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្តីល្អ ដែលទ្រង់បានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់នោះឡើយ
៥៧ សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា បានគង់ជាមួយនឹងយើង ដូចជាទ្រង់បានគង់ជាមួយនឹងពួកឰយុកោយើងដែរ សូមកុំឲ្យទ្រង់លះបង់ឬទុកយើងរាល់គ្នាចោលឡើយ
៥៨ ដើម្បីឲ្យទ្រង់បានបង្វែរចិត្តយើងទៅឯទ្រង់ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ នឹងក្រឹត្យក្រម ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោយើងរាល់គ្នា
៥៩ សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យទ្រង់បានសំរេចតាមសេចក្តីត្រឹមត្រូវចំពោះយើង ជាបាវបំរើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង តាមត្រូវការរាល់តែថ្ងៃ
៦០ ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដី បានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ
៦១ ដូច្នេះ សូមឲ្យចិត្តឯងរាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្ត ហើយកាន់តាមក្រឹត្យទ្រង់ទាំងប៉ុន្មានដូចជាមានសព្វថ្លៃនេះ។
ស្តេចសាឡូម៉ូនថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់
៦២ រួចមក ស្តេច និងពួកអ៊ីស្រាអែលទាំងអស់ ក៏ថ្វាយយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា
៦៣ ឯយញ្ញបូជា ដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយមេត្រី នោះគឺគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ា
៦៤ នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងដង្វាយដុត និងដង្វាយម្សៅ ហើយខ្លាញ់នៃដង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេ
៦៥ នៅវេលានោះ សាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា អស់៧ថ្ងៃ រួចរាប់៧ថ្ងៃទៀត រួមទាំងអស់ជា១៤ថ្ងៃ
៦៦ ដល់ថ្ងៃទី៨ នោះទ្រង់ឲ្យពួករាស្ត្រត្រឡប់ទៅវិញ គេក៏ថ្វាយពរដល់ស្តេច រួចវិលទៅឯទីលំនៅរបស់គេវិញ ដោយមានចិត្តសប្បាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្តីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ជាអ្នកបំរើទ្រង់ ហើយដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ដែរ។