៧
ពិធីតមអាហារ
១ នៅឆ្នាំទីបួននៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាការី នៅថ្ងៃទីបួនក្នុងខែទីប្រាំបួន ត្រូវនឹងខែមិគសិរ។
២ ពេលនោះ ប្រជាជននៅក្រុងបេត-អែលបានចាត់លោកសារេស៊ើរ និងលោករេគេម-មែឡេក ព្រមទាំងមនុស្សមួយក្រុម អោយទៅទូលសូមការប្រណីសន្ដោសពីព្រះអម្ចាស់
៣ ហើយសួរពួកបូជាចារ្យដែលបំរើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល និងសួរពួកព្យាការីថា៖ «តើយើងខ្ញុំត្រូវតែកាន់ទុក្ខ និងតមអាហារនៅខែទីប្រាំ ដូចយើងខ្ញុំធ្លាប់ធ្វើតាំងពីយូរយារណាស់មកហើយឬ?»។
៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
៥ «ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកបូជាចារ្យថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខនៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ?
៦ ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។
៧ ពីដើមកាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកព្យាការីជំនាន់ដើម ក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងព្រះនាមព្រះអម្ចាស់ដែរ»។
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាការីដូចតទៅ៖
៩ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរវិនិច្ឆ័យ ដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។
១០ មិនត្រូវសង្កត់សង្កិនស្ត្រីមេម៉ាយ ក្មេងកំព្រា ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា និងជនទុគ៌ត ហើយកុំមានចិត្តប្រព្រឹត្តអំពើអាក្រក់ ចំពោះគ្នាទៅវិញទៅមកឡើយ!»។
១១ «ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។
១២ ពួកគេតាំងចិត្តរឹងដូចដុំថ្ម ពួកគេមិនព្រមស្ដាប់តាមក្រឹត្យវិន័យ និងព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ថ្លែងតាមរយៈព្យាការីនៅជំនាន់មុនដោយព្រះវិញ្ញាណរបស់ព្រះអង្គឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងពួកគេ។
១៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។
១៤ យើងបានធ្វើអោយពួកគេខ្ចាត់ព្រាត់ រសាត់ទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងប៉ុន្មានដែលពួកគេពុំធ្លាប់ស្គាល់។ ក្រោយពួកគេចេញផុតទៅ ទឹកដីរបស់ពួកគេក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់គ្មាននរណារស់នៅ។ ស្រុកដ៏សម្បូណ៌សប្បាយបានក្លាយទៅជាទីស្មសាន”»។