២២
១ ទេវតា*​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម។ ២ នៅ​ចំ​កណ្ដាល​លាន​ក្រុងនិង​នៅ​មាត់​ច្រាំង​ទាំង​សង​ខាង​របស់​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ផ្លែ​ដប់ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ផ្លែ​រៀង​រាល់​ខែ។ រីឯ​ស្លឹក​ឈើ​នោះ ជា​ថ្នាំ​សំរាប់​ព្យាបាល​ប្រជាជាតិ​នានា​អោយ​បាន​ជា ៣ ក្នុង​ក្រុង​នោះ អ្វីៗ​ទាំង​អស់​នឹង​លែង​ត្រូវ​បណ្ដាសា​ទៀត​ហើយ។ បល្ល័ង្ក​របស់​ព្រះជាម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម​ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ​នាំ​គ្នា​គោរព​ថ្វាយបង្គំ​ព្រះអង្គ​ ៤ គេ​នឹង​ឃើញ​ព្រះភក្ត្រ​ព្រះអង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះនាម​ព្រះអង្គ​ដែរ។ ៥ នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះអាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះជាអម្ចាស់​ទ្រង់​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
សេចក្ដី​ដាស់​តឿន​ផ្សេងៗ
៦ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​អោយ​ជឿ។ ព្រះជាអម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​ដល់​ពួក​ព្យាការី* ទ្រង់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ អោយ​មក​ប្រាប់​ពួក​អ្នក​បំរើ​ព្រះអង្គ​ដឹង​អំពី​ហេតុការណ៍ ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។
៧ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថាៈ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។
៨ ខ្ញុំ យ៉ូហាន ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ហេតុការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ដូច្នេះ​ហើយ ខ្ញុំ​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា ដែល​បាន​បង្ហាញ​អោយ​ខ្ញុំ​ឃើញ​នោះ បម្រុង​នឹង​ថ្វាយបង្គំ​លោក ៩ ក៏​ប៉ុន្តែ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយបង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការងារ​ជា​មួយ​ពួក​ព្យាការី ដែល​ជា​បង​ប្អូន​របស់​លោក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​ដែរ។ ត្រូវ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ!»។ ១០ ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់​ សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​អោយ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។ ១១ អ្នក​ណា​ទុច្ចរិត អោយ​អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ត​ទៅ​មុខ​ទៀត​ទៅ! អ្នក​ណា​សៅហ្មង អោយ​អ្នក​នោះ​បន្ត​ភាព​សៅហ្មង​ត​ទៅ​មុខ​ទៀត​ទៅ! រីឯ​អ្នក​សុចរិត​វិញ ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត​ថែម​ទៀត​ចុះ! រីឯ​អ្នក​វិសុទ្ធ​ហើយ ត្រូវ​រក្សា​ខ្លួន​អោយ​កាន់​តែ​វិសុទ្ធ​ថែម​ទៀត​ចុះ!។ ១២ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ទាំង​យក​រង្វាន់​មក​ចែក​អោយ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ១៣ យើង​ជា​អាល់ផា និង​ជា​អូមេកា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។ ១៤ អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។ ១៥ រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាសចាក​សីលធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​កុហក និង​អនុវត្ត​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ! ១៦ យើង​យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង អោយ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ក្រុមជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជពង្ស​របស់​ព្រះបាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។
១៧ ព្រះវិញ្ញាណ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។
សូម​អោយ​អស់​អ្នក​ដែល បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។
អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!
១៨ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ថា បើ​នរណា​ម្នាក់​បន្ថែម​អ្វី​មួយ​ពី​លើ ព្រះជាម្ចាស់​នឹង​យក​គ្រោះ​កាច ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ មក​ដាក់​លើ​អ្នក​នោះ​ថែម​ទៀត​ផង ១៩ ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ដក​ហូត​សេចក្ដី​ណា​មួយ​ពី​ព្រះបន្ទូល ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ ព្រះជាម្ចាស់​ក៏​នឹង​ដក​ហូត​ចំណែក​ផ្លែ​របស់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ពី​អ្នក​នោះ​ដែរ ហើយ​មិន​អោយ​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​ឡើយ។
២០ ព្រះអង្គ​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ែន! ព្រះអម្ចាស់យេស៊ូ​អើយ សូម​យាង​មក!​។
២១ សូម​អោយ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូ!។ ៚