១៤៩
កិត្តិយសដ៏រុងរឿងរបស់ប្រជាជនដែលស្មោះត្រង់នឹងព្រះអង្គ 
១ ហាលេលូយ៉ា! 
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! 
ចូរច្រៀងសរសើរព្រះអង្គ 
នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ! 
២ ចូរអោយជនជាតិអ៊ីស្រាអែល 
រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក 
សូមអោយប្រជាជនក្រុងស៊ីយ៉ូន 
មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន! 
៣ ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ 
ចូរនាំគ្នាស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ 
ដោយវាយក្រាប់ និងដេញពិណ! 
៤ ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ 
នឹងប្រជារាស្ត្ររបស់ព្រះអង្គ 
ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប 
ដោយសង្គ្រោះពួកគេ 
៥ ចូរអោយអស់អ្នកដែលជឿលើព្រះអង្គ 
នាំគ្នាអរសប្បាយដ៏លើសលប់ 
ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ 
សូម្បីតែនៅពេលយប់ 
ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ! 
៦ សូមអោយគេសរសើរតម្កើងព្រះអង្គ 
មិនដាច់ពីមាត់ 
ហើយអោយគេកាន់ដាវមុខពីរ 
នៅជាប់នឹងដៃជានិច្ច 
៧ ដើម្បីសងសឹកប្រជាជាតិនានា 
និងដាក់ទោសជាតិសាសន៍ទាំងឡាយ 
៨ ហើយយកច្រវាក់ចងស្ដេច 
និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។ 
៩ ការដាក់ទោសសាសន៍ទាំងនោះ 
ស្របតាមការសំរេចរបស់ព្រះជាម្ចាស់នេះហើយ 
ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក 
ស្មោះត្រង់នឹងព្រះអង្គ! 
ហាលេលូយ៉ា!