១៣៨
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
ទំនុករបស់ស្ដេចដាវីឌ។
១ ទូលបង្គំសូមលើកតម្កើង
ព្រះអង្គយ៉ាងអស់ពីចិត្ត
ទូលបង្គំស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ
នៅចំពោះមុខពពួកទេវតា។
២ ទូលបង្គំក្រាបនៅក្នុងព្រះវិហារដ៏វិសុទ្ធ
របស់ព្រះអង្គ
ហើយទូលបង្គំលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យ
មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ
ហើយព្រះអង្គសំរេចតាមព្រះបន្ទូលសន្យា
លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។
៣ នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ
ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ
ព្រះអង្គប្រទានអោយទូលបង្គំ
មានកម្លាំងចិត្តក្លៀវក្លា។
៤ ឱព្រះអម្ចាស់អើយ សូមអោយស្ដេចទាំងប៉ុន្មាន
នៅលើផែនដីនាំគ្នាលើកតម្កើងព្រះអង្គ
នៅពេលគេឮព្រះបន្ទូលសន្យារបស់ព្រះអង្គ។
៥ សូមអោយគេនាំគ្នាច្រៀងអំពីកិច្ចការ
ដែលព្រះអង្គបានធ្វើ:
ព្រះអម្ចាស់ប្រកបទៅដោយសិរីរុងរឿង
ឧត្ដុង្គឧត្ដមបំផុត!
៦ ទោះបីព្រះអម្ចាស់ខ្ពង់ខ្ពស់បំផុតក្ដី
ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច
រីឯមនុស្សព្រហើនវិញ
ព្រះអង្គស្គាល់គេពីចម្ងាយ។
៧ នៅពេលទូលបង្គំជួបប្រទះនឹងភាពអាសន្ន
ព្រះអង្គរក្សាការពារជីវិតទូលបង្គំ
ព្រះអង្គវាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ
ហើយសង្គ្រោះទូលបង្គំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ។
៨ ព្រះអម្ចាស់អើយ
ព្រះអង្គធ្វើកិច្ចការគ្រប់យ៉ាងចំពោះទូលបង្គំ
តាមព្រះបន្ទូលសន្យា
ព្រះអង្គប្រកបដោយព្រះហឫទ័យ
មេត្តាករុណាជានិច្ច។
សូមកុំបោះបង់ចោលអស់អ្នកដែលព្រះអង្គ
បានបង្កើតមកនោះឡើយ!