១២៥
សូមសំដែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស 
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ 
១ អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ 
អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន 
ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។ 
២ ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា 
ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ 
តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច 
យ៉ាងនោះដែរ 
៣ ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង 
លើទឹកដីរបស់មនុស្សសុចរិតបានទេ 
ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ 
ប្រព្រឹត្តអំពើទុច្ចរិតឡើយ។ 
   
៤  ព្រះអម្ចាស់អើយ សូមសំដែងព្រះហឫទ័យសប្បុរស 
ចំពោះអស់អ្នកដែលមានចិត្តសប្បុរស 
និងទៀងត្រង់។ 
៥ រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ 
សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោសជាមួយ 
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ 
សូមអោយអ៊ីស្រាអែលបានប្រកប 
ដោយសេចក្ដីសុខសាន្ត!។