២២
ព្រះបាទអហាប់ និងព្រះបាទយ៉ូសាផាត លើកទ័ពចេញទៅច្បាំងជាមួយស្រុកស៊ីរី
(២របាក្សត្រ ១៨:១-១១)
១ ក្នុងអំឡុងពេលបីឆ្នាំ គ្មានសង្គ្រាមកើតឡើង រវាងស្រុកស៊ីរី និងស្រុកអ៊ីស្រាអែលទេ។
២ នៅឆ្នាំទីបី ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា បានយាងទៅសួរសុខទុក្ខស្ដេចស្រុកអ៊ីស្រាអែល។
៣ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកជ្រាបច្បាស់ហើយថា ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដជាក្រុងរបស់យើង។ ហេតុអ្វីបានជាយើងនៅរារែក មិនព្រមដណ្ដើមយកក្រុងនោះពីកណ្ដាប់ដៃរបស់ស្ដេចស្រុកស៊ីរីមកវិញ?»។
៤ ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចេញទៅច្បាំង យកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះបាទយ៉ូសាផាតមានរាជឱង្ការទៅកាន់ស្ដេចស្រុកអ៊ីស្រាអែលវិញថា៖ «ទូលបង្គំក៏ដូចព្រះករុណាដែរ ប្រជារាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ព្រះករុណា ហើយទ័ពសេះរបស់ទូលបង្គំក៏ដូចជាទ័ពសេះរបស់ព្រះករុណាដែរ!»។
៥ ព្រះបាទយ៉ូសាផាតទូលទៀតថា៖ «សូមព្រះករុណាទូលសួរព្រះអម្ចាស់សិន»។
៦ ស្ដេចអ៊ីស្រាអែលកោះហៅព្យាការីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេទូលថា៖ «សូមព្រះករុណាយាងទៅចុះ។ ព្រះអម្ចាស់នឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា»។
៧ ព្រះបាទយ៉ូសាផាតមានរាជឱង្ការសួរថា៖ «តើនៅទីនេះ គ្មានព្យាការីរបស់ព្រះអម្ចាស់ ដែលយើងអាចទូលសួរព្រះអង្គទេឬ?»។
៨ ស្ដេចស្រុកអ៊ីស្រាអែលទូលព្រះបាទយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូលសួរព្រះអម្ចាស់បាន តែទូលបង្គំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្ដីល្អអោយទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ព្រះបាទយ៉ូសាផាតទូលថា៖ «សូមព្រះករុណាកុំមានរាជឱង្ការបែបនេះ!»។
៩ ស្ដេចស្រុកអ៊ីស្រាអែលហៅមហាតលិកមក ហើយមានរាជឱង្ការថា៖ «ចូរទៅហៅលោកមីកាយ៉ា ជាកូនរបស់លោកយីមឡាមកជាប្រញាប់!»។
១០ ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាតជាស្ដេចស្រុកយូដា ស្លៀកពាក់យ៉ាងរុងរឿងគង់លើបល្ល័ង្ករៀងៗខ្លួន ត្រង់ព្រលានដែលនៅមុខទ្វារក្រុងសាម៉ារី។ ពួកព្យាការីកំពុងនាំគ្នាទាយថ្វាយព្រះរាជាទាំងពីរអង្គ។
១១ លោកសេដេគា ជាកូនរបស់លោកក្នាណាបានធ្វើស្នែងដែកហើយពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយស្នែងដែកទាំងនេះ អ្នកនឹងវាយកងទ័ពស៊ីរីអោយវិនាសសូន្យ!»។
១២ ព្យាការីទាំងអស់ក៏ទាយបែបនោះដែរ ពួកគេទូលស្ដេចថា៖ «សូមព្រះករុណាយាងទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដចុះ ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន។ ព្រះអម្ចាស់ប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយ»។
ព្យាការីមីកាយ៉ាប្រកាសប្រាប់ពីបរាជ័យ
(២របាក្សត្រ ១៨:១២-២៧)
១៣ មហាតលិកដែលស្ដេចចាត់អោយទៅតាមហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។
១៤ លោកមីកាយ៉ាឆ្លើយថា៖ «ខ្ញុំសូមជំរាបលោកក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំយ៉ាងណា ខ្ញុំនឹងប្រកាសយ៉ាងនោះ!»។
១៥ លោកចូលទៅគាល់ព្រះរាជា ហើយស្ដេចមានរាជឱង្ការមកកាន់លោកថា៖ «មីកាយ៉ាអើយ តើយើងទាំងពីរ ត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ លោកមីកាយ៉ាទូលថា៖ «សូមព្រះករុណាយាងទៅចុះ! ព្រះករុណាមុខជាទទួលជ័យជំនះមិនខាន! ព្រះអម្ចាស់ប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាហើយតើ!»។
១៦ ប៉ុន្តែ ស្ដេចមានរាជឱង្ការមកលោកវិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា អោយអ្នកនិយាយតែការពិតប្រាប់យើងក្នុងនាមព្រះអម្ចាស់?»។
១៧ លោកមីកាយ៉ាទូលថា៖
«ទូលបង្គំបានឃើញពលទាហានអ៊ីស្រាអែល
ទាំងមូលបាក់ទ័ព រត់ខ្ចាត់ខ្ចាយនៅលើភ្នំ
ពួកគេប្រៀបដូចជាហ្វូងចៀម
ដែលគ្មាននរណាឃ្វាល។
ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកទាំងនោះគ្មានមេដឹកនាំទេ
ចូរអោយពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន
ដោយសុខសាន្តចុះ!»។
១៨ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំបានទូលព្រះករុណាហើយថា គាត់មិនដែលទាយពីសេចក្ដីល្អអោយទូលបង្គំទេ គឺទាយតែពីសេចក្ដីអាក្រក់ប៉ុណ្ណោះ!»។
១៩ លោកមីកាយ៉ាទូលថា៖ «ពិតមែនហើយ! ដូច្នេះ សូមសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។ ទូលបង្គំបានឃើញព្រះអម្ចាស់គង់លើរាជបល្ល័ង្ក ហើយមានកងពលនៃស្ថានបរមសុខទាំងមូលឈរគាល់ព្រះអង្គ ទាំងឆ្វេង ទាំងស្ដាំផង។
២០ ព្រះអម្ចាស់មានព្រះបន្ទូលថា: “តើអ្នកណាចង់ល្បួងអហាប់ អោយទៅច្បាំងយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដើម្បីអោយអហាប់ដួលស្លាប់នៅទីនោះ?”។ អ្នកខ្លះពោលយ៉ាងនេះ អ្នកខ្លះពោលយ៉ាងនោះ។
២១ ពេលនោះ មានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ទូលថា“ទូលបង្គំចង់ទៅល្បួង!”។ ព្រះអម្ចាស់មានព្រះបន្ទូលសួរថា “តើអ្នកធ្វើដូចម្ដេច?”
២២ វិញ្ញាណនោះទូលថា “ទូលបង្គំនឹងបណ្ដាលចិត្តព្យាការីទាំងអស់របស់ស្ដេចអោយពោលតែពាក្យភូតកុហក”។ ព្រះអម្ចាស់មានព្រះបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសំរាប់ល្បួងគេ ដូច្នេះ ចូរទៅធ្វើចុះ!”។
២៣ ព្រះអម្ចាស់ដាក់វិញ្ញាណភូតកុហក នៅក្នុងមាត់ព្យាការីទាំងអស់របស់ព្រះករុណា ដ្បិតព្រះអម្ចាស់បានសំរេចព្រះហឫទ័យ អោយព្រះករុណារងទុក្ខវេទនាហើយ!»។
២៤ ពេលនោះ លោកសេដេគា ជាកូនរបស់លោកក្នាណាចូលមកជិត ហើយទះកំផ្លៀងលោកមីកាយ៉ា ទាំងពោលថា៖ «តើព្រះវិញ្ញាណរបស់ព្រះអម្ចាស់ចេញពីខ្លួនខ្ញុំ មកនិយាយជាមួយអ្នកតាមណា?»។
២៥ លោកមីកាយ៉ាឆ្លើយថា៖ «ថ្ងៃដែលអ្នករត់ទៅពួន នៅបន្ទប់ខាងក្នុងផ្ទះរបស់អ្នក នោះអ្នកគង់តែដឹងទេ!»។
២៦ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការថា៖ «ចូរចាប់លោកមីកាយ៉ា នាំយកទៅប្រគល់អោយលោកអាំម៉ូនជាចៅហ្វាយក្រុង និងសម្ដេចយ៉ូអាស ជាបុត្ររបស់យើងទៅ!
២៧ រួចប្រាប់គេថា “ព្រះករុណាបញ្ជាអោយយកមនុស្សនេះទៅដាក់គុក ហើយផ្ដល់នំបុ័ង និងទឹកតែបន្តិចបន្តួចប៉ុណ្ណោះ រហូតដល់ថ្ងៃព្រះករុណាវិលត្រឡប់មកពីច្បាំងវិញដោយសុខសាន្ត”»។
២៨ លោកមីកាយ៉ាទូលថា៖ «ប្រសិនបើព្រះករុណាពិតជាយាងត្រឡប់មកវិញដោយសុខសាន្តមែននោះ បានសេចក្ដីថាព្រះអម្ចាស់ពុំមានព្រះបន្ទូលតាមរយៈទូលបង្គំទេ»។ បន្ទាប់មក លោកពោលទៀតថា៖ «ប្រជាជនទាំងអស់គ្នា ចូរស្ដាប់ចុះ!»។
ព្រះបាទអហាប់សោយទិវង្គតក្នុងសមរភូមិ
(២របាក្សត្រ ១៨:២៨-៣៤)
២៩ ស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា នាំគ្នាយាងទៅវាយក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។
៣០ ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមទ្រង់ព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
៣១ ស្ដេចស្រុកស៊ីរីបញ្ជាដល់មេបញ្ជាការកងរទេះចំបាំងទាំងសាមសិបពីររូបថា៖ «មិនបាច់ប្រយុទ្ធនឹងពលទាហាន ឬនាយទាហានទេ ចូរប្រយុទ្ធតែនឹងស្ដេចស្រុកអ៊ីស្រាអែលប៉ុណ្ណោះ»។
៣២ កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញព្រះបាទយ៉ូសាផាតក៏ពោលថា “ប្រាកដជាស្ដេចអ៊ីស្រាអែលហើយ” ពួកគេសំរុកទៅវាយប្រហារស្ដេច។ ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង
៣៣ ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេឈប់ដេញតាម។
៣៤ ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្ដេចស្រុកអ៊ីស្រាអែល ត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយនាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
៣៥ នៅថ្ងៃនោះ ការប្រយុទ្ធមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើង គេពុំអាចនាំស្ដេចចេញពីសមរភូមិបានឡើយ។ ដូច្នេះ ស្ដេចស្ថិតនៅក្នុងរាជរថរហូត ហើយឈាមដែលហូរចេញពីមុខរបួស បានធ្លាក់ទៅដល់បាតរាជរថ លុះដល់ល្ងាចស្ដេចក៏សោយទិវង្គតទៅ។
៣៦ នៅពេលថ្ងៃលិច គេឮសំរែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។
៣៧ គេបាននាំសពព្រះរាជាមកកាន់ក្រុងសាម៉ារី ហើយបញ្ចុះនៅទីនោះ។
៣៨ កាលគេយករាជរថទៅលាងនៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមព្រះបាទអហាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។
៣៩ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអហាប់ និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
៤០ កាលព្រះបាទអហាប់សោយទិវង្គតទៅ ព្រះបាទអហាស៊ីយ៉ា ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទយ៉ូសាផាតសោយរាជ្យនៅស្រុកយូដា
(២របាក្សត្រ ២០:៣១-២១:១)
៤១ នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទអហាប់ ជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូសាផាត ជាបុត្ររបស់ព្រះបាទអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។
៤២ កាលព្រះបាទយ៉ូសាផាតឡើងគ្រងរាជ្យនោះ ទ្រង់មានជន្មាយុសាមសិបប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។
៤៣ ព្រះបាទយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះបាទអេសាជាបិតា ដោយមិនងាករេឡើយ ស្ដេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប៉ុន្តែ ទ្រង់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
៤៤ ព្រះបាទយ៉ូសាផាតបានចុះសន្ធិសញ្ញាសន្តិភាព ជាមួយស្ដេចស្រុកអ៊ីស្រាអែល។
៤៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូសាផាត គឺវីរភាពដ៏អង់អាច ក្នុងកិច្ចការដែលស្ដេចបានធ្វើ និងក្នុងសង្គ្រាម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
៤៦ ស្ដេចបានកំចាត់ប្រុសៗទាំងប៉ុន្មានដែលប្រព្រឹត្តអំពើពេស្យាចារ្យសក្ការៈ គឺពួកដែលនៅសេសសល់ពីជំនាន់ព្រះបាទអេសាជាបិតា។
៤៧ គ្រានោះនៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។
៤៨ ព្រះបាទយ៉ូសាផាតបានអោយគេសង់សំពៅធំៗ ដើម្បីទៅស្វែងរកមាសនៅស្រុកអូភារ ប៉ុន្តែ គំរោងការនេះ ពុំបានសំរេចទេ ព្រោះសំពៅទាំងនោះលិចនៅក្រុងអេស៊ាន-គេប៊ើរ។
៤៩ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ មានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «សូមអោយរាជបំរើរបស់ទូលបង្គំ ចុះសំពៅទៅជាមួយរាជបំរើរបស់ព្រះករុណាផង!»។ ប៉ុន្តែ ព្រះបាទយ៉ូសាផាតពុំយល់ព្រមឡើយ។
៥០ កាលព្រះបាទយ៉ូសាផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ ព្រះបាទយ៉ូរ៉ាម ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទអហាស៊ីយ៉ាសោយរាជ្យនៅស្រុកអ៊ីស្រាអែល
៥១ នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រាអែល។
៥២ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ស្ដេចដើរតាមផ្លូវរបស់បិតា និងមាតា ព្រមទាំងផ្លូវរបស់ព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាប។
៥៣ ព្រះបាទអហាស៊ីយ៉ាបានគោរពថ្វាយបង្គំព្រះបាល ដូចបិតាដែរ ជាហេតុបណ្ដាលអោយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលទ្រង់ព្រះពិរោធ។