៣៧
លោក​យេរេមា​ជាប់​ឃុំឃាំង
១ ព្រះចៅ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ព្រះបាទ​សេដេគា បុត្រ​របស់​ព្រះបាទ​យ៉ូសៀស​អោយ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ជំនួស​ស្ដេច​យេកូនា​ជា​បុត្រ​របស់​ព្រះបាទ​យេហូយ៉ាគីម។ ២ នៅ​គ្រា​នោះ ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​ប្រជាជន​នៅ​ក្នុង​ស្រុក គ្មាន​នរណា​ម្នាក់​ស្ដាប់​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​ថ្លែង​តាម​រយៈ​ព្យាការី​យេរេមា​ឡើយ។
៣ ព្រះបាទ​សេដេគា​ចាត់​លោក​យេហ៊ូកាល ជា​កូន​របស់​លោក​សេលេមា និង​លោក​បូជាចារ្យ​សេផានា ជា​កូន​របស់​លោក​ម៉ាសេយ៉ា អោយ​ទៅ​ជួប​ព្យាការី​យេរេមា​ហើយ​ប្រាប់​ថា៖ «ចូរ​ទូលអង្វរ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង សូម​ព្រះអង្គ​ប្រណី​សន្ដោស​យើង​ផង»។ ៤ គ្រា​នោះ​លោក​យេរេមា​មាន​សេរីភាព​រស់​នៅ​ជា​មួយ​ប្រជាជន​នៅ​ឡើយ គឺ​គេ​ពុំ​ទាន់​ឃុំឃាំង​លោក​ទេ។
៥ កងទ័ព​ខាល់ដេ​ដែល​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម​ឮ​ដំណឹង​ថា កងទ័ព​របស់​ព្រះចៅ​ផារ៉ោន​លើក​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​មក ពួក​គេ​ក៏​ដក​ថយ​ពី​ក្រុង​យេរូសាឡឹម។ ៦ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ៖ ៧ «ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ថា: ចូរ​ទៅ​ប្រាប់​ស្ដេច​ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​អោយ​មក​សួរ​យើង​ថា “កងទ័ព​ស្ដេច​ផារ៉ោន​ដែល​ចេញ​មក​ជួយ​អ្នក​រាល់​គ្នា​នោះ នឹង​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គេ​វិញ គឺ​ស្រុក​អេស៊ីប ៨ ហើយ​ជន​ជាតិ​ខាល់ដេ នឹង​វិល​មក​វាយ​លុក​ក្រុង​នេះ​សា​ជា​ថ្មី គេ​នឹង​ដណ្ដើម​យក​ក្រុង​នេះ ហើយ​ដុត​កំទេច​ចោល​ទៀត​ផង”។ ៩  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា “កុំ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង ដោយ​នឹក​ស្មាន​ថា ពួក​ខាល់ដេ​ដក​ទ័ព​ចេញ​ពី​អ្នក​រាល់​គ្នា​រហូត​នោះ​ឡើយ ដ្បិត​គេ​មិន​ចាក​ចេញ​ទៅ​ទេ។ ១០ ទោះ​បី​អ្នក​រាល់​គ្នា​ធ្វើ​អោយ​កងទ័ព​ខាល់ដេ​ទាំង​មូល​ដែល​មក​ច្បាំង​នឹង​អ្នក​រាល់​គ្នា ត្រូវ​បរាជ័យ​នៅ​សល់​តែ​អ្នក​របួស​ក្ដី ក៏​ពួក​គេ​អាច​ក្រោក​ឡើង​ចាក​ចេញ​ពី​ជំរំ​របស់​ខ្លួន មក​ដុត​កំទេច​ក្រុង​នេះ​បាន​ដែរ”»។
១១ កាល​កងទ័ព​ខាល់ដេ​ដក​ថយ​ពី​ក្រុង​យេរូសាឡឹម ដើម្បី​ចៀស​វាង​ការ​ប៉ះ​ទង្គិច​នឹង​កងទ័ព​របស់​ព្រះចៅ​ផារ៉ោន ១២ លោក​យេរេមា​មាន​បំណង​ចេញ​ពី​ក្រុង​យេរូសាឡឹម ធ្វើ​ដំណើរ​ទៅ​ស្រុក​បេនយ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​មត៌ក​ក្នុង​ចំណោម​បង​ប្អូន​របស់​លោក។ ១៣ ពេល​លោក​មក​ដល់​មាត់​ទ្វារ​ក្រុង ឈ្មោះ​ទ្វារ​បេនយ៉ាមីន មេ​បញ្ជា​ការ​កង​រក្សា​ក្រុង​ឈ្មោះ​យារីយ៉ា ជា​កូន​របស់​លោក​សេលេមា និង​ជា​ចៅ​របស់​លោក​ហាណានា​ស្ថិត​នៅ​ទី​នោះ។ គាត់​ចាប់​ព្យាការី​យេរេមា​ទាំង​ពោល​ថា៖ «អ្នក​ឯង​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ!»។ ១៤ លោក​យេរេមា​តប​ថា៖ «មិន​ពិត​ទេ! ខ្ញុំ​មិន​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ​ឡើយ»។ ប៉ុន្តែ លោក​យារីយ៉ា​មិន​ព្រម​ស្ដាប់​ពាក្យ​លោក​ទេ គាត់​ចាប់​លោក​យេរេមា​នាំ​ទៅ​ជួប​ពួក​មន្ត្រី។ ១៥ ពួក​មន្ត្រី​ខឹង​នឹង​លោក​យេរេមា​ជា​ខ្លាំង ពួក​គេ​វាយ​លោក ហើយ​ឃុំ​លោក​ក្នុង​ទី​ឃុំឃាំង​នៅ​ផ្ទះ​លោក​យ៉ូណាថាន​ជា​ស្មៀន​ហ្លួង ដ្បិត​គេ​បាន​ប្រើ​ផ្ទះ​នេះ​ជា​ទី​ឃុំឃាំង។ ១៦ នៅ​ទី​បញ្ចប់​គេ​ឃុំ​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង​ក្រោម​ដី ដែល​គេ​ប្រើ​ជា​គុក​ងងឹត ហើយ​លោក​ជាប់​នៅ​ទី​នោះ​យ៉ាង​យូរ។
១៧ ព្រះបាទ​សេដេគា​ចាត់​គេ​អោយ​ទៅ​ហៅ​លោក​មក ហើយ​សាក​សួរ​លោក​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​លោក​បាន​ទទួល​ព្រះបន្ទូល​ណា​មួយ​ពី​ព្រះអម្ចាស់​ឬ​ទេ?»។ លោក​យេរេមា​តប​ថា៖ «ក្រាប​ទូល! ព្រះករុណា​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន»។ ១៨ លោក​យេរេមា​ទូល​ព្រះបាទ​សេដេគា​ទៀត​ថា៖ «តើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះករុណា ឬ​ខុស​ចំពោះ​ពួក​នាម៉ឺន និង​ប្រជាជន​នេះ បាន​ជា​គេ​យក​ទូលបង្គំ​មក​ឃុំឃាំង​ដូច្នេះ? ១៩ តើ​ពួក​ព្យាការី​ដែល​បាន​ប្រកាស​ប្រាប់​ព្រះករុណា និង​ប្រជាជន​ថា “ស្ដេច​ស្រុក​បាប៊ីឡូន​នឹង​មិន​មក​ប្រហារ​អ្នក​រាល់​គ្នា ឬ​ឈ្លានពាន​ស្រុក​នេះ” ទៅ​ណា​បាត់​អស់​ហើយ? ២០ បពិត្រ​ព្រះករុណា​ជា​អម្ចាស់ សូម​ទ្រង់​មេត្តា​សណ្ដាប់​ពាក្យ​អង្វរ​ករ​របស់​ទូលបង្គំ​សិន សូម​កុំ​អោយ​ទូលបង្គំ​វិល​ទៅ​ផ្ទះ​លោក​ស្មៀន​យ៉ូណាថាន​ទៀត​ឡើយ បើ​មិន​ដូច្នោះ​ទេ ទូលបង្គំ​ពិត​ជា​ត្រូវ​ស្លាប់​មិន​ខាន!»។ ២១ ព្រះបាទ​សេដេគា​ក៏​បញ្ជា​អោយ​គេ​ឃុំ​លោក​យេរេមា​ទុក​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច ហើយ​អោយ​គេ​យក​នំបុ័ង​ពី​ហាង​នៅ​តាម​ផ្លូវ​មក​ជូន​លោក​ពិសា រហូត​ទាល់​តែ​ក្នុង​ក្រុង​ទាំង​មូល លែង​មាន​នៅ​សល់​នំបុ័ង​ទៀត។ ដូច្នេះ លោក​យេរេមា​ក៏​ស្នាក់​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច។