២៦
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកប៊ីលដាដ: លោកប៉ិនប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន! 
១ លោកយ៉ូបឆ្លើយវិញថា៖ 
២ «លោកប៉ិនប្រសប់ជួយ 
អ្នកដែលគ្មានកម្លាំងមែន! 
លោកប៉ិនប្រសប់ជួយស្រោចស្រង់ 
មនុស្សទន់ខ្សោយ! 
៣ លោកក៏ប៉ិនប្រសប់ជួយយោបល់ 
អ្នកដែលគ្មានប្រាជ្ញាដែរ! 
លោកពូកែណែនាំគេអោយចេះរិះគិតណាស់! 
៤ តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា? 
នរណាបណ្ដាលចិត្តលោកអោយថ្លែងដូច្នេះ? 
អំណាចរបស់ព្រះជាម្ចាស់ 
៥ អស់អ្នកដែលស្លាប់ទៅហើយ 
នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ 
និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។ 
៦ ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះព្រះភក្ត្ររបស់ព្រះអង្គឡើយ 
ព្រះអង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។ 
៧ ព្រះអង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស 
ព្រះអង្គព្យួរផែនដីនៅលើលំហ។ 
៨ ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក 
តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។ 
៩ ព្រះអង្គលាតត្រដាងពពក 
បាំងបល្ល័ង្ករបស់ព្រះអង្គ។ 
១០ ព្រះអង្គគូសរង្វង់មួយនៅលើផ្ទៃទឹក 
ត្រង់ព្រំប្រទល់រវាងពន្លឺ និងងងឹត។ 
១១ សសររបស់មេឃរញ្ជួយ និងភ័យតក់ស្លុត 
នៅពេលឮព្រះអង្គស្រែកគំរាម។ 
១២ ព្រះអង្គបង្ក្រាបសមុទ្រ 
ដោយសារព្រះចេស្ដារបស់ព្រះអង្គ។ 
ព្រះអង្គកំទេចសត្វដ៏សំបើមនៅក្នុងសមុទ្រ 
ដោយសារព្រះតម្រិះរបស់ព្រះអង្គ។ 
១៣ ព្រះអង្គធ្វើអោយផ្ទៃមេឃប្រែជាស្រឡះ 
ដោយសារខ្យល់ដង្ហើមរបស់ព្រះអង្គ 
ព្រះអង្គចាក់ទម្លុះពស់ដែលកំពុងតែគេចខ្លួន 
ដោយសារព្រះហស្ដរបស់ព្រះអង្គ។ 
១៤ នេះគ្រាន់តែជាស្នាព្រះហស្ដដ៏តូចរបស់ព្រះអង្គ 
ហើយយើងក៏បានឮតែបន្តិចបន្តួចប៉ុណ្ណោះ 
ចំណែកឯឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គវិញ 
តើនរណាអាចស្វែងយល់បាន?»។