៧
ពិធីតមអាហារ
១ លុះដល់ឆ្នាំទី៤ ក្នុងរាជ្យស្តេចដារីយុស នៅថ្ងៃ៤ខែទី៩ គឺជាខែមិគសិរ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សាការី
២ គ្រានោះ ពួកអ្នកនៅបេត-អែលបានចាត់សារេស៊ើរ និងរេគេម-មែលេក ព្រមទាំងពួករបស់គេមកទូលអង្វរចំពោះព្រះយេហូវ៉ា
៣ ហើយនឹងសួរដល់ពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងដល់ពួកហោរាថា តើត្រូវឲ្យយើងខ្ញុំយំនៅខែស្រាពណ៍ ទាំងញែកខ្លួនចេញ ដូចជាបានធ្វើមកជាយូរឆ្នាំហើយឬ
៤ នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា
៥ ចូរប្រាប់ដល់បណ្តាជននៅក្នុងស្រុក និងពួកសង្ឃថា កាលឯងរាល់គ្នាបានតមអត់ ហើយយំសោក នៅខែស្រាពណ៍ និងខែអស្សុជ ទាំង៧០ឆ្នាំមកហើយនេះ នោះតើបានតមអត់ដោយគោរពដល់អញឬ គឺដល់អញមែនឬអី
៦ ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី និងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ
៧ តើមិនមែនជាសេចក្តីនោះឯងទេឬ ដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ ដោយសារពួកហោរាជាន់មុន ក្នុងកាលដែលក្រុងយេរូសាឡិមមានមនុស្សអាស្រ័យនៅៗឡើយ ហើយមានសេចក្តីចំរើន ព្រមទាំងទីក្រុងនៅជុំវិញផង ហើយស្រុកត្បូង និងស្រុកទំនាបក៏មានមនុស្សអាស្រ័យនៅដែរ។
៨ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សាការីថា
៩ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានព្រះបន្ទូលដូច្នេះ ចូរសំរេចតាមសេចក្តីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្តីសប្បុរស និងសេចក្តីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ
១០ កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួនដែរ
១១ ប៉ុន្តែគេមិនព្រមស្តាប់តាមសោះ ក៏គេចស្មាចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮវិញ
១២ អើ គេបានតាំងចិត្តរឹងដូចជាថ្មដែកភ្លើង ក្រែងគេឮក្រឹត្យវិន័យ និងព្រះបន្ទូល ដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណទ្រង់មកប្រាប់ ដោយសារពួកហោរាពីដើម ដោយហេតុនោះបានជាមានសេចក្តីក្រោធជាខ្លាំង ចេញពីព្រះយេហូវ៉ានៃពួកពលបរិវារមក
១៣ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ដូច្នេះ ទ្រង់បានស្រែកទៅ តែគេមិនព្រមស្តាប់យ៉ាងណា គេក៏នឹងស្រែកដែរ តែអញមិនព្រមស្តាប់ដូចគ្នា
១៤ គឺអញនឹងកំចាត់កំចាយគេ ដោយខ្យល់កួច ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ដែលគេមិនបានស្គាល់ឡើយ ដូច្នេះ ស្រុកក៏បានស្ងាត់ច្រៀប នៅខាងក្រោយគេ ដល់ម៉្លេះបានជាឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទៀតទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏លំអទៅជាទីខូចបង់។