១៣
ព្រះបន្ទូលព្រមានព្យាការីក្លែងក្លាយមួយចំនួន
១ នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសំរាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជំរះអំពើបាប និងសេចក្តីសៅហ្មង
២ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ
៣ គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទំលុះកូន ក្នុងកាលដែលទាយនោះ
៤ នៅថ្ងៃនោះ ពួកហោរានឹងមានសេចក្តីខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយនោះ គេនឹងមិនគ្រលុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ
៥ គឺអ្នកនោះនឹងថា ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែវិញ ដ្បិតខ្ញុំបានជាប់ជាបាវគេតាំងពីក្មេងមក
៦ នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្រសំឡាញ់ខ្ញុំ។
ដាវប្រហារមេដឹកនាំ
៧ ព្រះយេហូវ៉ា នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ម្នាលដាវអើយ ចូរភ្ញាក់ឡើងទាស់ឡើងទាស់នឹងអ្នកគង្វាលរបស់អញ ហើយទាស់នឹងមនុស្សដែលជាគូកនអញចុះ ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ រួចអញនឹងប្រែដៃទៅលើកូនតូចៗវិញ
៨ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅសព្វគ្រប់ក្នុងស្រុកនោះ ២ភាគនឹងត្រូវកាត់ចេញហើយស្លាប់ទៅ តែភាគទី៣នឹងសល់នៅក្នុងស្រុកវិញ
៩ ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។