៤
គ្រូក្លែងក្លាយ
១ តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស
២ ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក
៣ ព្រមទាំងហាមប្រាមមិនឲ្យយកប្តីប្រពន្ធ ហើយឲ្យត្រូវតមអាហារ ដែលព្រះបានបង្កើតមក សំរាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្តីពិត ឲ្យបានទទួលដោយអរព្រះគុណ
៤ ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ
៥ ដ្បិតបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូល ហើយសេចក្តីអធិស្ឋាន។
អ្នកបំរើដ៏ល្អរបស់ព្រះអម្ចាស់
៦ បើអ្នកសំដែងសេចក្តីទាំងនេះ ដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងធ្វើជាជំនួយយ៉ាងល្អ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូលនៃសេចក្តីជំនឿ និងសេចក្តីបង្រៀនដ៏ល្អបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន
៧ កុំឲ្យព្រមស្តាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់ៗ ឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ
៨ ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្តីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្តីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង
៩ ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង
១០ ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្តីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម
១១ ចូរផ្តាំគេពីសេចក្តីទាំងនេះ ហើយបង្ហាត់បង្រៀនចុះ
១២ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងសេចក្តីបរិសុទ្ធ
១៣ ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន និងបង្រៀនគេ ដរាបដល់ខ្ញុំមក
១៤ កុំឲ្យធ្វេសនឹងអំណោយទាន ដែលសណ្ឋិតលើអ្នក ដែលបានប្រទានមកអ្នកដោយសេចក្តីទំនាយ ក្នុងកាលដែលពួកចាស់ទុំបានដាក់ដៃលើអ្នកឡើយ
១៥ ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្តីទាំងនេះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្តីជំនឿរបស់អ្នក
១៦ ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយនិងសេចក្តីបង្រៀន ចូរកាន់ខ្ជាប់តាមសេចក្តីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្តាប់អ្នកផង។