៧
ស្តេចដាវីឌមានបំណងសង់ព្រះវិហារ
១ រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្តីសំរាករួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
២ នោះទ្រង់មានព្រះបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហិបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ
៣ ណាថាន់ទូលឆ្លើយថា សូមព្រះករុណាទ្រង់ធ្វើតាមគ្រប់ទាំងសេចក្តីប្រាថ្នា ដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយនឹងទ្រង់ហើយ
៤ តែនៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកណាថាន់ថា
៥ ចូរទៅប្រាប់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់សួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យអញនៅឬ
៦ អញមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលអញបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ គឺអញបាននៅតែក្នុងត្រសាល ហើយក្នុងរោងឧបោសថវិញ
៧ នៅគ្រប់ទីកន្លែង ដែលអញបានដើរជាមួយនឹងពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើអញដែលនិយាយ១ម៉ាត់ ទៅពូជអំបូរសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជារាស្ត្រអញថា ហេតុអ្វីបានជាឯងរាល់គ្នាមិនបានស្អាងវិហារ ពីឈើតាត្រៅឲ្យអញឬទេ
៨ ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលយ៉ាងនេះ អញបានយកឯង ពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមកដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ
៩ អញបាននៅជាមួយនឹងឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ អញបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី
១០ អញបានតម្រូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់ និងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត
១១ ឬដូចនៅគ្រាដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានប្រោសឲ្យឯងបានសំរាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ (យ៉ាងនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់ និងតាំងព្រះវង្សាព្រះករុណាឡើង)
១២ កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
១៣ គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ
១៤ អញនឹងធ្វើជាឪពុកដល់វា ហើយវានឹងបានជាកូនដល់អញ បើកាលណាវាប្រព្រឹត្តការទុច្ចរិត នោះអញនឹងផ្ចាញ់ផ្ចាលវាដោយដំបងរបស់មនុស្ស ហើយនិងស្នាមរំពាត់នៃពួកមនុស្សជាតិ
១៥ ប៉ុន្តែ សេចក្តីសប្បុរសរបស់អញ មិនដែលឃ្លាតចេញពីវា ដូចជាអញបានដកចេញពីសូល ដែលអញបានចោលពីមុខឯងចេញនោះឡើយ
១៦ នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ
១៧ ណាថាន់ក៏ទូលនឹងដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមករជាក់ស្តែងទាំងនោះគ្រប់ជំពូក។
ការអធិស្ឋានរបស់ស្តេចដាវីឌ
១៨ នោះស្តេចដាវីឌទ្រង់ក៏យាងចូលទៅ គង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
១៩ ប៉ុន្តែ ឱព្រះអម្ចាស់យេហូវ៉ាអើយ នេះជាការយ៉ាងតូចនៅព្រះនេត្រទ្រង់ទេ បានជាទ្រង់មានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ ជាបាវបំរើទ្រង់ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះអម្ចាស់យេហូវ៉ាអើយ យ៉ាងនោះ តើត្រូវតាមរបៀបរបស់មនុស្សឬ
២០ តើដាវីឌទូលបង្គំនេះ និងទូលទ្រង់បានដូចម្តេចទៅទៀត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំ ជាអ្នកបំរើទ្រង់ហើយ
២១ ទ្រង់បានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាបាវបំរើទ្រង់បានដឹង ដោយយល់ដល់ព្រះបន្ទូលនៃទ្រង់ទេ ហើយក៏តាមព្រះហឫទ័យទ្រង់ផង
២២ ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់ធំណាស់ គ្មានណាឲ្យស្មើទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្តី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
២៣ តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅ លោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនិងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសំរាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃហើយ និងព្រះរបស់គេផង
២៤ ទ្រង់ក៏បានតាំងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ឲ្យបានធ្វើជារាស្ត្ររបស់ផងទ្រង់ ជារៀងរាបដរាបទៅ ហើយឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានត្រឡប់ជាព្រះដល់គេដែរ
២៥ ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលទ្រង់បានមានព្រះបន្ទូលមក ពីដំណើរទូលបង្គំ ជាបាវបំរើទ្រង់ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសំរេច ដូចជាទ្រង់បានមានព្រះបន្ទូលមកនោះចុះ
២៦ សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបំរើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់
២៧ ពីព្រោះ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់បានសំដែងឲ្យទូលបង្គំ ជាបាវបំរើទ្រង់បានដឹងហើយ ដោយព្រះបន្ទូលថា អញនឹងតាំងវង្សាឯងឡើង ហេតុដូច្នេះបានជាទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តក្លាហាន និងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ទ្រង់
២៨ ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាព្រះពិត ហើយព្រះបន្ទូលទ្រង់សុទ្ធតែពិតត្រង់ ទ្រង់បានមានព្រះបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាបាវបំរើទ្រង់
២៩ ដូច្នេះ សូមទ្រង់សព្វព្រះហឫទ័យ និងប្រទានពរ ដល់ពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះទ្រង់ជាដរាប ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានសន្យាហើយ ដូច្នេះ ដោយសារព្រះពរទ្រង់ នោះពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ នឹងបានពរនៅអស់កល្បជានិច្ច។