សំបុត្ររបស់ប៉ុលដល់ពួក
រ៉ូម
១
សេចក្តីផ្តើម
១ សំបុត្រប៉ុលខ្ញុំ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានហៅមកធ្វើជាសាវ័ក ទាំងញែកចេញទុកសំរាប់ដំណឹងល្អនៃព្រះ
២ (ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ
៣ គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ
៤ តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា
៥ ដែលយើងខ្ញុំបានទទួលព្រះគុណ និងងារជាសាវ័កដោយសារទ្រង់ សំរាប់ឲ្យមានមនុស្សចុះចូល តាមសេចក្តីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់
៦ ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះ ជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរ)
៧ ខ្ញុំផ្ញើមកអស់អ្នក នៅក្រុងរ៉ូមជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ប៉ុលមានបំណងទៅសួរសុខទុក្ខគ្រីស្ទបរិស័ទនៅក្រុងរ៉ូម
៨ មុនដំបូង ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល ពីសេចក្តីជំនឿរបស់អ្នករាល់គ្នា
៩ ដ្បិតព្រះដែលខ្ញុំបំរើដោយវិញ្ញាណខ្ញុំ ក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់ នោះជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំទូលដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំជានិច្ច
១០ ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន
១១ ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន
១២ គឺថា ឲ្យយើងបានសេចក្តីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្តីជំនឿរបស់យើងនិមួយៗ គឺរបស់អ្នករាល់គ្នា និងរបស់ខ្ញុំផង
១៣ តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗ ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា ដូចជាក្នុងពួកសាសន៍ឯទៀតដែរ តែខ្ញុំមានសេចក្តីឃាត់ឃាំង ដរាបមកដល់ឥឡូវនេះ
១៤ ខ្ញុំមានសេចក្តីជំពាក់ទាំងសាសន៍ក្រេក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅផង
១៥ ដូច្នេះ ឯខ្ញុំៗ ប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ
១៦ ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង
១៧ ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។
១៨ ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត
១៩ ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់
២០ ដ្បិតអ្វីៗ របស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក
២១ ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ
២២ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ
២៣ គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ និងសត្វលូនវារដែរ
២៤ ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក
២៥ គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន
២៦ ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗ របស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា
២៧ ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្តីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្តីកំហុសរបស់ខ្លួន
២៨ ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ
២៩ ជាមនុស្សមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស និងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង
៣០ ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ
៣១ ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្តីមេត្តាករុណាសោះ
៣២ គេក៏ស្គាល់សេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។