៣៤
ស្តេចយ៉ូសៀសសោយរាជ្យលើស្រុកយូដា
១ ឯយ៉ូសៀស កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣១ឆ្នាំ
២ ទ្រង់ប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមអស់ទាំងផ្លូវរបស់ដាវីឌ ជាឰយុកោទ្រង់ផង ឥតងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ
៣ ដ្បិតនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់ កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាឰយុកោទ្រង់ លុះដល់ឆ្នាំទី១២ នោះទ្រង់ផ្តើមជំរះសំអាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ រូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ
៤ គេក៏បំបាក់បំបែកអាសនាព្រះបាល នៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងរូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកំទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ
៥ ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនារបស់គេ ដូច្នេះទ្រង់បានជំរះសំអាតស្រុកយូដា និងក្រុងយេរូសាឡិមរួចហើយ
៦ ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី នឹងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
៧ ក៏រំលំអាសនា បំបាក់បំបែករូបព្រះ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
លោកមហាបូជាចារ្យរកឃើញគម្ពីរវិន័យ
៨ លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យទ្រង់ កាលគេបានជំរះសំអាតស្រុក និងព្រះវិហាររួចជាស្រេចហើយ នោះទ្រង់ចាត់សាផាន ជាកូនអ័សាលា ម្អាសេយ៉ា ជាចៅហ្វាយទីក្រុង និងយ៉ូអា កូនយ៉ូអាហាស ជាអ្នកតែងពង្សាវតារ ឲ្យទៅជួសជុលព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃទ្រង់
៩ គេក៏ទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ប្រគល់ប្រាក់ដែលគេបាននាំយកមកក្នុងព្រះវិហារនៃព្រះ ជាប្រាក់ដែលពួកលេវីជាអ្នកឆ្មាំទ្វារ បានប្រមូលពីពួកម៉ាន៉ាសេ ពួកអេប្រាអិម និងសំណល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយពីពួកយូដា ពួកបេនយ៉ាមីន និងពួកអ្នកនៅក្នុងក្រុងយេរូសាឡិមផង
១០ គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ
១១ គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ នឹងឈើសំរាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានបំផ្លាញទៅ
១២ ពួកជាងទាំងនោះគេធ្វើការដោយស្មោះត្រង់ ឯអ្នកដែលត្រួតលើគេ គឺយ៉ាហាត និងអូបាឌា ជាពួកលេវីខាងពួកកូនចៅម្រ៉ារី ហើយសាការី និងមស៊ូឡាមខាងពួកកូនចៅកេហាត់ ដើម្បីនឹងបញ្ជឿនការនោះ ហើយមានពួកលេវី ដែលប៉ិនប្រសប់នឹងលេងភ្លេងដែរ
១៣ គេក៏ត្រួតលើពួកអ្នកដែលលីសែង ហើយលើអស់អ្នកដែលធ្វើការគ្រប់មុខផង ឯក្នុងពួកលេវីទាំងនោះមានស្មៀន និងនាយ ហើយនឹងអ្នកឆ្មាំទ្វារដែរ។
១៤ កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញទៅ នោះហ៊ីលគីយ៉ាដ៏ជាសង្ឃ លោកប្រទះឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកដោយសារលោកម៉ូសេ
១៥ លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន
១៦ ហើយសាផាននាំយកទៅថ្វាយដល់ស្តេច ទូលថា ឯការទាំងអស់ដែលទ្រង់បានប្រគល់ដល់ពួកអ្នកបំរើទ្រង់ នោះគេកំពុងតែធ្វើហើយ
១៧ គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ
១៨ រួចស្មៀនសាផានទូលទៀតថា ហ៊ីលគីយ៉ាដ៏ជាសង្ឃបានប្រគល់គម្ពីរនេះមកទូលបង្គំ ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច
ស្តេចយ៉ូសៀសសុំឲ្យព្យាការិនីហ៊ុលដាទូលសួរព្រះអម្ចាស់
១៩ កាលស្តេចទ្រង់ឮពាក្យរបស់ក្រឹត្យវិន័យហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ
២០ ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា
២១ ចូរទៅសួរដល់ព្រះយេហូវ៉ាឲ្យយើង និងពួកអ្នកដែលសល់នៅក្នុងពួកអ៊ីស្រាអែល ហើយនឹងពួកយូដា ឲ្យយើងបានដឹងពីដំណើរពាក្យនៃគម្ពីរ ដែលប្រទះឃើញនេះ ដ្បិតសេចក្តីក្រេវក្រោធរបស់ព្រះយេហូវ៉ាដែលបានចាក់មកលើយើងរាល់គ្នា នោះសំបើមណាស់ ពីព្រោះពួកឰយុកោយើងរាល់គ្នា មិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីដែលកត់ទុកក្នុងគម្ពីរនេះទេ។
២២ ដូច្នេះ ហ៊ីលគីយ៉ា និងពួកអ្នកដែលស្តេចបានចាត់ប្រើនោះ ក៏ទៅឯនាងហ៊ុលដា ជាហោរា ប្រពន្ធសាលូម កូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្ររាជ្យ (នាងនោះអាស្រ័យនៅឃុំលេខ២ ក្នុងក្រុងយេរូសាឡិម) និយាយនឹងនាងតាមដំណើររឿងនោះ
២៣ រួចនាងតបដល់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់អ្នក ដែលចាត់ឯងរាល់គ្នាឲ្យមកឯអញថា
២៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើលអញនឹងធ្វើឲ្យមានសេចក្តីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងសេចក្តីបណ្តាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
២៥ ដោយព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្តាលឲ្យអញខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្តីកំហឹងរបស់អញបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបានផង
២៦ តែឯស្តេចយូដាដែលចាត់ឲ្យឯងរាល់គ្នាមកសួរដល់ព្រះយេហូវ៉ា នោះត្រូវទូលទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា
២៧ ដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះ ដោយឮព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលទាស់នឹងទីនេះ ហើយនឹងពួកអ្នកនៅទីនេះផង ព្រមទាំងបន្ទ្រោមខ្លួនចុះនៅមុខអញក៏ហែកអាវ ហើយយំនៅមុខអញដូច្នេះ នោះអញបានទទួលស្តាប់តាមឯងហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
២៨ មើល អញនឹងប្រមូលឯងទៅជាមួយ និងពួកឰយុកោឯង ឯងនឹងទៅមូលគ្នា នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្តីអាក្រក់ដែលអញនឹងនាំមកលើទីនេះ និងលើពួកអ្នកនៅទីនេះឡើយ ដូច្នេះ គេក៏នាំយកពាក្យនោះទៅទូលដល់ស្តេចវិញ។
ស្តេចយ៉ូសៀសចងសម្ពន្ធមេត្រីជាមួយព្រះជាម្ចាស់
២៩ នោះស្តេចទ្រង់ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំនៃស្រុកយូដា និងក្រុងយេរូសាឡិមមកប្រជុំគ្នា
៣០ រួចស្តេចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា មានទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ហើយពួកសង្ឃ ពួកលេវី និងបណ្តាជនទាំងឡាយ ទាំងធំ ទាំងតូចផង នោះទ្រង់ក៏អានមើល ឲ្យគេស្តាប់អស់ទាំងពាក្យ នៅក្នុងគម្ពីរនៃសេចក្តីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
៣១ ឯស្តេចទ្រង់ឈរនៅកន្លែងទ្រង់ ក៏ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ព្រមទាំងកាន់តាមក្រឹត្យក្រមសេចក្តីបន្ទាល់ និងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់ពីចិត្ត អស់ពីព្រលឹង ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញាដែលបានកត់ទុកក្នុងគម្ពីរនោះ
៣២ ទ្រង់ក៏បង្គាប់ដល់អស់អ្នក ដែលមាននៅក្នុងក្រុងយេរូសាឡិម ហើយស្រុកបេនយ៉ាមីន ឲ្យកាន់តាមសេចក្តីសញ្ញានោះ ដូច្នេះ ពួកក្រុងយេរូសាឡិមក៏ធ្វើតាមសេចក្តីសញ្ញាផងព្រះ ជាព្រះនៃពួកឰយុកោគេ
៣៣ រួចយ៉ូសៀស ទ្រង់ដកយកអស់ទាំងរបស់គួរស្អប់ខ្ពើមចេញពីស្រុកទាំងប៉ុន្មាន ដែលជារបស់ផងពួកកូនចៅអ៊ីស្រាអែល ហើយក៏បង្គាប់ឲ្យអស់អ្នកដែលនៅស្រុកអ៊ីស្រាអែល គោរពដល់ព្រះយេហូវ៉ា ជាព្រះនៃគេ ដូច្នេះ នៅអស់រវាងព្រះជន្មទ្រង់ នោះគេមិនបានបែរចេញពីការគោរពតាមព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេឡើយ។