២
ស្តេចសាឡូម៉ូនសង់ព្រះវិហារ
១ ឯសាឡូម៉ូន ទ្រង់ក៏បង្គាប់ឲ្យស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា និងព្រះរាជវាំងសំរាប់នគរទ្រង់
២ រួចទ្រង់តម្រូវឲ្យមានមនុស្ស៧ម៉ឺននាក់ សំរាប់លីសែង និង៨ម៉ឺននាក់ សំរាប់កាប់ឈើនៅឯភ្នំ ហើយ៣ពាន់៦រយនាក់សំរាប់ជាអ្នកត្រួតលើគេ
៣ ទ្រង់ក៏ចាត់សារទៅឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសថា ពីដើមទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយដាវីឌ ជាបិតាទូលបង្គំ សំរាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ
៤ មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សំរាប់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ នឹងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយដង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ
៥ ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាទ្រង់ធំប្រសើរ លើសជាងអស់ទាំងព្រះ
៦ ប៉ុន្តែតើមានអ្នកឯណាដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន ដ្បិតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ដូច្នេះ តើទូលបង្គំជាអ្វី ដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន លើកតែល្មមនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ប៉ុណ្ណោះ
៧ ដូច្នេះ សូមចាត់ជាងម្នាក់មកជាអ្នកដែលមានថ្វីដៃក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែកសំពត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ខៀវ ហើយដែលចេះឆ្លាក់ចំឡាក់គ្រប់ចំពូកផង ឲ្យបាននៅជាមួយនឹងពួកជាងប៉ិនប្រសប់ ដែលនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិម ជាមួយនឹងទូលបង្គំ ជាពួកអ្នកដែលដាវីឌបិតាទូលបង្គំបានផ្គត់ផ្គង់
៨ សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងឈើច័ន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួករបស់ទ្រង់គេចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់ មើល ពួកខាងទូលបង្គំនឹងធ្វើការជាមួយនឹងគេ
៩ ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបំរុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ
១០ នោះទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់២ម៉ឺនរង្វាល់ ស្រូវឱក២ម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរ២ម៉ឺនរង្វាល់ នឹងប្រេង២ម៉ឺនរង្វាល់ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ។
១១ ដូច្នេះ ហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងសាឡូម៉ូនថា ព្រះយេហូវ៉ាទ្រង់ស្រឡាញ់រាស្ត្ររបស់ទ្រង់ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ
១២ ក្នុងសារនោះហ៊ីរ៉ាមមានព្រះបន្ទូលទៀតថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យស្តេចដាវីឌមានព្រះរាជបុត្រាប្រកបដោយប្រាជ្ញា ដំរិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសំរាប់នគរទ្រង់
១៣ ឥឡូវទូលបង្គំបានឲ្យជាងជំនាញការម្នាក់ឈ្មោះហ៊ីរ៉ាម ជាជាងរបស់បិតាទូលបង្គំ ជាអ្នកប្រកបដោយយោបល់មក
១៤ គឺជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ត ហើយនឹងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចំឡាក់គ្រប់ជំពូក ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការ ជាមួយនឹងពួកជាងយ៉ាងជំនាញរបស់ទ្រង់ ហើយនឹងពួកជាងយ៉ាងជំនាញរបស់ដាវីឌ ជាព្រះបិតាទ្រង់ ដែលជាព្រះអម្ចាស់នៃទូលបង្គំផង
១៥ រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ
១៦ នោះពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅឯក្រុងយេរូសាឡិមចុះ។
១៧ ដូច្នេះ សាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាព្រះបិតា បានរាប់កំណត់ទុក ឃើញមានចំនួន១សែន៥ម៉ឺន៣ពាន់៦រយនាក់
១៨ ទ្រង់ក៏ដាក់ឲ្យ៧ម៉ឺននាក់ធ្វើការលីសែង ៨ម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយ៣ពាន់៦រយនាក់ ឲ្យធ្វើជាអ្នកត្រួតត្រាការ។