៥៤
សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង
ទំនុក​ជា​សេចក្តី​បង្រៀន​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​នៅ​វេលា​ដែល​ពួក​ស៊ីភ​បាន​មក​ទូល​ស្តេច​សូល​ថា ដាវីឌ​ពួន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ សំរាប់​ឲ្យ​មេ​ភ្លេង​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
១ ឱ​ព្រះអង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ
ដោយសារ​ព្រះនាម​ទ្រង់
ហើយ​វិនិច្ឆ័យ​ទូលបង្គំ ដោយ​ឥទ្ធិឫទ្ធិ​របស់​ទ្រង់
២ ឱ​ព្រះអង្គ​អើយ
សូម​ស្តាប់​សេចក្តី​ដែល​ទូលបង្គំ​អធិស្ឋាន
សូម​ផ្ទៀង​ព្រះកាណ៌​ស្តាប់​វាចា​របស់​ទូលបង្គំ​ផង
៣ ដ្បិត​មាន​មនុស្ស​ដទៃលើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ
ហើយ​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ
គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់
៤ ៙ មើល ព្រះ​ទ្រង់​ជា​ជំនួយ​នៃ​ទូលបង្គំ
ព្រះអម្ចាស់​ទ្រង់​គង់​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទប់ទល់
ព្រលឹង​នៃ​ទូលបង្គំ
៥ ទ្រង់​នឹង​សង​សេចក្តី​អាក្រក់​របស់​ពួក​ខ្មាំងសត្រូវ
ទូលបង្គំ​ទៅ​លើ​គេ​វិញ
សូម​បំផ្លាញ​គេ​ដោយ​នូវ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់
៦ ទូលបង្គំ​នឹង​យក​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត
មក​បូជា​ថ្វាយ​ដល់​ទ្រង់
ឱ​ព្រះយេហូវ៉ា​អើយ
ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះនាម​ទ្រង់
ដ្បិត​ព្រះនាម​ទ្រង់​ល្អ​វិសេស
៧ ពី​ព្រោះ​ទ្រង់​បាន​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​គ្រប់​សេចក្តី​វេទនា
ភ្នែក​ទូលបង្គំ​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង
សត្រូវ​របស់​ទូលបង្គំ​ហើយ។