៦
កុំធានាសងបំណុលជំនួសគេ
១ កូនអើយ បើឯងបានធានាឲ្យអ្នកជិតខាងឯង បើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃ
២ នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសំដីដែលចេញពីមាត់ឯងមក
៣ យ៉ាងនោះ កូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះ ព្រោះឃើញថា ឯងបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងឯង ដូច្នេះ ចូរឯងទៅបន្ទាប់ខ្លួន ហើយអង្វរដល់គេ
៤ កុំឲ្យភ្នែកឯងដេកលក់ ឬឲ្យត្របកភ្នែកឯងរលីវឡើយ
៥ ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្តាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា។
មនុស្សកំជិល
៦ ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមាន ប្រាជ្ញាឡើង
៧ វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ
៨ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង
៩ ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា តើដល់កាលណាបានឯងក្រោកពីការដេកលក់
១០ ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច
១១ យ៉ាងនោះ សេចក្តីកំសត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្តីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ។
មនុស្សពាល
១២ ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច
១៣ ជាអ្នកដែលមិចភ្នែក ហើយធ្វើជាទីសំគាល់ដោយជើង និងដៃ
១៤ ជាអ្នកដែលមានសេចក្តីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា
១៥ ដូច្នេះ សេចក្តីអន្តរាយរបស់វា និងលោមកភ្លាម១រំពេចក្នុងពេលបន្ទាន់នោះ វានឹងត្រូវបាក់បែកឥតមានអ្វីជួយផង
អំពើដែលពុំគាប់ព្រះហឫទ័យព្រះអម្ចាស់
១៦ មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម
១៧ គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១
១៨ ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១
១៩ និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត១ ហើយមនុស្សដែលសាបព្រោះសេចក្តីទាស់ទែងគ្នាក្នុងពួកបងប្អូន១ដែរ។
កុំផិតក្បត់ស្វាមីភរិយា
២០ កូនអើយ ចូររក្សាទុកនូវសេចក្តីបណ្តាំរបស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្តាយឯងឡើយ
២១ ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង
២២ កាលណាឯងដើរដំណើរ បណ្តាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ នោះនឹងនិយាយរកឯង
២៣ ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
២៤ ប្រយោជន៍នឹងរក្សាឯងទុក ឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្តាតបញ្ចើចរបស់ស្រីដទៃ
២៥ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ
២៦ ដ្បិតដោយព្រោះតែស្រីសំផឹង នោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំបុ័ងតែ១ចំណិតប៉ុណ្ណោះ ហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេស
២៧ តើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ
២៨ តើនឹងដើរលើរងើកភ្លើងឥតរលាកដល់ជើងបានដែរឬ
២៩ ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ
៣០ មនុស្សរមែងមិនស្អប់ដល់ចោរ គឺបើវាលួច ឲ្យតែបានឆ្អែតពោះប៉ុណ្ណោះ ក្នុងវេលាដែលស្រេកឃ្លាននោះទេ
៣១ តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវាសង១ជា៧វិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង
៣២ តែឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ
៣៣ អ្នកនោះនឹងត្រូវសៅហ្មង ហើយអាប់យស និងលុបសេចក្តីត្មះតិះដៀលចំពោះអ្នកនោះចេញ មិនបាត់ឡើយ
៣៤ ដ្បិតសេចក្តីប្រចណ្ឌជាសេចក្តីក្តៅក្រហាយរបស់មនុស្ស ហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេ
៣៥ គេមិនព្រមទាំងក្រឡេកមើលដំឡៃលោះណាមួយផង ហើយទោះបើឯងជូនជំនូនដល់គេជាច្រើនក៏ដោយ គង់តែមិនបានរំងាប់ចិត្តដែរ។