៣៦
ច្បាប់ការពារស្ត្រីដែលរៀបការជាមួយអ្នកផ្សេងក្រៅពីកុលសម្ព័ន្ធរបស់ខ្លួន
១ រីឯពួកមេ ជាឪពុកលើអស់ទាំងគ្រួនៃកូនចៅកាឡាត ជាកូនម៉ាគារ ដែលជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួនៃកូនចៅយ៉ូសែបទាំងប៉ុន្មាន គេក៏ចូលមកជំរាបចំពោះមុខម៉ូសេ និងពួកអ្នកដែលជាកំពូល ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា
២ ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម្ចាស់យើងខ្ញុំ ឲ្យចែកស្រុកជាមរដកដល់ពួកកូនចៅអ៊ីស្រាអែល ដោយចាប់ឆ្នោត ហើយលោកម្ចាស់យើងខ្ញុំក៏បានទទួលបង្គាប់ព្រះយេហូវ៉ា និងចែកមរដករបស់ស្លូផិហាត ជាបងប្អូនយើងខ្ញុំ ដល់ពួកកូនស្រីគាត់
៣ ដូច្នេះ បើសិនជាស្ត្រីទាំងនោះយកប្តីពីពួកប្រុសៗ ក្នុងពូជអំបូរនៃពួកចៅអ៊ីស្រាអែលណាទៀត នោះមរដករបស់គេ នឹងត្រូវហូតចេញពីមរដករបស់ពួកឰយុកោយើងខ្ញុំ ទៅថែមបញ្ចូលនឹងមរដក របស់ពូជអំបូរណាមួយ ដែលគេចូលនោះវិញ យ៉ាងនោះមរដកគេនឹងត្រូវដកចេញ ពីចំណែកមរដករបស់យើងខ្ញុំហើយ
៤ រួចដល់ឆ្នាំសោមនស្សនៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេ នឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញ ពីមរដករបស់ពួកឰយុកោនៃពូជអំបូរយើងខ្ញុំទៅ។
៥ នោះម៉ូសេលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមបង្គាប់នៃព្រះយេហូវ៉ាថា ពូជអំបូរនៃកូនចៅយ៉ូសែបគេបាននិយាយត្រូវ
៦ នេះជាសេចក្តី ដែលព្រះយេហូវ៉ាទ្រង់បង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត គឺថា ឲ្យគេយកប្តីណា ដែលគេចូលចិត្តចុះ ប៉ុន្តែត្រូវយកក្នុងគ្រួសារនៃពូជអំបូររបស់ឰយុកោខ្លួន
៧ យ៉ាងនោះ មរដករបស់ពួកកូនចៅអ៊ីស្រាអែល និងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកឰយុកោគេរៀងខ្លួន
៨ ហើយគ្រប់ទាំងកូនស្រីណា ដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្តីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកឰយុកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែល បានស៊ីមរដករបស់ពួកឰយុកោគេរៀងខ្លួន
៩ ដូច្នេះ មរដកណាមួយ នឹងមិនត្រូវរើចេញ ពីពូជអំបូរ១ ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។
១០ នោះពួកកូនស្រីស្លូផិហាត ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
១១ ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្តីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា
១២ គេបានយកប្តីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេ ក៏បាននៅជាប់ ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ។
១៣ នេះហើយជាសេចក្តីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។:៚