៣១
ជ័យជំនះលើសាសន៍ម៉ាឌាន
១ ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា
២ ចូរសងសឹកនឹងសាសន៍ម៉ាឌាន ឲ្យពួកកូនចៅអ៊ីស្រាអែលចុះ ក្រោយនោះមក ឯងនឹងត្រូវប្រមូលទៅមូលនឹងពួកឰយុកោឯងវិញ
៣ នោះម៉ូសេក៏ប្រាប់ដល់ពួកបណ្តាជនថា ចូរចាត់ចែងគ្រឿងចំបាំងឲ្យដល់ពួកអ្នករាល់គ្នាខ្លះ ដើម្បីនឹងទៅច្បាំងនឹងសាសន៍ម៉ាឌាន ប្រយោជន៍នឹងសំរេចសេចក្តីសងសឹករបស់ព្រះយេហូវ៉ាទៅលើគេ
៤ ត្រូវឲ្យឯងរាល់គ្នាចាត់មនុស្ស១ពាន់នាក់ ពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលឲ្យចេញទៅច្បាំង
៥ ដូច្នេះគេក៏កេណ្ឌយក១ពាន់នាក់ ក្នុងគ្រប់ទាំងពូជអំបូរពីពួកអ៊ីស្រាអែលទាំងពាន់ៗ បាន១ម៉ឺន២ពាន់នាក់ ដែលកាន់គ្រឿងសំរាប់ទៅច្បាំង
៦ រួចម៉ូសេចាត់គេទៅច្បាំង គឺ១ពាន់នាក់ពីគ្រប់ទាំងពូជអំបូរនោះ មានទាំងភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ នាំយកគ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសំរាប់ផ្លុំកាន់នៅដៃទៅជាមួយផង
៧ គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ក៏សំឡាប់ពួកប្រុសៗទាំងអស់ទៅ
៨ ព្រមទាំងសំឡាប់ពួកស្តេចសាសន៍ម៉ាឌានជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី១ រេគេម១ ស៊ើ១ ហើយនឹងរេបា១ ជាស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏បានសំឡាប់បាឡាមជាកូនបេអ៊រដោយដាវដែរ
៩ ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន និងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ
១០ ឯអស់ទាំងទីក្រុង និងផ្ទះសំបែង ហើយអស់ទាំងទីដំឡើងត្រសាលទាំងប៉ុន្មាន នោះគេក៏ដុតដោយភ្លើងទៅ
១១ រួចយកអស់ទាំងរបឹប ព្រមទាំងសត្វ និងមនុស្សទាំងប៉ុន្មានដែលគេចាប់បាននោះ
១២ ហើយនាំពួកឈ្លើយ សត្វទាំងនោះ និងរបឹងទាំងប៉ុន្មានទៅប្រគល់ដល់ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ព្រមទាំងដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែល នៅត្រង់ទីដំឡើងត្រសាល នាស្រុកវាលរបស់ម៉ូអាប់ ដែលជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។
១៣ នោះម៉ូសេ អេលាសារដ៏ជាសង្ឃ ហើយនឹងពួកដែលជាកំពូលលើពួកជំនុំទាំងអស់ ក៏នាំគ្នាចេញទៅទទួលគេ នៅខាងក្រៅទីដំឡើងត្រសាល
១៤ ឯម៉ូសេលោកខឹងនឹងពួកមេទ័ព គឺនឹងពួកមេលើ១ពាន់នាក់ ហើយនឹងពួកមេលើ១០០នាក់ ដែលមកពីច្បាំងវិញនោះ
១៥ លោកសួរគេថា តើបានទុកឲ្យស្រីៗទាំងអស់រស់នៅឬអី
១៦ មើល គឺវារាល់គ្នាហើយដែលបាននាំឲ្យពួកកូនចៅអ៊ីស្រាអែលប្រព្រឹត្តរំលង ទាស់នឹងព្រះយេហូវ៉ា ពីដំណើរពេអរ ដោយសារសេចក្តីទូន្មានរបស់បាឡាម ហើយយ៉ាងនោះ ក៏មានសេចក្តីវេទនាកើតឡើងក្នុងពួកជំនុំនៃព្រះយេហូវ៉ា
១៧ ដូច្នេះ ចូរសំឡាប់អស់ទាំងប្រុសៗក្នុងពួកក្មេងទាំងប៉ុន្មាន ព្រមទាំងស្រីៗដែលបានស្គាល់ប្រុសដោយរួមដំណេកហើយ ឥឡូវទៅ
១៨ តែឯពួកក្មេងស្រីៗ ដែលមិនទាន់ស្គាល់ប្រុសណា ដោយរួមដំណេកនៅឡើយ នោះទុកសំរាប់ឯងរាល់គ្នាវិញចុះ
១៩ ត្រូវឲ្យឯងរាល់គ្នានៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ឯអស់អ្នកណាដែលបានសំឡាប់គេ ឬបានប៉ះពាល់ខ្មោចណា នោះត្រូវសំអាតខ្លួននៅថ្ងៃទី៣ ហើយនៅថ្ងៃទី៧ទៀត គឺទាំងឯងរាល់គ្នា ហើយនឹងពួកឈ្លើយទាំងប៉ុន្មានផង
២០ ចំណែកខាងសំលៀកបំពាក់ទាំងប៉ុន្មាន និងអស់ទាំងរបស់ធ្វើពីស្បែក ព្រមទាំងរបស់ធ្វើពីរោមពពែ ហើយគ្រប់ទាំងរបស់ធ្វើពីឈើ នោះត្រូវឲ្យឯងរាល់គ្នាសំអាតដោយខ្លួនឯង។
២១ ឯអេលាសារដ៏ជាសង្ឃ លោកប្រាប់ដល់ពួកទ័ពដែលបានទៅច្បាំងថា នេះជាបញ្ញត្តច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេថា
២២ ឯមាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និងសំណ
២៣ គឺគ្រប់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងបាន នោះត្រូវឲ្យឯងរាល់គ្នានាំយកទៅដុតភ្លើងសំអាតទៅ រួច និងបានស្អាត ប៉ុន្តែត្រូវឲ្យសំអាតនឹងទឹកដែលសំរាប់សំអាតដែរ ឯអស់ទាំងធាតុអ្វីដែលធន់នៅនឹងភ្លើងមិនបាន នោះត្រូវឲ្យលាងនឹងទឹកវិញ
២៤ ដល់ថ្ងៃទី៧ ត្រូវឲ្យឯងរាល់គ្នាបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាត រួចសឹមចូលមកក្នុងទីដំឡើងត្រសាលចុះ។
២៥ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
២៦ ចូរឲ្យឯង និងអេលាសារដ៏ជាសង្ឃ ហើយនឹងពួកមេក្នុងវង្សានុវង្សនៃពួកជំនុំរាប់ចំនួនរបឹប គឺទាំងមនុស្ស ហើយនឹងសត្វផង ដែលចាប់បាននោះ
២៧ រួចបែងចែករបឹបជា២ចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង និងពួកជំនុំទាំងអស់គ្នា
២៨ ហើយត្រូវហូតយកសួយអាករពីពួកទាហានដែលបានទៅច្បាំងដែរ គឺ១ក្នុង៥០០ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង ទុកសំរាប់ព្រះយេហូវ៉ា
២៩ ត្រូវឲ្យយកពីចំណែកនៃពួកទាហានប្រគល់ដល់អេលាសារដ៏ជាសង្ឃ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
៣០ ឯចំណែករបស់ពួកកូនចៅអ៊ីស្រាអែល នោះត្រូវហូតយក១ភាគក្នុង៥០វិញ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង គឺពីគ្រប់សត្វទាំងអស់ ប្រគល់ដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា
៣១ នោះម៉ូសេ និងអេលាសារ ដ៏ជាសង្ឃ ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
៣២ រីឯក្រៅពីរបស់អ្វីៗ ដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់
៣៣ និងគោ៧ម៉ឺន២ពាន់
៣៤ សត្វលា៦ម៉ឺន១ពាន់
៣៥ ឯមនុស្សស្រីទាំងប៉ុន្មានដែលមិនបានស្គាល់ប្រុសណាដោយរួមដំណេកនឹងគ្នា នោះមានចំនួន៣ម៉ឺន២ពាន់នាក់
៣៦ ហើយចំណែក១ ដែលបានចែកឲ្យពួកអ្នកដែលចេញទៅច្បាំង នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០
៣៧ ហើយចៀមដែលជាសួយអាករ ទុកសំរាប់ព្រះយេហូវ៉ា នោះមាន៦៧៥
៣៨ ឯគោ នោះគេបាន៣ម៉ឺន៦ពាន់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៧២
៣៩ ក្នុងសត្វលា នោះគេបាន៣ម៉ឺន៥០០ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៦១
៤០ ឯមនុស្ស នោះគេបាន១ម៉ឺន៦ពាន់នាក់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៣២នាក់
៤១ ម៉ូសេក៏ប្រគល់សួយអាករទាំងនោះ ដែលជាដង្វាយលើកចុះឡើងរបស់ព្រះយេហូវ៉ា ដល់អេលាសារដ៏ជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
៤២ ឯ១ចំណែកទៀត ដែលត្រូវបានដល់ពួកកូនចៅអ៊ីស្រាអែល គឺជាចំណែកដែលម៉ូសេបានហូតយកពីពួកអ្នកដែលទៅច្បាំង
៤៣ ឲ្យដល់ពួកជំនុំវិញ នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០
៤៤ គោ៣ម៉ឺន៦ពាន់
៤៥ សត្វលា៣ម៉ឺន៥០០
៤៦ ហើយមនុស្ស១ម៉ឺន៦ពាន់
៤៧ ម៉ូសេក៏យក១ក្នុង៥០ ទាំងមនុស្សទាំងសត្វ ពីចំណែករបស់ពួកកូនចៅអ៊ីស្រាអែលនោះ ប្រគល់ឲ្យដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
៤៨ រួចពួកទ័ពដែលត្រួតលើពលទ័ពទាំងពាន់ៗ គឺជាពួកមេលើ១ពាន់នាក់ ហើយពួកមេលើ១០០នាក់ គេក៏នាំគ្នាចូលមកឯម៉ូសេ ជំរាបថា
៤៩ យើងខ្ញុំ ជាអ្នកបំរើលោក បានរាប់ពួកពលទ័ពដែលនៅក្រោមអំណាចយើងខ្ញុំទាំងអស់ហើយ ឥតមានខ្វះមនុស្សណាមួយក្នុងពួកយើងខ្ញុំឡើយ
៥០ ហើយយើងខ្ញុំបានយកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស ខ្សែ កងដៃ ចិញ្ចៀន កាវ ហើយនឹងខ្សែក ដើម្បីនឹងថ្វាយឲ្យធួននឹងជីវិតយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា
៥១ ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ទទួលយកមាសទាំងនោះពីគេ សុទ្ធតែជាគ្រឿងរចនាទាំងអស់
៥២ ឯមាសទាំងអស់ ដែលគេបានថ្វាយ ដោយលើកចុះឡើងដល់ព្រះយេហូវ៉ា គឺដែលពួកមេលើ១ពាន់នាក់ និងពួកមេលើ១០០នាក់បានថ្វាយ នោះមានទំងន់១ម៉ឺន៦ពាន់៧៥០ដំឡឹង
៥៣ ដ្បិតពួកទ័ពបានចាប់យករបស់ទាំងនោះទុកសំរាប់ខ្លួនគេ
៥៤ ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ទទួលយកមាសទាំងនោះពីពួកមេលើ១ពាន់នាក់ ហើយពីពួកមេលើ១០០នាក់ ទៅទុកដាក់ក្នុងត្រសាលជំនុំ ទុកជាសេចក្តីរំឭក សំរាប់ពួកកូនចៅអ៊ីស្រាអែល នៅចំពោះព្រះយេហូវ៉ា។