២៧
ច្បាប់អំពីកេរមរដកសំរាប់កូនស្រី
១ ឯពួកកូនស្រីស្លូផិហាត ដែលជាកូនហេភើរៗ ជាកូនកាឡាតៗ ជាកូនម៉ាគារៗ ជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួម៉ាន៉ាសេ ដែលគេជាកូនចៅយ៉ូសែប ឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូច្នេះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
២ គេក៏នាំគ្នាចូលមកឈរនៅចំពោះមុខម៉ូសេ និងអេលាសារដ៏ជាសង្ឃ ហើយនៅមុខអស់អ្នក ដែលជាកំពូល លើពួកជំនុំ ត្រង់មាត់ទ្វារត្រសាលជំនុំ ជំរាបថា
៣ ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ
៤ ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះសូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង
៥ នោះម៉ូសេក៏នាំយករឿងគេ ទៅទូលដល់ព្រះយេហូវ៉ា។
៦ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
៧ ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរអាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរដករបស់ឪពុកគេចុះ
៨ ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថា បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរដករបស់អ្នកនោះដល់កូនស្រីគេទៅ
៩ បើគ្មានកូនស្រីទេ នោះត្រូវឲ្យមរដកគេដល់បងប្អូនបង្កើត
១០ បើគ្មានបងប្អូនបង្កើត នោះត្រូវឲ្យមរដកដល់បងប្អូនរបស់ឪពុកគេ
១១ តែបើឪពុកគ្មានបងប្អូន នោះត្រូវឲ្យមរដកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេ ឲ្យអ្នកនោះស៊ីវិញ សេចក្តីនេះត្រូវទុកជាច្បាប់បញ្ញត្តដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
យ៉ូស្វេទទួលមុខងារជំនួសម៉ូសេ
១២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឲ្យឯងឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល
១៣ កាលណាឯងបានឃើញស្រុកនោះហើយ នោះឯងនឹងត្រូវប្រមូលទៅមូលនឹងពួកឰយុកោឯង ដូចជាអើរ៉ុនបងឯងបានមូលទៅដែរ
១៤ ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។
១៥ នោះម៉ូសេទូលទៅព្រះយេហូវ៉ាថា
១៦ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្ស ទ្រង់តម្រូវឲ្យមានមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅ
១៧ ជាអ្នកដែលអាចនឹងចេញចូលនៅមុខគេ ព្រមទាំងនាំគេចេញចូលផង ដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ
១៨ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក
១៩ ត្រូវដាក់លោកនៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្តីបង្គាប់ដល់លោកនៅមុខគេ
២០ ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក
២១ ត្រូវឲ្យលោកឈរនៅចំពោះមុខអេលាសារដ៏ជាសង្ឃ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសលោក ដោយសារសេចក្តីសំរេចរបស់យូរីម គឺតាមបង្គាប់របស់អេលាសារដែលគេត្រូវចេញទៅ ហើយតាមបង្គាប់លោកគេត្រូវចូលមកវិញ ទាំងយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលផង គឺជាពួកជំនុំទាំងអស់គ្នា
២២ ម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ា លោកនាំយកយ៉ូស្វេទៅដាក់នៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា
២៣ ក៏ដាក់ដៃលើលោក ហើយប្រគល់សេចក្តីបង្គាប់ដល់លោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។