នេហេមា
១
នេហេមាទូលអង្វរឲ្យសាសន៍យូដា
១ នេះជាពាក្យរបស់នេហេមា ជាកូនហាកាលា។
នៅខែមិគសិរឆ្នាំទី២០ ក្នុងរាជ្យអើថាស៊ើកសេស ដ៏ជាស្តេច កំពុងដែលខ្ញុំនៅស៊ូសាន ជាព្រះរាជវាំង
២ នោះហាណានី ជាពួកបងប្អូនខ្ញុំ និងមនុស្សខ្លះទៀត ក៏មកដល់ពីស្រុកយូដា ហើយខ្ញុំសួរគេពីដំណើរពួកសាសន៍យូដា ដែលបានរួច ជាពួកអ្នកដែលសល់ ពីអស់អ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ហើយពីដំណើរក្រុងយេរូសាឡិមផង
៣ គេប្រាប់មកខ្ញុំថា ឯពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង។
៤ កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា
៥ ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្តីសញ្ញា និងសេចក្តីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រឹត្យក្រមរបស់ទ្រង់អើយ
៦ សូមទ្រង់ផ្ទៀងព្រះកាណ៌មកឥឡូវ ហើយបើកព្រះនេត្រទតមក ដើម្បីឲ្យបានស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបំរើទ្រង់ ដែលអធិស្ឋានដល់ទ្រង់ ទាំងយប់ទាំងថ្ងៃក្នុងគ្រានេះ ពីដំណើរពួកកូនចៅអ៊ីស្រាអែល ជាពួកបំរើទ្រង់ ដោយលន់តួបាបរបស់ពួកកូនចៅអ៊ីស្រាអែល ដែលយើងខ្ញុំរាល់គ្នាបានប្រព្រឹត្តនឹងទ្រង់ គឺទាំងខ្លួនទូលបង្គំ និងវង្សរបស់ឰយុកោទូលបង្គំបានធ្វើបាបផង
៧ យើងខ្ញុំបានប្រព្រឹត្តនឹងទ្រង់ ដោយខូចអាក្រក់ជាខ្លាំង ឥតរក្សាក្រឹត្យក្រម សេចក្តីបញ្ញត្ត និងសេចក្តីយុត្តិធម៌របស់ទ្រង់ ដែលបានបង្គាប់មកដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ឡើយ
៨ សូមទ្រង់នឹកចាំពីព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់លោកម៉ូសេ ជាអ្នកបំរើទ្រង់ថា បើឯងរាល់គ្នាប្រព្រឹត្តរំលង នោះអញនឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងអស់ទាំងសាសន៍
៩ តែបើឯងរាល់គ្នាវិលមកឯអញ ព្រមទាំងរក្សា ហើយប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញវិញ នោះទោះបើពួកនិរទេសរបស់ឯងបានត្រូវខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ គង់តែអញនឹងប្រមូលគេពីនោះ នាំមកឯកន្លែង ដែលអញបានរើស សំរាប់ឲ្យឈ្មោះអញសណ្ឋិតនៅវិញ
១០ រីឯពួកអ្នកទាំងនេះ គេជាបាវបំរើ ហើយជារាស្ត្ររបស់ទ្រង់ ដែលទ្រង់បានលោះមក ដោយព្រះចេស្តាដ៏ជាខ្លាំង និងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ
១១ ឱព្រះអម្ចាស់អើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ចំពោះសេចក្តីអធិស្ឋានរបស់ទូលបង្គំ និងសេចក្តីអធិស្ឋានរបស់ពួកអ្នកបំរើទ្រង់ ដែលកោតខ្លាចដល់ព្រះនាមទ្រង់ ដោយអំណរ ហើយសូមចំរើនដល់ទូលបង្គំជាអ្នកបំរើទ្រង់ ដោយប្រោសប្រទានឲ្យមនុស្សនេះមានចិត្តមេត្តា ដល់ទូលបង្គំនៅថ្ងៃនេះ (រីឯខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច)។