២
អ្នកធំប្រើអំណាចជិះជាន់ជនតូចតាច
១ វេទនាដល់ពួកអ្នកដែលគិតគូរអំពើទុច្ចរិត ហើយបង្កើតការអាក្រក់ នៅលើដំណេករបស់ខ្លួន លុះព្រឹកភ្លឺឡើង នោះគេធ្វើការនោះទៅ ពីព្រោះគេមានកំឡាំងដៃនឹងធ្វើបាន
២ គេលោភចង់បានស្រែចំការ ក៏ដណ្តើមយកបាន ព្រមទាំងផ្ទះផង ហើយរឹបយកទៅ គេសង្កត់សង្កិនទាំងមនុស្សនឹងផ្ទះរបស់គេ គឺជាមនុស្ស និងមរដករបស់គេដែរ
៣ ហេតុនោះ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញក៏គិតគូរបង្កើតការអាក្រក់ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែលដកកចេញបានឡើយ ឯងរាល់គ្នាក៏នឹងមិនដើរ ដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់
៤ នៅថ្ងៃនោះ គេនឹងចាប់តាំងប្រើពាក្យប្រៀបធៀបចាក់ដោតឯង ហើយនឹងទួញទំនួញយ៉ាងអាក់អួលដោយពាក្យថា យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះទ្រង់បានផ្លាស់មរដករបស់សាសន៍ខ្ញុំ អើ ទ្រង់បានដករើចេញពីខ្ញុំយ៉ាងណាហ្ន៎ ទ្រង់បានចែកស្រែចំការរបស់យើង ឲ្យដល់ពួកអ្នកបះបោរវិញ
៥ ដូច្នេះ ឯងនឹងមិនមានអ្នកណាសំរាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ។
៦ គេថា កុំឲ្យទាយឲ្យសោះ អើ ពួកហោរានឹងលែងទាយដល់ពួកយ៉ាងនេះហើយ តែសេចក្តីដំនៀលនឹងមិនផុតឡើយ
៧ ឱពួកវង្សយ៉ាកុបអើយ តើហ៊ាននិយាយយ៉ាងនោះឫ ឯព្រះវិញ្ញាណនៃព្រះយេហូវ៉ា តើទ្រង់ត្រូវទុញទាល់ឬ តើទ្រង់ឬអី ដែលធ្វើការទាំងនោះ តើពាក្យអញមិនធ្វើល្អ ដល់អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ទេឬអី
៨ ពីមុនមក រាស្ត្រអញបានលើកគ្នា ដូចជាខ្មាំងសត្រូវវិញ ឯពួកអ្នកដែលដើរតាមផ្លូវ ដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចំបាំងវិញ
៩ ឯងរាល់គ្នាក៏បណ្តេញពួកស្រីៗក្នុងរាស្ត្រអញ ចេញពីផ្ទះដ៏គាប់ចិត្តរបស់គេ ហើយដកសិរីល្អរបស់អញ ចេញពីពួកកូនតូចៗរបស់គេនៅជានិច្ចដែរ
១០ ចូរក្រោកឡើងហើយចេញទៅចុះ ដ្បិតនេះមិនមែនជាទីឲ្យឯងរាល់គ្នាបានសំរាកនៅទេ ដោយព្រោះសេចក្តីស្មោកគ្រោកដែលបំផ្លាញ ដោយការបំផ្លាញយ៉ាងអាក្រក់
១១ បើមានមនុស្សណាដែលប្រព្រឹត្តដោយនិស្ស័យកំភូត មកកុហកថា ខ្ញុំនឹងទាយប្រាប់អ្នកពីស្រាទំពាំងបាយជូរ ហើយពីគ្រឿងស្រវឹង គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
ព្រះអម្ចាស់ប្រមូលផ្តុំជនជាតិអ៊ីស្រាអែលដែលនៅសេសសល់
១២ ឱយ៉ាកុបអើយ អញនឹងកៀរប្រមូលឯងទាំងអស់គ្នាមកជាពិត អញនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វ១ហ្វូងនៅកណ្តាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន
១៣ ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។