ភាពបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែល
១៧
កន្លែងដែលត្រូវថ្វាយយញ្ញបូជា
១ ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
២ ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ហើយនឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដូច្នេះ
៣ គឺបើមានអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ដែលសំឡាប់គោ ឬចៀម ឬពពែ នៅក្នុងទីដំឡើងត្រសាល ឬខាងក្រៅទីដំឡើងត្រសាលក្តី
៤ ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ទ្រង់ អ្នកនោះនឹងបានរាប់ជាមានទោសនឹងឈាម ដ្បិតបានកំចាយឈាមហើយ អ្នកនោះត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ
៥ នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា
៦ នោះសង្ឃនឹងប្រោះឈាមនៅលើអាសនានៃព្រះយេហូវ៉ាត្រង់មាត់ទ្វារត្រសាលជំនុំ ហើយនឹងដុតខ្លាញ់ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាដែរ
៧ ដូច្នេះ គេនឹងមិនថ្វាយយញ្ញបូជារបស់គេចំពោះរូបសត្វដែលគេផិតទៅតាមនោះទៀតឡើយ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច សំរាប់គ្រប់ទាំងដំណគេតរៀងទៅ
៨ ត្រូវឲ្យប្រាប់គេថា អស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលថ្វាយដង្វាយដុត ឬយញ្ញបូជា
៩ ឥតនាំមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ។
ការហាមបរិភោគឈាម
១០ ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនឹងកាត់គេចេញពីសាសន៍របស់ខ្លួន
១១ ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន
១២ ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាបរិភោគឈាមឲ្យសោះ ក៏មិនត្រូវឲ្យពួកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាបរិភោគដែរ
១៣ ឯអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាប ដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសំរក់ឈាមចោលចេញ រួចយកដីគ្របវិញ
១៤ ដ្បិតឈាមជាជីវិតនៃអស់ទាំងសត្វ ឈាម និងជីវិតនោះ គឺតែ១ទេ ដោយហេតុនោះ បានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ គឺព្រោះជីវិតនៃសត្វទាំងឡាយជាឈាមនោះឯង អ្នកណាដែលបរិភោគ នោះនឹងត្រូវកាត់កាល់ចេញជាពិត
១៥ ហើយអស់អ្នកណាដែលបរិភោគសត្វ ដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសំឡាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាត រហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ
១៦ តែបើមិនបានបោក ឬងូតទឹកចេញទេ អ្នកនោះត្រូវទ្រាំទ្រក្នុងសេចក្តីទុច្ចរិតរបស់ខ្លួនហើយ។