២
បណ្តាំចុងក្រោយរបស់ស្តេចដាវីឌ
១ រីឯពេលកំណត់ ដែលដាវីឌត្រូវសុគត បានជិតដល់ ទ្រង់ផ្តាំសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ថា
២ អញរៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងឡាយហើយ ដូច្នេះ ចូរឯងខំប្រឹងឡើង ហើយសំដែងខ្លួនឲ្យបានពេញជាប្រុសចុះ
៣ ចូររក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ និងក្រឹត្យក្រម ហើយនឹងសេចក្តីបន្ទាល់របស់ទ្រង់តាមសេចក្តី ដែលបានកត់ទុកហើយ ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រយោជន៍ឲ្យឯងបានប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងការដែលឯងធ្វើ ហើយនៅកន្លែងណាដែលឯងទៅ
៤ ដើម្បីឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងអញថា បើកូនចៅឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខអញ ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យ នៃសាសន៍អ៊ីស្រាអែលឡើយ។
៥ មួយទៀតឯងដឹងការ ដែលយ៉ូអាប់ ជាកូនសេរូយ៉ាបានប្រព្រឹត្តនឹងអញ ជាការដែលវាបានធ្វើដល់មេទ័ពសាសន៍អ៊ីស្រាអែល២នាក់នោះ គឺអ័ប៊ីនើរ ជាកូននើរហើយនឹងអ័ម៉ាសា ជាកូនយេធើ ដែលវាបានសំឡាប់បង់ ទាំងកំចាយឈាមចំបាំង នៅវេលាសុខសាន្តត្រាណ ក៏បានប្រឡាក់សំពត់ក្រវាត់ ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលវាពាក់ ដោយឈាមចំបាំង
៦ ដូច្នេះ ចូរឯងប្រព្រឹត្តដោយប្រាជ្ញារបស់ឯង កុំឲ្យសក់ស្កូវរបស់វាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ
៧ តែចូរសំដែងសេចក្តីសប្បុរស ដល់ពួកកូនបារស៊ីឡាយជាពួកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុឯង ដ្បិតគេបានមកទទួលអញ នៅគ្រាដែលអញបានរត់ពីអាប់សាឡំម ជាបងឯងទៅ
៨ មួយទៀតមានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយនឹងឯងដែរ វាបានជេរប្រមាថដល់អញ ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលអញបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែវាបានចុះមកក្រាបទទួលអញនៅទន្លេយ័រដាន់វិញ ហើយអញបានស្បថនឹងវាដោយនូវព្រះយេហូវ៉ាថា អញមិនសំឡាប់វាដោយដាវទេ
៩ ដូច្នេះ កុំទុកឲ្យវានៅជាឥតទោសឡើយ ដ្បិតឯងជាអ្នកប្រាជ្ញា ឯងដឹងជាត្រូវប្រព្រឹត្តយ៉ាងណាដល់វា ត្រូវឲ្យសក់ស្កូវវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម។
ស្តេចដាវីឌសោយទិវង្គត
១០ ស្រេចហើយ ដាវីឌក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុងដាវីឌ
១១ ឯពេលវេលាដែលស្តេចដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ទាំងអស់បាន៤០ឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ។
១២ រួចសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្ករបស់ដាវីឌ ជាព្រះបិតាទ្រង់ ហើយរាជ្យទ្រង់ក៏បានខ្ជាប់ខ្ជួនមាំមួនឡើង។
រាជ្យរបស់ស្តេចសាឡូម៉ូន
ស្តេចសាឡូម៉ូនឲ្យគេប្រហារជីវិតអ័ដូនីយ៉ា
១៣ គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ
១៤ រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ
១៥ នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយ ថារាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែរាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ
១៦ ឥឡូវនេះ ទូលបង្គំសូមតែសេចក្តី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្តីទៅចុះ
១៧ ដូច្នេះ ទ្រង់ទូលថា ទូលបង្គំសូមព្រះនាងទូលដល់ស្តេចសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកឲ្យធ្វើជាប្រពន្ធរបស់ទូលបង្គំ
១៨ បាតសេបាទទួលថាអើ អញនឹងទូលដល់ស្តេចឲ្យឯង។
១៩ ដូច្នេះ បាតសេបាក៏ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ឯស្តេចទ្រង់ក្រោកឡើងទទួល ក៏ឱនព្រះអង្គគោរព រួចគង់លើបល្ល័ង្កទ្រង់វិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្ក១មកដាក់ថ្វាយមាតាទ្រង់ ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា
២០ មាតាចង់សូមការតូច១ពីបុត្រ សូមកុំប្រកែកឡើយ ស្តេចទ្រង់មានព្រះបន្ទូលតបថា សូមព្រះមាតាមានព្រះសវនីយ៍មកចុះ ដ្បិតទូលបង្គំមិនប្រកែកទេ
២១ ដូច្នេះ ព្រះនាងទូលថា សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាប្រពន្ធអ័ដូនីយ៉ាជាជេដ្ឋាទៅ
២២ ស្តេចសាឡូម៉ូន ទ្រង់ឆ្លើយតបទៅមាតាថា ហេតុអ្វីបានជាព្រះមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ ត្រូវសូមទាំងរាជសម្បត្តិឲ្យវាផង ដ្បិតវាជាបងរបស់ទូលបង្គំស្រាប់ គឺសូមឲ្យវា នឹងអ័បៀថើរដ៏ជាសង្ឃ ហើយនឹងយ៉ូអាប់ ជាកូនសេរូយ៉ាដែរ
២៣ នោះស្តេចសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង
២៤ ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្កនៃដាវីឌ ជាព្រះវរបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះអ័ដូនីយ៉ាត្រូវស្លាប់ជាពិត
២៥ ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។
ស្តេចសាឡូម៉ូនហូតងារសង្ឃពីអ័បៀថើរ
២៦ ខណៈនោះ ស្តេចក៏មានព្រះបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហិបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្តីលំបាករបស់ព្រះវរបិតាយើងដែរ
២៧ ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានព្រះបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
ស្តេចសាឡូម៉ូនឲ្យគេប្រហារជីវិតលោកយ៉ូអាប់
២៨ ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅឯត្រសាលនៃព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡំមក៏ពិត ប៉ុន្តែបាននិយមតាមអ័ដូនីយ៉ាដែរ
២៩ មានគេមកក្រាបទូលស្តេចសាឡូម៉ូនថា យ៉ូអាប់បានរត់ទៅឯត្រសាលនៃព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា នោះសាឡូម៉ូនចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយព្រះបន្ទូលថា ចូរទៅប្រហារជីវិតវាទៅ
៣០ បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះបេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ
៣១ ស្តេចមានព្រះបន្ទូលតបថា ចូរធ្វើតាមពាក្យវាចុះ ចូរសំឡាប់វា ហើយកប់វាទៅ ដើម្បីនឹងលុបឈាម ដែលយ៉ូអាប់បានកំចាយ ដោយឥតហេតុចេញពីយើង ហើយពីជំនួរវង្ស នៃព្រះវរបិតាយើងទៅ
៣២ ព្រះយេហូវ៉ាទ្រង់នឹងទំលាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើងទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល នឹងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា
៣៣ ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនឹងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ និងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះនឹងបានសេចក្តីសុខសាន្ត មកអំពីព្រះយេហូវ៉ា ជានិច្ចតទៅវិញ
៣៤ ដូច្នេះ បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ឡើងទៅប្រហារសំឡាប់យ៉ូអាប់បង់ រួចគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន
៣៥ ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃ ជំនួសអ័បៀថើរដែរ។
ស្តេចសាឡូម៉ូនឲ្យគេប្រហារជីវិតស៊ីម៉ៃ
៣៦ រួមមក ស្តេចទ្រង់ចាត់គេទៅ ឲ្យហៅស៊ីម៉ាយមកបង្គាប់ថា ចូរឯងសង់ផ្ទះ១នៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំឲ្យចេញទៅឯណាទៀតឡើយ
៣៧ ដ្បិតនៅថ្ងៃណា ដែលឯងចេញទៅ ឆ្លងជ្រោះកេដ្រុន នោះចូរឯងដឹងខ្លួនថា ឯងនឹងត្រូវស្លាប់ជាមិនខាន ឈាមឯងនឹងធ្លាក់លើក្បាលឯងវិញ
៣៨ ស៊ីម៉ាយទូលឆ្លើយថា ព្រះបន្ទូលទ្រង់ល្អណាស់ ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានមានព្រះបន្ទូលហើយ ស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡិមជាយូរ។
៣៩ លុះកន្លងទៅ៣ឆ្នាំហើយ នោះបាវរបស់ស៊ីម៉ាយ២នាក់រត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ជាបុត្រនៃម្អាកា រួចមានគេប្រាប់ដល់ស៊ីម៉ាយថា មើល បាវរបស់អ្នកនៅឯក្រុងកាថ
៤០ ដូច្នេះ ស៊ីម៉ាយក៏ចាត់ចែងចងកែបលា ចេញទៅឯអ័គីសនៅក្រុងកាថ ដើម្បីរកបាវរបស់ខ្លួន ក៏ទៅនាំយកបាវពីក្រុងកាថមកវិញ
៤១ មានគេក្រាបទូលដល់សាឡូម៉ូនថា ស៊ីម៉ាយបានចេញពីក្រុងយេរូសាឡិមទៅដល់ក្រុងកាថ ឥឡូវមកវិញហើយ
៤២ ស្តេចទ្រង់ក៏ចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានព្រះបន្ទូលសួរថា តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬអី តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា នៅថ្ងៃណា ដែលឯងនឹងចេញដំណើរ ទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬអី ហើយឯងបានទទួលព្រមថា ព្រះបន្ទូលនៃទ្រង់ ដែលទូលបង្គំបានឮនេះល្អណាស់ដែរ
៤៣ ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសម្បថនៃព្រះយេហូវ៉ា នឹងសេចក្តីដែលយើងបានបង្គាប់នោះ
៤៤ ស្តេចក៏មានព្រះបន្ទូលនឹងស៊ីម៉ាយទៀតថា ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តដល់ដាវីឌ ជាព្រះបិតាយើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទំលាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ
៤៥ តែស្តេចសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ដាវីឌ នឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបទៅ
៤៦ នោះស្តេចទ្រង់បង្គាប់ទៅបេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតឲ្យវាស្លាប់ទៅ ឯរាជ្យ នោះបានតាំងជាមាំមួន ក្នុងអំណាចសាឡូម៉ូនហើយ។