១៨
គេចាប់ព្រះយេស៊ូវ
(មថ.២៦.៤៧-៥៦ មក.១៤.៤៣-៥០ លក.២២.៤៧-៥៣)
១ កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ និងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ
២ ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវ និងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ
៣ ដូច្នេះ កាលយូដាសបានទទួលពួកទាហាន និងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ និងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ និងគ្រឿងសស្ត្រាវុធផង
៤ ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា
៥ គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ
៦ កាលទ្រង់មានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា
៧ ដូច្នេះ ទ្រង់មានព្រះបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត
៨ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ
៩ នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានព្រះបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់បង់
១០ រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស
១១ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពេត្រុសថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី។
ព្រះយេស៊ូវនៅមុខលោកមហាបូជាចារ្យ លោកពេត្រុសបដិសេធមិនទទួលស្គាល់ព្រះយេស៊ូវ
(ម៉ាថាយ២៦.៦៩-៧០ ម៉ាកុស១៤.៦៦-៦៨ លូកា២២.៥៥-៥៧)
១២ នោះពួកទាហាន និងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង
១៣ រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ
១៤ គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន
១៥ ឯស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សំដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសំដេចសង្ឃ ជាមួយនឹងព្រះយេស៊ូវ
១៦ ឯពេត្រុស គាត់ឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសំដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក
១៧ នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ
១៨ ពួកបាវ និងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ។
មហាបូជាចារ្យសួរចម្លើយព្រះយេស៊ូវ
(មថ២៦.៥៩-៦៦ មក១៤.៥៥-៦៤ លក២២.៦៦-៧១)
១៩ នោះសំដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស និងសេចក្តីដែលទ្រង់បង្រៀន
២០ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសំងាត់ទេ
២១ ហេតុអ្វីបានជាលោកសួរខ្ញុំ ចូរសួរដល់ពួកអ្នកដែលបានស្តាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំនិយាយនោះវិញ មើល គេដឹងសេចក្តីដែលខ្ញុំនិយាយដែរ
២២ កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ
២៣ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្តីអាក្រក់នោះចុះ តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ
២៤ នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។
លោកពេត្រុសបដិសេធសាជាថ្មីថាមិនស្គាល់ព្រះយេស៊ូវ
(មថ២៦.៧១-៧៥មក១៤.៦៩-៧២លក២២.៥៨-៦២)
២៥ ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ
២៦ មានពួកបាវសំដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី
២៧ ពេត្រុសក៏ប្រកែកម្តងទៀត ស្រាប់តែមាន់រងាវឡើង។
ព្រះយេស៊ូវនៅមុខលោកពីឡាត់
(មថ២៧.១-២,១១-១៤ មក១៥.១-៥ លក២៣.១-៥)
២៨ គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះ ព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង និងបរិភោគបុណ្យរំលងមិនបាន
២៩ ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោទប្រកាន់មនុស្សនេះពីរឿងអ្វី
៣០ គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ
៣១ ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជំរះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជំរាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសំឡាប់អ្នកណាទេ
៣២ គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានព្រះបន្ទូល នឹងបង្ហាញពីទ្រង់សុគតបែបយ៉ាងណា
៣៣ នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាសេ្តចសាសន៍យូដាឬអី
៣៤ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ
៣៥ លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី
៣៦ ព្រះយេស៊ូវមានព្រះបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយ៍នេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ
៣៧ លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត អស់អ្នកណាដែលកើតពីសេចក្តីពិត នោះក៏ឮសំឡេងខ្ញុំ
៣៨ លោកពីឡាត់ទូលសួរទ្រង់ថា តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ។
គេកាត់ទោសប្រហារជីវិតព្រះយេស៊ូវ
(មថ.២៧.១៥-៣១ មក.១៥.៦-២០ លក.២៣.១៣-២៥)
កាលបានទូលដូច្នោះរួចហើយ នោះលោកចេញទៅឯពួកសាសន៍យូដាម្តងទៀត ក៏មានប្រសាសន៍ថា ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ
៣៩ អ្នករាល់គ្នាមានទំលាប់ធ្លាប់ឲ្យខ្ញុំលែងម្នាក់ ដល់អ្នករាល់គ្នា នៅវេលាបុណ្យរំលង ដូច្នេះ តើចង់ឲ្យខ្ញុំលែងស្តេចនៃសាសន៍យូដាឬអី
៤០ គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ រីឯបារ៉ាបាស វាជាចោរប្លន់។