៦៥
ព្រះអម្ចាស់នឹងវិនិច្ឆ័យទោស
១ អញបានតបឆ្លើយនឹងពួកអ្នក ដែលមិនបានសួររកអញ ហើយពួកអ្នកដែលមិនបានស្វែងរកអញ នោះអញបានឲ្យគេប្រទះឃើញអញវិញ អញបាននិយាយដល់សាសន៍១ដែលមិនបានហៅតាមឈ្មោះអញថា មើល នេះអញហើយ
២ រាល់តែថ្ងៃអញបានហុចដៃទៅចង់ទទួលពួកអ្នកបះបោរ ជាពួកអ្នកប្រព្រឹត្តតាមផ្លូវដែលមិនល្អ តាមតែគំនិតរបស់ខ្លួនគេ
៣ ជាជនជាតិដែលបណ្តាលឲ្យអញខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ
៤ គេអង្គុយនៅកណ្តាលផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសំឡគួរខ្ពើមនៅក្នុងឆ្នាំងរបស់គេ
៥ ក៏ពោលថា ចូរឈរនៅទីនោះដោយខ្លួនទៅ កុំឲ្យមកជិតអញឡើយ ដ្បិតអញបរិសុទ្ធជាងឯង ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះអញ គឺជាភ្លើងដែលឆេះជានិច្ច
៦ មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង
៧ គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
៨ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ១ចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញឡើយ ដ្បិតជាផ្លែមានពរហើយ គឺយ៉ាងនោះដែលអញនឹងប្រព្រឹត្ត ចំពោះពួកអ្នកបំរើរបស់អញទាំងប៉ុន្មានដែរ ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ
៩ អញនឹងបង្កើតជំនួរវង្ស១ ចេញពីយ៉ាកុបមក ហើយឲ្យមានពួក១ ចេញពីយូដាមក ដែលនឹងគ្រងបានស្រុកភ្នំរបស់អញទុកជាមរដក ពួកអ្នករើសតាំងរបស់អញនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបំរើរបស់អញនឹងអាស្រ័យនៅឯនោះផង
១០ នោះវាលសារ៉ុននឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងឲ្យហ្វូងគោដេកនៅ ដល់ពួករាស្ត្ររបស់អញដែលបានស្វែងរកអញ
១១ តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា
១២ អញនឹងឲ្យឯងរាល់គ្នាមានវាសនាជាដាវវិញ ហើយឯងទាំងអស់គ្នានឹងត្រូវឱនទៅ ឲ្យគេកាប់សំឡាប់ ពីព្រោះកាលអញបានហៅនោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
១៣ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ មើល ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន មើល ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក មើលពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស
១៤ មើល ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ តែឯងរាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ
១៥ ឯងរាល់គ្នានឹងបន្តឈ្មោះរបស់ឯង ទុកជាទីផ្តាសាដល់ពួករើសតាំងរបស់អញ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងសំឡាប់ឯងបង់ ទ្រង់នឹងដាក់ឈ្មោះផ្សេងទៀតឲ្យដល់ពួកអ្នកបំរើរបស់ទ្រង់
១៦ បានជាអ្នកណានៅផែនដី ដែលចង់បានពរ នោះនឹងរកពរដោយព្រះនៃសេចក្តីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្តីពិតដែរ ពីព្រោះសេចក្តីវេទនាពីជាន់មុនបានភ្លេចទៅហើយ ក៏បានកំបាំងពីភ្នែកអញផង។
ផ្ទៃមេឃថ្មី និង ផែនដីថ្មី
១៧ ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ
១៨ ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្តីអំណរ ហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្តីអំណរ
១៩ នោះអញនឹងមានសេចក្តីរីករាយចំពោះក្រុងយេរូសាឡិម និងសេចក្តីអំណរចំពោះរាស្ត្រអញ រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសំរែកទៀតឡើយ
២០ ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅឲ្យពេញកំណត់អាយុតទៅទៀត ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុ១០០ឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹម១០០ឆ្នាំ នោះនឹងត្រូវបណ្តាសាវិញ
២១ គ្រានោះមនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ
២២ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ
២៣ គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតតទៅផង
២៤ គ្រានោះមុនដែលគេអំពាវនាវ នោះអញនឹងតបឆ្លើយ ហើយកាលគេកំពុងតែចេញសំដីនៅឡើយ នោះអញនឹងស្តាប់ដែរ
២៥ ឯឆ្កែព្រៃ និងកូនចៀមវានឹងរកស៊ីជាមួយគ្នា ហើយសិង្ហនឹងស៊ីចំបើងដូចជាគោ ចំណែកពស់ វានឹងមានធូលីដីជាអាហារសត្វទាំងឡាយនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់អញទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។