១៣
១ ពីដើមអេប្រាអិមពោលឡើងកាលណា នោះមនុស្សក៏រន្ធត់ញាប់ញ័រ គេបានដំកើងខ្លួនឡើង ក្នុងពួកអ៊ីស្រាអែល តែកាលគេមានទោស ពីដំណើរព្រះបាលនោះគេត្រូវស្លាប់វិញ
២ ហើយឥឡូវនេះ គេធ្វើបាបរឹតតែច្រើនឡើងជានិច្ច គេបានយកប្រាក់របស់គេសិតធ្វើជារូបគឺជារូបព្រះតាមយោបល់របស់ខ្លួន សុទ្ធតែជាស្នាដៃនៃពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះចុះ
៣ ហេតុដូច្នោះគេនឹងបានដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងបន្ទាន់ គឺដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ហើយដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
៤ ទោះបើយ៉ាងនោះក៏ដោយ គង់តែអញ គឺព្រះយេហូវ៉ា អញជាព្រះនៃឯង ចាប់តាំងពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវឲ្យឯងស្គាល់ព្រះឯណាទៀត ក្រៅពីអញឡើយ ក្រៅពីអញ គ្មានព្រះអង្គសង្គ្រោះណាមួយសោះ
៥ អញបានស្គាល់ឯង កាលនៅទីរហោស្ថាន គឺនៅទីហួតហែង
៦ ឯងបានឆ្អែត តាមសណ្ឋាននៃទីឃ្វាលរបស់ឯង លុះបានឆ្អែតហើយ នោះឯងកើតមានចិត្តប៉ោងឡើង គឺហេតុនោះបានជាឯងភ្លេចអញទៅ
៧ ដូច្នេះ អញដូចជាសិង្ហដល់ឯងអញនឹងលបចាំតាមផ្លូវដូចជាខ្លារខិន
៨ អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី ឯសត្វព្រៃនឹងហែកឯងដែរ។
៩ ឱអ៊ីស្រាអែលអើយ សេចក្តីដែលនាំឲ្យឯងត្រូវវិនាស នោះគឺជាដំណើរដែលទាស់ទទឹងនឹងអញ គឺទាស់នឹងអ្នកដែលជួយសង្គ្រោះឯង
១០ ឥឡូវនេះ ស្តេចឯងនៅឯណា ដើម្បីឲ្យគេជួយសង្គ្រោះឯង នៅគ្រប់ទាំងទីក្រុងរបស់ឯងផង និងពួកចៅក្រមរបស់ឯង ដែលឯងបានសូមគេថា សូមឲ្យយើងមានស្តេច និងពួកចៅ ហ្វាយចុះ
១១ អញបានឲ្យឯងមានស្តេច ដោយសេចក្តីកំហឹងរបស់អញ ក៏បានដកស្តេចនោះចេញ ដោយសេចក្តីក្រោធរបស់អញដែរ
១២ សេចក្តីទុច្ចរិតរបស់អេប្រាអិមបានខ្ចប់ទុកហើយ ឯអំពើបាបរបស់គេក៏បានសន្សំទុកដែរ
១៣ គេនឹងកើតមានសេចក្តីឈឺចាប់ ដូចជាស្រីកំពុងឈឺនឹងសំរាលកូន គេជាកូនដែលអាប់ឥតប្រាជ្ញា ដ្បិតដល់កំណត់ហើយនោះមិនគួរឲ្យនៅជាយូរក្នុងទីសំរាលកូនឡើយ
១៤ អញនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏នឹងលោះគេ ឲ្យរួចពីសេចក្តីស្លាប់ដែរ ឱសេចក្តីស្លាប់អើយ ទុក្ខវេទនារបស់ឯងនៅឯណា ឱស្ថានឃុំព្រលឹងមនុស្សស្លាប់អើយ អំណាចបំផ្លាញរបស់ឯង តើនៅឯណា ឯសេចក្តីឈឺចិត្តខ្មាសបាប នឹងបានកំបាំងពីភ្នែកអញ។
១៥ ទោះបើគេកើតផលជាបរិបូរ នៅក្នុងពួកបងប្អូនក៏ដោយ គង់តែនឹងមានខ្យល់ពីទិសខាងកើតបក់មក គឺជាខ្យល់នៃព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថានដែរ នោះក្បាលទឹកគេនឹងរីងស្ងួត ហើយរន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងធ្វើទ្រព្យសម្បត្តិ ជាភាជនៈដ៏មានដំឡៃគ្រប់មុខបានទៅជារបឹបទាំងអស់
១៦ ឯសាម៉ារីនឹងត្រូវរងទ្រាំទោសរបស់ខ្លួន ពីព្រោះបានបះបោរនឹងព្រះនៃខ្លួនគេនឹងដួលស្លាប់ដោយដាវ កូនខ្ចីរបស់គេនឹងត្រូវបោកខ្ទេចខ្ទី ហើយពួកស្រីៗដែលមានទំងន់នឹងត្រូវវះពោះចោល។