៦
១ ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្តីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្តីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្តីប្រែចិត្តចេញពីការស្លាប់ និងសេចក្តីជំនឿជឿដល់ព្រះ
២ ហើយនិងសេចក្តីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ និងសេចក្តីជំនុំជំរះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ
៣ បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង
៤ ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ
៥ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ និងការឫទ្ធិបារមីរបស់បរលោកនាយ
៦ រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង
៧ ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ
៨ តែដីណាដែលបង្កើតសុទ្ធតែបន្លា និងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។
៩ ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្តីប្រសើរជាង គឺជាសេចក្តីដែលត្រូវខាងសេចក្តីសង្គ្រោះវិញ
១០ ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ
១១ តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្តីជំនឿដ៏ពេញលេញរបស់សេចក្តីសង្ឃឹម ដរាបដល់ចុងបំផុត
១២ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្តីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ។
ព្រះបន្ទូលសន្យាដែលមិនចេះប្រែប្រួល
១៣ ដ្បិតកាលព្រះបានសន្យានឹងលោកអ័ប្រាហាំ នោះពីព្រោះគ្មានអ្នកណាធំជាង សំរាប់ឲ្យទ្រង់បានស្បថដោយអ្នកនោះទេ បានជាទ្រង់ស្បថដោយព្រះអង្គទ្រង់វិញថា
១៤ «ដែលឲ្យពរ នោះអញនឹងឲ្យដល់ឯងមែន ហើយដែលចំរើន នោះអញនឹងចំរើនពូជឯងមែន»
១៥ ហើយលោកបានទទួលសេចក្តីសន្យានោះ ដោយព្រោះលោកមានសេចក្តីអត់ធន់ជាយូរ
១៦ ដ្បិតឯមនុស្ស គេតែងស្បថដោយអ្នកណាដែលធំជាងខ្លួន ហើយពាក្យសម្បថនោះក៏រាំងរាគ្រប់ទាំងផ្លូវទាស់ទែងគ្នា ដើម្បីឲ្យការនោះបានសំរេច
១៧ ដូច្នេះ ចំណែកខាងព្រះ ដែលទ្រង់មានព្រះហឫទ័យសង្វាតលើសទៅទៀត ចង់សំដែងឲ្យពួកអ្នកគ្រងសេចក្តីសន្យាទុកជាមរដក បានឃើញព្រះទ័យសំរេចរបស់ទ្រង់ថា មិនចេះប្រែប្រួលឡើយ នោះទ្រង់ក៏បញ្ចូលពាក្យសម្បថដូច្នោះដែរ
១៨ ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្តីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្តីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្តីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ
១៩ យើងខ្ញុំមានសេចក្តីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន
២០ ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។