១៥
ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាម
១ ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង
២ នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ
៣ អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ
៤ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ
៥ រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ
៦ គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់
៧ នោះទ្រង់មានព្រះបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ
៨ រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វីថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត
៩ នោះទ្រង់មានព្រះបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ និងព្រាបជំទើ១មកឲ្យអញ
១០ គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ
១១ ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ។
១២ លុះដល់វេលាថ្ងៃដែលកំពុងតែលិច អាប់រ៉ាមក៏ដេកលក់យន់ទៅ នោះឃើញមានងងឹតយ៉ាងខ្លាំងគួរស្ញែងខ្លាចចុះមកគ្របលើគាត់
១៣ រួចទ្រង់មានព្រះបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបំរើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ
១៤ តែអញនឹងជំនុំជំរះសាសន៍ដែលឯងត្រូវបំរើនោះ រួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើនវិញ
១៥ ឯឯងនឹងទៅឯពួកឰយុកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ
១៦ ដល់ដំណរទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្តីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ
១៧ រួចកាលថ្ងៃលិចទៅ បានងងឹតហើយ នោះឃើញមានគុកភ្លើងហុយផ្សែង និងចន្លោះដែលឆេះទៅមកនៅកណ្តាលដុំសាច់ទាំងនោះ។
១៨ នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
១៩ ព្រមទាំងពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី
២០ ពួកហេត ពួកពេរិស៊ីត ពួករេផែម
២១ ពួកអាម៉ូរី ពួកកាណាន ពួកគើកាស៊ី ហើយនឹងពួកយេប៊ូសផង។