គ្រោះ​កាច​ទី​ប្រាំ: ជំងឺ​អាសន្នរោគ
១ នោះ​ព្រះយេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ទ្រង់​ថា ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ​បង្គំ​ដល់​អញ​ចុះ ២ ដ្បិត​បើ​ឯង​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់ឃាំង​ទៀត ៣ នោះ​មើល ព្រះហស្ត​នៃ​ព្រះយេហូវ៉ា នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​ឯង​ដែល​នៅ​ចំការ គឺ​ទាំង​សេះ លា អូដ្ឋ ហើយ​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​ជា​យ៉ាង​វេទនា ៤ តែ​ព្រះយេហូវ៉ា ទ្រង់​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រាអែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ​នឹង​គ្មាន​ស្លាប់​សត្វ​ណា​មួយ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើយ ៥ ព្រះយេហូវ៉ា​ទ្រង់​ក៏​ដាក់​កំណត់​ថា ថ្ងៃ​ស្អែក​ឡើង ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​នេះ​នៅ​ក្នុង​ស្រុក ៦ លុះ​ដល់​ថ្ងៃ​ស្អែក នោះ​ព្រះយេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ក៏​ស្លាប់​ទាំង​អស់ តែ​គ្មាន​ស្លាប់​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រាអែល​ទេ ៧ ផារ៉ោន​ទ្រង់​ចាត់​គេ​ទៅ​ស៊ើប​មើល ក៏​ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រាអែល​ដែល​បាន​ស្លាប់​សោះ ប៉ុន្តែ​ផារ៉ោន​មាន​ព្រះទ័យ​រឹងចចេស​មិន​ព្រម​បើក​ឲ្យ​បណ្តាជន​ទៅ​ទេ។
គ្រោះ​កាច​ទី​ប្រាំ​មួយ: ជំងឺ​បូស
៨ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ចូរ​ឯង​កើប​យក​ផែះ​ពី​គុក​ភ្លើង​ពេញ​ក្នុង​ក្តាប់​ដៃ រួច​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ​នៅ​មុខ​ផារ៉ោន​ទៅ ៩ ផែះ​នោះ​នឹង​ត្រឡប់​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​នឹង​បង្កើត​ជា​បូស​ធ្លាយ​ចេញ​ជា​ដំបៅ​នៅ​ខ្លួន​មនុស្ស ព្រម​ទាំង​សត្វ​នៅ​ពេញ​ក្នុង​ស្រុក​ដែរ ១០ ម៉ូសេ​ក៏​យក​ផែះ ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផែះ​នោះ​បង្កើត​ជា​បូស​ក្លាយ​ធ្លាយ​ចេញ​ជា​ដំបៅ ក៏​កើត​ឡើង​នៅ​សព្វ​ខ្លួន​របស់​មនុស្ស ហើយ​នឹង​ពួក​សត្វ​ផង ១១ ឯ​ពួក​គ្រូ​គេ​ឈរ​នៅ​មុខ​ម៉ូសេ​មិន​បាន​ទេ ដោយ​ព្រោះ​បូស​នោះ ពី​ព្រោះ​បូស​ក៏​កើត​ឡើង​នៅ​ខ្លួន​គេ​ដែរ ដូច​ជា​នៅ​ខ្លួន​នៃ​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា​ផង ១២ តែ​ព្រះយេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ព្រះទ័យ​ផារ៉ោន​បាន​រឹងទទឹង ទ្រង់​មិន​ព្រម​ស្តាប់​តាម​លោក​សោះ ដូច​ជា​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ស្រាប់។
គ្រោះ​កាច​ទី​ប្រាំ​ពីរ: ព្រិល
១៣ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន​ទូល​ថា ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ​បង្គំ​ដល់​អញ ១៤ ដ្បិត​ម្តង​នេះ អញ​នឹង​ដាក់​សេចក្តី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង និង​ពួក​មហាតលិក ហើយ​នឹង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ ១៥ ដ្បិត​បើ​អញ​បាន​លើក​ដៃ​អញ​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​រាស្ត្រ​ឯង កើត​មាន​ជំងឺ​អាសន្នរោគ ក្នុង​ពេល​ឥឡូវ នោះ​ឯង​រាល់​គ្នា​នឹង​បាន​វិនាស​បាត់​ពី​លើ​ផែនដី​ទៅ​អស់​រលីង​ហើយ ១៦ ប៉ុន្តែ​អញ​បាន​ទុក​ឲ្យ​ឯង​រស់​នៅ​វិញ ដើម្បី​ឲ្យ​ឯង​បាន​ឃើញ​ឫទ្ធិបារមី​របស់​អញ ហើយ​ឲ្យ​គេ​បាន​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​គ្រប់​លើ​ផែនដី ១៧ តើ​ឯង​នៅ​តែ​ដំកើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​អញ ព្រម​ទាំង​ឃាត់​មិន​ឲ្យ​គេ​ទៅ​ទៀត​ឬ ១៨ មើល ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ធ្លាក់​ព្រិល​ជា​យ៉ាង​វេទនា​មក​ដល់ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​ស្រុក ដរាប​ដល់​ឥឡូវ​នេះ នោះ​មិន​ដែល​មាន​ឲ្យ​ដូច​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ ១៩ ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អស់​ទាំង​ហ្វូង​សត្វ និង​របស់​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ឯ​វាល​ចូល​មក​ជា​ប្រញាប់ ដ្បិត​អស់​ទាំង​មនុស្ស និង​សត្វ​ទាំង​ប៉ុន្មាន​នៅ​វាល ដែល​មិន​បាន​ប្រមូល​មក​ក្នុង​ផ្ទះ នោះ​នឹង​ត្រូវ​ព្រិល​ធ្លាក់​មក​លើ ស្លាប់​ទាំង​អស់ ២០ នោះ​ពួក​មហាតលិក​ណា​មួយ​របស់​ផារ៉ោន ដែល​កោតខ្លាច​ដល់​ព្រះបន្ទូល​ព្រះយេហូវ៉ា គេ​ក៏​ឲ្យ​ពួក​បាវ និង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​ទាំង​អស់ ២១ ប៉ុន្តែ​ពួក​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល​ព្រះយេហូវ៉ា​សោះ គេ​ក៏​ទុក​ឲ្យ​ពួក​បាវ​នឹង​ហ្វូង​សត្វ​នៅ​ឯ​វាល​វិញ។
២២ នោះ​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ព្រិល​ធ្លាក់​មក​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​ធ្លាក់​មក​លើ​ទាំង​មនុស្ស និង​សត្វ ហើយ​លើ​គ្រប់​ទាំង​ដំណាំ​នៅ​ទី​វាល​ក្នុង​ស្រុក​ផង ២៣ ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ នោះ​ព្រះយេហូវ៉ា​ទ្រង់​ចាត់​ឲ្យ​មាន​ផ្គរ​ហើយ​នឹង​ព្រិល​មក ក៏​មាន​រន្ទះ​បាញ់​ផ្សាយ​ជា​ភ្លើង​នៅ​លើ​ដី ហើយ​ព្រះយេហូវ៉ា​ទ្រង់​បង្អុរ​ព្រិល​មក​លើ​ស្រុក​អេស៊ីព្ទ ២៤ ក៏​មាន​ព្រិល និង​ភ្លើង​លាយ​គ្នា​ជា​យ៉ាង​វេទនា​ដល់​ម៉្លេះ បាន​ជា​តាំង​ពី​ស្រុក​អេស៊ីព្ទ​កើត​ឡើង​ជា​នគរ នោះ​មិន​ដែល​មាន​នៅ​ក្នុង​ស្រុក​ដូច្នោះ​ឡើយ ២៥ នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ ព្រិល​នោះ​បាន​ធ្លាក់​មក​ត្រូវ​របស់​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ក៏​ធ្លាក់​មក​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​វាល​ដែរ ហើយ​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ​ផង ២៦ ឯ​ទី​ដែល​គ្មាន​ព្រិល នោះ​មាន​តែ​នៅ​ស្រុក​កូសែន ដែល​ជា​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ។
២៧ នោះ​ផារ៉ោន ទ្រង់​ចាត់​ឲ្យ​ទៅ​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ថា ម្តង​នេះ​អញ​ជា​អ្នក​មាន​បាប គឺ​ជា​ព្រះយេហូវ៉ា​ដែល​សុចរិត ឯ​អញ និង​រាស្ត្រ​អញ យើង​ជា​ពួក​អាក្រក់​វិញ ២៨ ដូច្នេះ​សូម​ឲ្យ​ឯង​អង្វរ​ដល់​ព្រះយេហូវ៉ា​ផង ដ្បិត​មាន​ផ្គរ​ជា​យ៉ាង​ខ្លាំង ហើយ​នឹង​ព្រិល​នេះ​ជា​ការ​ល្មម​ហើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ ឥត​មាន​ឃាត់ឃាំង​ទៀត​ឡើយ ២៩ ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូលបង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូលបង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះយេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់​ហើយ​នឹង​គ្មាន​ព្រិល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះយេហូវ៉ា ៣០ ប៉ុន្តែ​ទូលបង្គំ​ដឹង​ថា ទ្រង់ និង​ពួក​មហាតលិក​មិន​ទាន់​ខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ព្រះ​នៅ​ឡើយ​ទេ ៣១ ឯ​ដើម​ខ្លូតទេស និង​ស្រូវ​ឱក នោះ​ហិនហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​តែ​បែក​គួរ ហើយ​ដើម​ខ្លូតទេស​ចេញ​ផ្កា​ហើយ ៣២ តែ​ស្រូវសាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ពី​ព្រោះ​មិន​ទាន់​ដុះ​នៅ​ឡើយ ៣៣ ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះយេហូវ៉ា នោះ​ផ្គរលាន់​ក៏​ស្ងប់ស្ងាត់ ព្រិល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត ៣៤ រួច​កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង និង​ព្រិល ហើយ​នឹង​ផ្គរលាន់​បាន​ស្ងប់​បាត់​អស់​ហើយ នោះ​ទ្រង់​នៅ​តែ​ធ្វើ​បាប​ទៀត គឺ​ទ្រង់​តាំង​ព្រះទ័យ​រឹងទទឹង ព្រម​ទាំង​ពួក​មហាតលិក​ទាំង​អស់​គ្នា​ផង ៣៥ ដូច្នេះ​ផារ៉ោន​មាន​ព្រះទ័យ​រឹងទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដោយសារ​ម៉ូសេ។