៣
១ ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរឯងស៊ីរបស់ដែលឯងឃើញនេះ គឺស៊ីក្រាំងនេះទៅ រួចចូរទៅនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះ
២ ដូច្នេះ ខ្ញុំក៏ហាមាត់ឡើង ហើយទ្រង់ធ្វើឲ្យខ្ញុំបរិភោគក្រាំងនោះទៅ
៣ ទ្រង់បង្គាប់ដល់ខ្ញុំថា កូនមនុស្សអើយ ចូរឲ្យពោះឯងទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលអញឲ្យដល់ឯងផង នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។
៤ រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់អញចុះ
៥ ដ្បិតអញមិនចាត់ឯង ឲ្យទៅឯសាសន៍ណាដែលមានពាក្យសំដីប្លែក និងភាសាពិបាកនោះទេ គឺឲ្យទៅឯពូជពង្សអ៊ីស្រាអែលវិញ
៦ មិនមែនទៅឯសាសន៍ជាច្រើន ដែលមានពាក្យសំដីប្លែក និងភាសាពិបាក ដែលឯងនឹងស្តាប់ពាក្យរបស់គេមិនបាននោះទេ បើសិនជាអញចាត់ឯងឲ្យទៅឯសាសន៍ទាំងនោះ ប្រាកដជាគេនឹងស្តាប់ឯងជាពិត
៧ តែពូជពង្សអ៊ីស្រាអែលមិនព្រមស្តាប់តាមឯងទេ ពីព្រោះគេមិនព្រមស្តាប់តាមអញហើយ ដ្បិតពូជពង្សអ៊ីស្រាអែលសុទ្ធតែមានក្បាលរឹង ហើយមានចិត្តចចេស
៨ មើល អញធ្វើឲ្យមុខឯងបានរឹងតនឹងមុខគេ ហើយក្បាលឯងបានរឹងតនឹងក្បាលគេដែរ
៩ អញបានធ្វើឲ្យក្បាលឯងរឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លើងទៅទៀត កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
១០ ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យ ដែលអញនឹងប្រាប់ដល់ឯង ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង
១១ រួចទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍ឯង ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ នេះគឺទោះបើគេនឹងព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី។
១២ លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង ហើយខ្ញុំឮសូរអឺងអាប់ជាខ្លាំងពីក្រោយខ្ញុំថា សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានពរពីស្ថានរបស់ទ្រង់មក
១៣ ហើយក៏ឮសូរសន្ធឹកនៃស្លាបរបស់តួមានជីវិតទាំងនោះ ដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង
១៤ ដូច្នេះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្តីជូរចត់ ហើយដោយសេចក្តីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ
១៥ នោះខ្ញុំទៅដល់ពួកឈ្លើយ ដែលនៅត្រង់ថេល-អាប៊ីប នៅក្បែរទន្លេកេបារ រីឯទៅកន្លែងដែលគេអាស្រ័យនៅ នោះខ្ញុំក៏នៅកណ្តាលគេអស់៧ថ្ងៃដោយស្រឡាំងកាំង។
១៦ លុះផុតពី៧ថ្ងៃនោះមក ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
១៧ កូនមនុស្សអើយ អញបានតាំងឯងឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង
១៨ កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើឯងមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមរបស់គេពីដៃឯងវិញ
១៩ ប៉ុន្តែ បើឯងប្រាមប្រាប់ដល់មនុស្សអាក្រក់នោះវិញ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែឯងនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ
២០ មួយទៀត កាលណាមនុស្សសុចរិតបានលះចោលអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ ហើយអញដាក់ហេតុ ឲ្យចំពប់នៅមុខគេ នោះគេនឹងត្រូវស្លាប់ ហើយដោយព្រោះឯងមិនបានប្រាមប្រាប់គេ នោះគេនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនគេ ហើយនឹងលែងមានសេចក្តីនឹកចាំពីអំពើសុចរិតទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តនោះដែរ តែអញនឹងទារឈាមគេពីដៃឯងវិញ
២១ ប៉ុន្តែបើឯងប្រាមប្រាប់ដល់មនុស្សសុចរិត ដើម្បីឲ្យគេបានរវាំងខ្លួនមិនឲ្យធ្វើបាបឡើយ ហើយគេក៏វៀរចេញពីអំពើបាបទៅ នោះគេនឹងរស់នៅជាពិត ដោយព្រោះបានទទួលតាមពាក្យប្រាមប្រាប់របស់ឯង យ៉ាងនោះ ឯងនឹងបានដោះព្រលឹងខ្លួន ឲ្យបានរួចផង។
២២ នៅទីនោះ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ចេញទៅឯវាល នៅទីនោះអញនឹងនិយាយនឹងឯង
២៣ ដូច្នេះ ខ្ញុំក៏ក្រោកឡើងចេញទៅឯវាល ហើយមើល មានសិរីល្អនៃព្រះយេហូវ៉ាសណ្ឋិតនៅទីនោះ ដូចជាសិរីល្អដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារដែរ ខ្ញុំក៏ដួលផ្កាប់មុខចុះ
២៤ រួចព្រះវិញ្ញាណទ្រង់មកសណ្ឋិតនៅក្នុងខ្ញុំ ហើយលើកខ្ញុំបញ្ឈរឡើង ទ្រង់មានព្រះបន្ទូលនឹងខ្ញុំ ហើយប្រាប់ថា ចូរឯងចូលទៅក្នុងផ្ទះ ហើយបិទទ្វារទៅ
២៥ ប៉ុន្តែ ឱកូនមនុស្សអើយ មើល គេនឹងដាក់ចំណងជាប់នឹងឯង ទាំងចងឯងដោយចំណងនោះ ហើយឯងនឹងចេញចូលទៅកណ្តាលគេមិនបាន
២៦ អញនឹងធ្វើឲ្យអណ្តាតឯង ជាប់នៅនឹងក្រអូមមាត់ ឲ្យឯងបានគ ដើម្បីមិនឲ្យធ្វើជាអ្នកបន្ទោសដល់គេទៀត ដ្បិតគេជាពូជពង្សរឹងចចេស
២៧ ប៉ុន្តែ កាលណាអញនិយាយនឹងឯង នោះអញនឹងបើកមាត់ឯងឡើង ហើយឯងនឹងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកណាដែលស្តាប់ ចូរស្តាប់ចុះ ឯអ្នកណាដែលមិនព្រមស្តាប់ទេ នោះក៏តាមចិត្តចុះ ដ្បិតគេជាពូជពង្សរឹងចចេសហើយ។