១៧
ប្រស្នាអំពីដើមតាត្រៅ និងសត្វឥន្ទ្រី
១ ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
២ កូនមនុស្សអើយ ចូរដាក់ប្រស្នា ហើយពោលសេចក្តីប្រៀបធៀបដល់ពួកវង្សអ៊ីស្រាអែលថា
៣ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌ ដែលមានចំអេងស្លាបធំ ហើយវែង វាហើរមកដល់ព្រៃល្បាណូន កាច់យកចុងដើមតាត្រៅ១
៤ វាកាច់យកលំពង់ នៅចុងបំផុតនៃដើមនោះយកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ
៥ វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក
៦ ដើមនោះក៏ដុះឡើង ត្រឡប់ជាដើមទំពាំងបាយជូរលូតលាស់ទាបៗ ដែលខ្នែងក៏បែរមកខាងឥន្ទ្រីនោះ ឯឫសក៏នៅពីក្រោមវាដែរ ដូច្នេះ ដើមនោះបានត្រឡប់ជាដើមទំពាំងបាយជូរ ក៏បែកខ្នែង ហើយចេញត្រួយផង
៧ មានសត្វឥន្ទ្រីធំ១ទៀតមានស្លាបច្រើន ហើយចំអេងស្លាបយ៉ាងធំ រីឯដើមទំពាំងបាយជូរ នោះបានបត់ឫសពីដីដែលដាំនោះទៅខាងវាវិញ ហើយបោះមែកចេញទៅខាងវាដែរ ដើម្បីឲ្យវាបានស្រោចទឹក
៨ ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ
៩ ត្រូវឲ្យឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដើមនោះនឹងចំរើនឡើងបានឬ តើឥន្ទ្រីមុននោះមិនដករំលើងទាំងឫស ហើយកាត់ផ្លែចេញ ឲ្យបានស្វិតទៅ ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬអី ឥតចាំមានដៃខ្លាំងពូកែ ឬមនុស្សជាច្រើន ដើម្បីនឹងដករំលីងទាំងឫសផងឡើយ
១០ អើ មើល ដែលបានដាំដូច្នេះហើយ តើនឹងចំរើនឡើងបានឬ តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើតបក់មកប៉ះត្រូវទេឬអី អើ នឹងត្រូវស្វិតក្រៀមទៅ នៅកន្លែងដែលដុះនោះឯង។
១១ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
១២ ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើឯងរាល់គ្នាមិនយល់ន័យសេចក្តីទាំងនេះទេឬអី ចូរប្រាប់គេថា មើលស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន
១៣ នោះក៏រើសយកពូជស្តេច១អង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ រួចបានដឹកនាំពួកអ្នកខ្លាំងពូកែ ក្នុងស្រុកចេញទៅ
១៤ ដើម្បីឲ្យរាជ្យនោះបានទាបថោក ឥតដែលងើបឡើងទៀតបានឡើយ តែឲ្យបានជាប់នៅ ដោយការរក្សាសញ្ញានោះ
១៥ ប៉ុន្តែ ស្តេចយើងបានបះបោរនឹងទ្រង់វិញ ដោយចាត់រាជទូតទៅឯស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ និងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចំរើនឡើងបានឬ តើអ្នកណាដែលប្រព្រឹត្តដូច្នេះនឹងរួចខ្លួនឬ តើនឹងអាចផ្តាច់សេចក្តីសញ្ញា ហើយរួចខ្លួនបានឬ
១៦ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាស្តេចយើង នឹងត្រូវស្លាប់ នៅកន្លែងនៃស្តេច ដែលបានតាំងទ្រង់ឡើង ឲ្យសោយរាជ្យដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្តីសញ្ញារបស់ស្តេចនោះបង់ គឺនឹងត្រូវស្លាប់ នៅកណ្តាលក្រុងបាប៊ីឡូនជិតស្តេចនោះឯង
១៧ ហើយផារ៉ោន និងពលទ័ពដ៏ខ្លាំងពូកែនឹងមិនមកជួយក្នុងចំបាំង ដោយមានគ្នាសន្ធឹករបស់ទ្រង់ ក្នុងកាលដែលគេជីកស្នាមភ្លោះ ហើយធ្វើប៉មបុកទំលាយកំផែងឡើង ដើម្បីនឹងកាត់ជីវិតមនុស្សជាច្រើនចេញនោះដែរ
១៨ ដ្បិតស្តេចយើងបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្តីសញ្ញានោះចេញ ហើយមើល ទ្រង់ក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ
១៩ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងទំលាក់ពាក្យសម្បថរបស់អញ ដែលវាបានមើលងាយ និងសេចក្តីសញ្ញារបស់អញ ដែលវាបានផ្តាច់ចេញនោះ ទៅលើក្បាលវាវិញ
២០ អញនឹងលាតមងអញទៅលើវា នោះវានឹងត្រូវជាប់នៅក្នុងអន្ទាក់របស់អញ អញនឹងនាំវាទៅឯក្រុងបាប៊ីឡូន ហើយនឹងមានរឿងគ្នានៅទីនោះ ដោយព្រោះអំពើរំលងដែលវាបានប្រព្រឹត្តនឹងអញ
២១ ឯអស់ពួកអ្នកក្នុងកងទ័ពវាដែលរត់រួច គេនឹងត្រូវដួលដោយដាវ ឯពួកអ្នកដែលសល់នៅ គេនឹងត្រូវខ្ចាត់ខ្ចាយទៅគ្រប់ទិសនោះឯងរាល់គ្នានឹងដឹងថា អញនេះ គឺយេហូវ៉ា អញបានចេញវាចាហើយ។
២២ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងកាច់យកចុងដើមតាត្រៅយ៉ាងខ្ពស់ ទៅដាំចុះ អញនឹងកាច់យកលំពង់១យ៉ាងទន់ ពីចុងបំផុតរបស់ដើមនោះទៅដាំនៅលើយ៉ាងខ្ពស់ស្រឡេត
២៣ គឺអញនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល ដើមនោះនឹងបោះមែក ហើយកើតផល ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ ឯអស់ទាំងសត្វស្លាបគ្រប់មុខ នឹងជ្រកនៅក្រោមហើយធ្វើសំបុកនៅក្រោមម្លប់នៃមែកវា
២៤ ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញគឺអញ យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។