៩
១ អើ គ្រប់សេចក្តីទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ នោះឃើញថា មនុស្សសុចរិត នឹងមនុស្សប្រាជ្ញ ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តនៃព្រះ ទោះបើការនោះមក ដោយសេចក្តីស្រឡាញ់ ឬសេចក្តីសំអប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែទាំងអស់ក៏ច្បាស់នៅចំពោះមុខគេ
២ គ្រប់ទាំងអស់កើតដល់មនុស្សទាំងអស់ដូចគ្នា មានការតែ១មុខកើតដល់ទាំងមនុស្សទាំងសុចរិត និងមនុស្សទុច្ចរិត មនុស្សល្អ មនុស្សស្អាត និងមនុស្សដែលមិនស្អាត ហើយមនុស្សដែលថ្វាយយញ្ញបូជា និងមនុស្សដែលមិនថ្វាយផង គឺមនុស្សល្អយ៉ាងណា មនុស្សមានបាបក៏យ៉ាងនោះដែរ ហើយអ្នកណាដែលហ៊ានផ្តាសាដល់ខ្លួន ក៏ដូចជាអ្នកដែលខ្លាចពាក្យផ្តាសាដែរ
៣ នេះជាការអាក្រក់១ក្នុងអស់ទាំងការ ដែលកើតមកនៅក្រោមថ្ងៃ គឺដែលមានសេចក្តីតែ១ដដែល កើតដល់មនុស្សទាំងអស់ អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ ហើយក៏មានសេចក្តីចំកួតក្នុងចិត្ត អស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់
៤ ដ្បិតមានសេចក្តីសង្ឃឹមចំពោះអ្នកណា ដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយ ពីព្រោះថា សូម្បីតែឆ្កែរស់ គង់វិសេសជាងសិង្ហស្លាប់ដែរ
៥ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ
៦ ទោះទាំងសេចក្តីស្រឡាញ់ សេចក្តីសំអប់ នឹងសេចក្តីឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ។
៧ ដូច្នេះ ចូរទៅចុះ ឲ្យបរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះទ្រង់បានទទួលការរបស់ឯងហើយ
៨ ចូរឲ្យសំលៀកបំពាក់របស់ឯងបានសនៅជានិច្ច ហើយកុំឲ្យខានមានប្រេង នៅលើក្បាលឯងដែរ
៩ ចូររស់នៅដោយអំណរ ជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេល ដែលឯងរស់នៅ ក្នុងជីវិតដ៏ឥតប្រយោជន៍នេះដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង
១០ ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ។
១១ យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសំរេចនឹងមនុស្សដែលរត់លឿន ការចំបាំងក៏មិនសំរេចនឹងមនុស្សដែលមានកំឡាំងដែរ ឯនំបុ័ង មិនសំរេចនឹងមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ
១២ ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ ឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ ហើយសត្វហើរជាប់ក្នុងអន្ទាក់ គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាម១រំពេចដែរ។
១៣ យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅ ដូចជាធំប្រសើរដល់យើងដែរ
១៤ គឺមានទីក្រុង១តូច ហើយមានមនុស្សតិចណាស់ផង រួចមានស្តេចធំ១មកទាស់ ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះ
១៥ រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយ ទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ
១៦ នោះយើងបានថា ប្រាជ្ញាវិសេសជាងកំឡាំង ប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញ ក៏មិនស្តាប់តាមពាក្យរបស់អ្នកនោះដែរ
១៧ ការដែលស្តាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសំរែករបស់អ្នកណាដែល គ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ
១៨ ប្រាជ្ញាតែងវិសេសជាងគ្រឿងចំបាំង តែមនុស្សមានបាបតែម្នាក់រមែងបំផ្លាញការល្អទៅជាច្រើនវិញ។