៨
ព្រះអម្ចាស់អប់រំអ៊ីស្រាអែលនៅវាលរហោស្ថាន
១ ឯអស់ទាំងសេចក្តីបង្គាប់ ដែលអញប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះ នោះត្រូវឲ្យឯងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម ដើម្បីឲ្យបានរស់នៅ ហើយចំរើនជាច្រើនឡើង ហើយឲ្យបានចូលទៅ ទទួលយកស្រុកដែលព្រះយេហូវ៉ា បានស្បថ និងពួកឰយុកោឯង
២ ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការ ដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្តីណា ដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់ តាមបញ្ញត្តទ្រង់ឬទេ
៣ ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឲ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាន៉ា ដែលឯង និងពួកឰយុកោឯងមិនដែលស្គាល់ឡើយ ដើម្បីឲ្យឯងបានដឹងថា មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ
៤ សំលៀកបំពាក់ឯងមិនបានសឹកនៅលើកខ្លួនសោះ ហើយជើងឯងក៏មិនបានពុរពងនៅរវាង៤០ឆ្នាំនេះផង
៥ ក៏ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានវាយផ្ចាលឯង ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន
៦ ដូច្នេះត្រូវឲ្យកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងដើម្បីនឹងដើរតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកោតខ្លាចដល់ទ្រង់ផង
ការល្បួងផ្សេងៗនៅក្នុងទឹកដីសន្យា
៧ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនឹងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង
៨ ជាស្រុកដែលមានស្រូវសាលី និងស្រូវឱកក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ហើយមានដើមអូលីវ និងទឹកឃ្មុំផង
៩ ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង
១០ ឯងនឹងបរិភោគទាល់តែឆ្អែត ហើយនឹងសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយព្រោះស្រុកដ៏ល្អ ដែលទ្រង់បានប្រទានមក។
១១ ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯងដោយមិនកាន់តាមអស់ទាំងសេចក្តីបង្គាប់ និងច្បាប់ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ
១២ ហើយកាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ
១៣ បានហ្វូងគោ ហ្វូងចៀមចំរើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯង ក៏បានបរិបូរផង
១៤ នោះក្រែងចិត្តឯងបានអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញរួចពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក
១៥ ហើយបាននាំឯង ដើរកាត់ទីរហោស្ថានសំបើមគួរស្ញែងខ្លាច ដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែទ្រង់បានធ្វើឲ្យទឹកចេញពីថ្មយ៉ាងរឹងឲ្យឯង
១៦ ក៏បានចិញ្ចឹមឯង នៅក្នុងទីរហោស្ថាន ដោយនំម៉ាន៉ាដែលពួកឰយុកោឯងមិនដែលស្គាល់ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯង ប្រយោជន៍នឹងប្រោសឲ្យឯងបានសេចក្តីល្អដល់ចុងបំផុត
១៧ ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ
១៨ ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្តីសញ្ញា ដែលទ្រង់បានស្បថនឹងពួកឰយុកោឯងដូចជាមានសព្វថ្ងៃនេះ
១៩ តែបើឯងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯងមែន ហើយទៅប្រព្រឹត្តតាមព្រះដ៏ទៃ ទាំងគោរពប្រតិបត្តិ ក្រាបថ្វាយបង្គំដល់ព្រះនោះវិញ នោះអញធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា នឹងត្រូវវិនាសទៅអស់រលីង
២០ ឯងរាល់គ្នានឹងត្រូវវិនាសទៅ ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់កំពុងតែធ្វើឲ្យវិនាស ពីមុខឯងចេញនោះដែរ ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ។