១៩
ច្បាប់ស្តីអំពីក្រុងជំរក
១ កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានកាត់បណ្តាច់អស់ទាំងសាសន៍ទាំងនោះ ដែលទ្រង់ប្រទានស្រុកគេមកឲ្យឯង ហើយឯងបានបណ្តេញគេទៅ ព្រមទាំងតាំងទីលំនៅឯងនៅក្នុងក្រុង និងនៅក្នុងផ្ទះគេ
២ នោះត្រូវញែកទីក្រុង៣ចេញ សំរាប់ឯង នៅកណ្តាលស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យក
៣ ត្រូវឲ្យរៀបចំផ្លូវ ហើយចែកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ចេញជា៣ផ្នែក ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់គេ បានរត់ទៅជ្រកនៅឯទីនោះ។
៤ នេះជាច្បាប់ខាងឯអ្នកដែលសំឡាប់គេ ហើយរត់ទៅជ្រកអាស្រ័យនៅទីក្រុងនោះ ដើម្បីនឹងឲ្យរួចជីវិតបាន គឺអ្នកណាមួយដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ក៏មិនបានស្អប់កាលពីមុនដែរ
៥ ឧបមាដូចជាមនុស្សណាម្នាក់ ដែលទៅព្រៃកាប់ឧសជាមួយនឹងអ្នកជិតខាងខ្លួន ហើយក៏លើកពូថៅឡើង និងកាប់រំលំដើមឈើ ស្រាប់តែផ្លែរបូតចេញពីដង ទៅត្រូវអ្នកជិតខាងដល់ស្លាប់ ដូច្នេះត្រូវឲ្យអ្នកនោះរត់ទៅជ្រកអាស្រ័យ នៅទីក្រុងណាមួយនោះ ឲ្យបានរួចជីវិតចុះ
៦ ក្រែងអ្នកដែលត្រូវសងសឹកនឹងឈាម បានដេញតាមអ្នកដែលសំឡាប់គេឲ្យទាន់ ដោយព្រោះផ្លូវនោះឆ្ងាយ ក្នុងកាលដែលចិត្តកំពុងខឹងក្តៅនៅឡើយ រួចក៏វាយអ្នកនោះសំឡាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ពីព្រោះមិនបានស្អប់គេពីដើមឡើយ
៧ ហេតុនោះបានជាអញបង្គាប់ថា ចូរញែកទីក្រុង៣សំរាប់ឯងចុះ
៨ ហើយបើព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់វាតព្រំប្រទល់របស់ឯងឲ្យធំឡើង ដូចជាទ្រង់បានស្បថនឹងពួកឰយុកោ ហើយទ្រង់ប្រទានស្រុកទាំងអស់ ដែលទ្រង់បានសន្យា និងឲ្យដល់ពួកឰយុកោឯង
៩ ដោយឯងនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្តីបញ្ញត្តដែលអញបង្គាប់មក នៅថ្ងៃនេះ គ្រប់ជំពូក ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងដើរតាមផ្លូវទ្រង់ ជាដរាបទៅ នោះត្រូវឲ្យបន្ថែមទីក្រុង៣ទៀត
១០ ដើម្បីកុំឲ្យមានការខ្ចាយឈាម របស់មនុស្សឥតទោសនៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯង ហើយយ៉ាងនោះ មានឈាមធ្លាក់មកលើឯងនោះឡើយ។
១១ ប៉ុន្តែបើមនុស្សណាមានចិត្តស្អប់ ដល់អ្នកជិតខាងខ្លួន ហើយលបចាំស្ទុះទៅវាយឲ្យដល់ស្លាប់ រួចរត់ទៅជ្រកនៅទីក្រុងណាមួយនោះ
១២ នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមក ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃអ្នក ដែលត្រូវសងសឹកនឹងឈាមវិញ ដើម្បីឲ្យត្រូវស្លាប់ចុះ
១៣ មិនត្រូវឲ្យភ្នែកឯងប្រណីឡើយ ត្រូវឲ្យបំបាត់ការខ្ចាយឈាមឥតទោស ពីពួកអ៊ីស្រាអែលចេញវិញ ដើម្បីឲ្យឯងបានសប្បាយតទៅ។
ច្បាប់ស្តីអំពីការបង្ខិតបង្គោលរបង
១៤ មិនត្រូវឲ្យឯងបន្ថយគោលចារឹករបស់អ្នកជិតខាងដែលគេបានបោះកាលពីដើម នៅដីដែលឯងនឹងគ្រងជាមរដក ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យចាប់យកនោះឡើយ។
សាក្សីក្លែងក្លាយ
១៥ មិនត្រូវមានស្មរបន្ទាល់តែម្នាក់ ឈរឡើងធ្វើបន្ទាល់ពីសេចក្តីទុច្ចរិត ឬពីអំពើបាបណា ដែលមនុស្សនឹងប្រព្រឹត្តយ៉ាងណាក្តីនោះឡើយ គឺដោយស្មរបន្ទាល់២ឬ៣នាក់វិញ ទើបដំណើរនោះនឹងសំរេចបាន
១៦ បើកាលណាមានស្មរបន្ទាល់ក្លែងក្លាយ ឈរឡើងធ្វើបន្ទាល់ទាស់នឹងមនុស្សណា ពីការកំហុសអ្វី
១៧ នោះត្រូវឲ្យទាំង២នាក់ដែលកើតទាស់ទែងគ្នា បានឈរនៅចំពោះព្រះយេហូវ៉ា ត្រង់មុខពួកសង្ឃ និងចៅក្រមដែលមានក្នុងគ្រានោះ
១៨ ហើយត្រូវឲ្យពួកចៅក្រមពិនិត្យសួរដោយហ្មត់ចត់ បើឃើញថា អ្នកនោះជាស្មរបន្ទាល់ក្លែងក្លាយមែន ហើយបានធ្វើបន្ទាល់កោងទាស់នឹងបងប្អូន
១៩ នោះត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តនឹងអ្នកនោះ ដូចជាអ្នកនោះបានគិតធ្វើដល់បងប្អូនវិញ យ៉ាងនោះឯងនឹងបំបាត់សេចក្តីអាក្រក់ពីពួកឯងចេញ
២០ ដូច្នេះអ្នកឯទៀតនឹងឮ ហើយកោតខ្លាច រួចនឹងលែងប្រព្រឹត្តការអាក្រក់យ៉ាងដូច្នោះ នៅក្នុងពួកឯងតទៅ
២១ មិនត្រូវឲ្យភ្នែកឯងប្រណីគេឲ្យសោះ ត្រូវធ្វើឲ្យជីវិតធួននឹងជីវិត ភ្នែកធួននឹងភ្នែក ធ្មេញធួននឹងធ្មេញ ដៃធួននឹងដៃ ជើងធួននឹងជើងវិញ។