១២
ក្រឹត្យវិន័យ និងច្បាប់ផ្សេងៗ ត្រូវថ្វាយបង្គំព្រះអម្ចាស់នៅកន្លែងតែមួយ
១ នេះជាច្បាប់ និងជាបញ្ញត្តទាំងប៉ុន្មាន ដែលឯងរាល់គ្នាត្រូវប្រយ័ត្ន និងប្រព្រឹត្តតាម នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯង បានប្រទានឲ្យទទួលយក រហូតដល់គ្រប់១ជីវិតដែលឯងរាល់គ្នារស់នៅលើផែនដី
២ គឺត្រូវឲ្យបំផ្លាញគ្រប់ទីកន្លែងរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលឯងនឹងបណ្តេញចេញនោះ ជាកុំខាន គឺជាកន្លែងដែលគេបានគោរពប្រតិបត្តិដល់ព្រះគេ នៅលើភ្នំធំតូច ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង
៣ ត្រូវរំលំអាសនាគេ ព្រមទាំងបំបាក់បំបែកបង្គោលដែលសំរាប់គោរព និងដុតអ្នកតារបស់គេ ក៏ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយរំលាយឈ្មោះព្រះទាំងនោះពីទីនោះចេញផង
៤ តែមិនត្រូវធ្វើដូច្នោះដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ
៥ គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ា ជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សំរាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ
៦ ក៏ត្រូវនាំយកអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ដង្វាយលើកចុះឡើង ដង្វាយលាបំណន់ ដង្វាយស្ម័គ្រពីចិត្ត និងកូនកើតដំបូងក្នុងហ្វូងគោហ្វូងចៀមឯង ទៅឯទីនោះដែរ
៧ ហើយនៅទីនោះ ត្រូវឲ្យឯងរាល់គ្នាបរិភោគនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឯង និងពួកគ្រួសារឯង ត្រូវអរសប្បាយឡើង ដោយព្រោះគ្រប់ទាំងរបស់ដែលដៃឯងលូកទៅចាប់យក ពីរបស់ទាំងប៉ុន្មានដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯងហើយ
៨ មិនត្រូវធ្វើដូចជាយើងធ្វើនៅទីនេះសព្វថ្ងៃ គឺតាមតែគ្រប់គ្នាគិតឃើញថាត្រូវនោះទេ
៩ ដ្បិតឯងរាល់គ្នាមិនទាន់បានចូលដល់សេចក្តីសំរាក និងមរដកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកនៅឡើយទេ
១០ តែកាលណាបានឆ្លងទន្លេយ័រដាន់ ទៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យគ្រងជាមរដក ហើយទ្រង់បានប្រទានឲ្យសំរាកពីពួកខ្មាំងសត្រូវនៅជុំវិញ និងឲ្យឯងបាននៅដោយសុខសាន្តហើយ
១១ នោះត្រូវនាំយកអស់ទាំងដង្វាយ ដែលអញបង្គាប់ឯង ទៅថ្វាយនៅកន្លែងណាដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់ចុះ គឺអស់ទាំងដង្វាយដុត យញ្ញបូជា ដង្វាយ១ភាគក្នុង១០ ដង្វាយលើកចុះឡើង ហើយគ្រប់ទាំងផលជ្រើសរើស ដែលឯងបានបន់ថ្វាយព្រះយេហូវ៉ាផង
១២ ត្រូវឲ្យឯងរាល់គ្នាអរសប្បាយឡើង នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងកូនប្រុស កូនស្រីឯង និងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅក្នុងទីក្រុងឯងផង ដ្បិតពួកលេវីគ្មានចំណែក គ្មានមរដកនៅជាមួយនឹងឯងទេ
១៣ ចូរប្រយ័ត្ន កុំឲ្យថ្វាយដង្វាយដុតរបស់ឯងនៅអស់ទាំងទីកន្លែងណា ដែលឯងប្រទះឃើញនោះឡើយ
១៤ គឺត្រូវថ្វាយដង្វាយដុតរបស់ឯង នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើស ក្នុងពូជអំបូរឯងណាមួយវិញ ហើយនៅទីនោះ ឯងត្រូវធ្វើតាមគ្រប់ទាំងសេចក្តី ដែលអញបង្គាប់មក។
១៥ ប៉ុន្តែឯងមានច្បាប់នឹងសំឡាប់ ហើយបរិភោគសាច់ នៅគ្រប់ទីក្រុងរបស់ឯងបាន តាមបំណងចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានពរឲ្យ ទោះទាំងអ្នកដែលមិនស្អាត និងអ្នកដែលស្អាត ក៏បរិភោគបានទាំងអស់ ដូចជាបរិភោគសាច់ឈ្លូស និងប្រើសដែរ
១៦ ប៉ុន្តែមិនត្រូវបរិភោគឈាមឡើយ ត្រូវឲ្យចាក់ចោលទៅដីដូចជាទឹកវិញ
១៧ តែនៅក្នុងទីលំនៅរបស់ឯង នោះមិនត្រូវបរិភោគដង្វាយ១ភាគក្នុង១០ ដែលហូតពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង និងកូនគោកូនចៀមក្នុងហ្វូងសត្វរបស់ឯងដែលកើតដំបូង ដង្វាយលាបំណន់ ដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត ឬដង្វាយដែលថ្វាយដោយលើកចុះឡើងនោះឡើយ
១៨ ឯដង្វាយទាំងនោះត្រូវឲ្យឯងបរិភោគ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសវិញ ព្រមទាំងកូនប្រុសកូនស្រី និងបាវប្រុសបាវស្រីឯង ហើយនឹងពួកលេវីដែលនៅទីក្រុងឯងផង ហើយត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ដោយព្រោះគ្រប់ទាំងរបស់អ្វី ដែលឯងលូកដៃទៅចាប់យកបាន
១៩ ចូរប្រយ័ត្នកុំឲ្យលះចោលពួកលេវីឡើយ រហូតដល់គ្រប់១ជីវិត ដែលឯងរស់នៅក្នុងស្រុកឯង។
២០ កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្តីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត
២១ បើសិនជាកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
២២ ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស និងប្រើសផង ទោះទាំងអ្នកមិនស្អាត និងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា
២៣ ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ
២៤ មិនត្រូវឲ្យបរិភោគឈាមឲ្យសោះ ត្រូវចាក់ចោលទៅដីដូចជាទឹកវិញ
២៥ គឺមិនត្រូវឲ្យឯងបរិភោគ ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ដោយឯងប្រព្រឹត្តតាមសេចក្តីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា
២៦ ឯអស់ទាំងដង្វាយបរិសុទ្ធ ដែលនៅជាមួយនឹងឯង និងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ
២៧ ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ និងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន
២៨ ចូរប្រយ័ត្ននឹងស្តាប់តាមគ្រប់ទាំងសេចក្តីនេះ ដែលអញបង្គាប់ដល់ឯង ដើម្បីឲ្យឯងបានសប្បាយ ព្រមទាំងកូនចៅឯងតទៅជាដរាប ដោយបានប្រព្រឹត្តសេចក្តីដែលល្អហើយទៀតត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃឯង។
២៩ កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានកាត់បណ្តាច់អស់ទាំងសាសន៍ ពីមុខឯងចេញ នៅក្នុងស្រុកដែលឯងចូលទៅចាប់យកពីគេ ហើយឯងបានបណ្តេញគេអស់ទៅ ព្រមទាំងអាស្រ័យនៅក្នុងស្រុករបស់គេផង
៣០ នោះចូរប្រយ័ត្នក្រែងត្រូវជាប់អន្ទាក់ និងបណ្តោយតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខឯងចេញហើយ ឬក្រែងឯងស៊ើបសួរតាមព្រះគេ ដោយពាក្យថា សាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះគេជាយ៉ាងដូចម្តេច អញចង់ធ្វើដូចជាគេដែរ
៣១ មិនត្រូវឲ្យធ្វើយ៉ាងដូច្នោះដល់ព្រះយេហូវ៉ា ជាព្រះនៃឯងឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេតាមអស់ទាំងសេចក្តីដែលព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើងថ្វាយដល់ព្រះគេផង
៣២ អស់ទាំងសេចក្តីណាដែលអញបង្គាប់ដល់ឯងរាល់គ្នា នោះត្រូវប្រយ័ត្ន និងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែមបញ្ចូលអ្វី ឬកាត់ចោលអ្វីឡើយ។