៨
សុលបៀតបៀនពួកសិស្ស
១ នៅថ្ងៃនោះឯង ក៏កើតមានសេចក្តីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិម ហើយពួកជំនុំត្រូវខ្ចាត់ខ្ចាយ ទៅនៅតែពាស ក្នុងស្រុកយូដា និងស្រុកសាម៉ារី លើកតែពួកសាវ័កចេញ
២ រីឯខ្មោចស្ទេផាន នោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះ បាននាំយកទៅកប់ ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង។
៣ ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក។
៤ ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល
៥ ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ
៦ ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា និងប្រុងស្តាប់អស់ទាំងសេចក្តី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ
៧ ព្រោះមានអារក្សអសោច ដែលបានចូលមនុស្សជា វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើន បានជាដែរ
៨ ហើយនៅទីក្រុងនោះ គេមានសេចក្តីអំណរជាខ្លាំង។
៩ រីឯនៅក្រុងនោះ មានមនុស្សម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកដែលពីដើមនាំឲ្យសាសន៍សាម៉ារីភាន់ភាំង ដោយវិធីមន្តអាគមរបស់ខ្លួន ទាំងប្រកាសខ្លួនថាជាអ្នកធំណាមួយ
១០ មនុស្សទាំងឡាយ ចាប់តាំងពីអ្នកតូច រហូតដល់អ្នកធំ ក៏ប្រុងផ្ចង់ស្តាប់គាត់ទាំងអស់គ្នា ដោយថា អ្នកនេះពិតជាតួព្រះចេស្តានៃព្រះដ៏ធំហើយ
១១ គេប្រុងស្តាប់គាត់ ពីព្រោះគាត់នាំឲ្យភាន់ជាយូរមកហើយ ដោយមន្តអាគមរបស់គាត់
១២ តែកាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី
១៣ ហើយស៊ីម៉ូននោះក៏ជឿដែរ លុះគាត់ទទួលបុណ្យជ្រមុជរួចហើយ នោះក៏នៅជាប់នឹងភីលីពជាដរាបទៅ ហើយគាត់កើតមានសេចក្តីអស្ចារ្យ ដោយបានឃើញទីសំគាល់ និងការឫទ្ធិបារមីជាធំដែលកើតមក។
១៤ កាលពួកសាវ័ក នៅក្រុងយេរូសាឡិម បានឮថា ស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុស និងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ
១៥ លុះអ្នកទាំង២បានចុះទៅដល់ហើយ នោះក៏អធិស្ឋានឲ្យគេ ប្រយោជន៍ឲ្យគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ
១៦ ដ្បិតព្រះវិញ្ញាណមិនទាន់ចុះមក សណ្ឋិតលើពួកគេណាមួយនៅឡើយ គេគ្រាន់តែបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ
១៧ ដូច្នេះ អ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ
១៨ កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតដោយពួកសាវ័កដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា
១៩ សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ
២០ តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ
២១ អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ
២២ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន
២៣ ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្តីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្តីទុច្ចរិតផង
២៤ ស៊ីម៉ូនឆ្លើយឡើងថា សូមលោកជួយអង្វរដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានការអ្វីមួយ ដូចលោកមានប្រសាសន៍នោះ បានកើតមកដល់ខ្ញុំឡើយ
២៥ កាលអ្នកទាំង២បានប្រឹងធ្វើបន្ទាល់អស់ពីចិត្ត ហើយប្រាប់ព្រះបន្ទូលនៃព្រះអម្ចាស់រួចហើយ នោះក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ទាំងប្រកាសប្រាប់ដំណឹងល្អ នៅក្នុងភូមិរបស់សាសន៍សាម៉ារីជាច្រើនតាមផ្លូវរៀងទៅ។
ភីលីពនាំដំណឹងល្អទៅជំរាបមន្ត្រីសាសន៍អេធីយ៉ូពី
២៦ នោះទេវតានៃព្រះអម្ចាស់ មានព្រះបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ
២៧ គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ។
២៨ លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ
២៩ ខណៈនោះ ព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ
៣០ ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ
៣១ ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា
៣២ ឯបទគម្ពីរដែលលោកកំពុងតែមើលនោះ គឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា
៣៣ នៅគ្រាដែលទ្រង់ត្រូវបន្ទាបបន្ថោក នោះគេបានដកសេចក្តីយុត្តិធម៌ចេញពីទ្រង់ទៅ តើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បាន ដ្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយ»
៣៤ អ្នកកំរៀវនោះសួរភីលីពថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ
៣៥ នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ
៣៦ កាលកំពុងតែទៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន
៣៧ ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជ្យបុត្រានៃព្រះ
៣៨ នោះលោកបង្គាប់ឲ្យបញ្ឈប់រថ រួចភីលីព និងអ្នកកំរៀវ ក៏ចុះទៅក្នុងទឹកទាំង២នាក់ ហើយភីលីព គាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ
៣៩ លុះឡើងពីទឹកមក នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឆក់យកភីលីពបាត់ទៅ ហើយអ្នកកំរៀវមិនបានឃើញគាត់ទៀតទេ ក៏ទៅតាមផ្លូវទៅដោយអរសប្បាយ
៤០ ឯភីលីព គេបានឃើញគាត់នៅក្រុងអាសូតវិញ គាត់ក៏ដើរទៅទាំងផ្សាយដំណឹងល្អនៅគ្រប់អស់ទាំងទីក្រុងរៀងទៅ រហូតទៅដល់ក្រុងសេសារា។